ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖​ក្នុងពេល​បញ្ចប់​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​រយៈពេល​មួយ​សប្តាហ៍​នៅ​ជុំវិញ​កោះ​តៃវ៉ាន់​កាលពី​ថ្ងៃ​ពុធ​ទី​១០​សីហា ចិន​បាន​ប្តេជ្ញា​មិន​អត់​ឳ​ន​សូម្បីតែ​បន្តិច​ចំពោះ​«​សកម្មភាព​​ផ្តាច់ខ្លួន​»​នៅ​តៃវ៉ាន់​ និង​បាន​បញ្ជាក់​អះអាង​ឡើងវិញ​ថា​ខ្លួន​នឹង​ចាប់​យក​កោះ​ផ្តាច់ខ្លួន​នេះ​មក​ដាក់​នៅ​ក្រោម​ការគ្រប់គ្រង​របស់​ចិន​វិញ​តាមរយៈ​ការប្រើ​កម្លាំង​ក្នុង​ករណី​ចាំបាច់​។​

​ការព្រមាន​ចេញ​ពី​រដ្ឋធានី​ប៉េកាំ​ង​បាន​កើតឡើង​ចំ​ពេល​យោធាចិន​បញ្ចប់​សមយុទ្ធ​យោធា​ធំ​បំផុត​មិន​ដែន​ធ្លាប់​មាន​នៅ​ជុំវិញ​កោះ​តៃវ៉ាន់ ជំរុញ​ឡើង​ដោយ​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានសភា​អាម៉េរិក​លោក​​ស្រី​ណាន់​ស៊ី ផេ​ឡូ​ស៊ី នៅ​កោះ​របស់​ចិន​នេះកាលពីសប្តាហ៍មុន​ទោះ​ជា​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំ​ង​បាន​ព្រមាន​ជា​បន្តបន្ទាប់​។​

​ផេ​ឡូ​ស៊ី​ក្នុងពេល​ជាមួយគ្នា​នៅ​តែ​គាំទ្រ​ដំណើរ​របស់​លោកស្រី ដោយ​ថា​លោកស្រី​មាន​មោទនភាព​ណាស់​ចំពោះ​គណៈប្រតិភូ​របស់​លោកស្រី​និង​ជឿ​​ថា​ចិន​ប្រើ​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​ជា​លេស​ដើម្បី​​ធ្វើ​សមយុទ្ធ​យោធា​សម្លុត​គំរាម​តៃវ៉ាន់​។​

​លោកស្រី​កាលពី​ថ្ងៃ​ពុធ​បាន​ប្រកាស​ចេញ​ពី​រដ្ឋធានី​វ៉ាស៊ីនតោន​មក​ថា​« យើង​នឹង​មិន​អនុញ្ញាត​អោយ​ចិន​ដាក់​តៃវ៉ាន់​អោយ​នៅ​ឯកោ​ឡើយ​»​។​

​ការិយាល័យ​កិច្ចការ​តៃវ៉ាន់​របស់​ចិន​កាលពី​ថ្ងៃ​ពុធ​បាន​ចេញ​សៀវភៅ​ស​មួយ ដោយ​បង្ហាញ​អំពី​បំណង​នាំ​កោះ​តៃវ៉ាន់​មក​នៅ​ក្រោម​ការគ្រប់គ្រង​របស់​រដ្ឋាភិបាលកណ្តាល តាមរយៈ​គំនិត​ផ្តួចផ្តើម​សេដ្ឋកិច្ច​​មួយចំនួន រួម​ទាំង​សម្ពាធ​យោធា​។​

​ឯកសារ​នេះ​បាន​និយាយថា​«​យើង​ត្រៀម​បង្កើត​ឳ​កាស​ដ៏​ធំ​សំ​រាប់ការ​បង្រួប​បង្រួម​ដោយ​សន្តិវិធី​តែ​យើង​នឹង​មិន​ទុក​ឳ​កាស​សំរាប់​សកម្មភាព​ផ្តាច់ខ្លួន​ឡើយ​ទោះជា​ក្នុង​ទំរង់​ណាក៏ដោយ​។​ចិន​នឹង​មិន​ច្រាន​​ចោលការ​ប្រើ​កម្លាំង យើង​រក្សា​ទុក​ជំរើស​ក្នុង​ការចាត់វិធានការ​គ្រប់យ៉ាង​ទាំងអស់​»​។​

​វា​បាន​បន្ថែមថា «​ទោះជា​យ៉ាងណា យើង​នឹង​ត្រូវ​បង្ខំ​អោយ​ចាត់វិធានការ​គំហ៊ុក​ដើម្បី​ច្រើន​តប​ទៅ​នឹង​ការ​បង្ករឿង​ពី​សមាសភាព​ផ្តាច់ខ្លួន ឬ​កម្លាំង​ពី​ខាងក្រៅ​បើសិនជា​ពួកគេ​ឆ្លង​ហួស​បន្ទាត់​ក្រហម​»​។​

​ចុងបញ្ចប់​ឯកសារ​សៀវភៅ​ស​នេះ​បាន​បញ្ជាក់ថា «​តៃវ៉ាន់​មិន​ជា​រដ្ឋ​មួយ ឋានៈ​របស់​វា​ត្រឹម​ជា​ផ្នែក​មួយ​នៃ​ទឹកដី​ចិន​ដោយ​មិន​អាច​កែប្រែបាន​»​។​

​ទោះជា​យ៉ាងណា ក្រុមប្រឹក្សា​កិច្ចការ​ចិនដីគោក​របស់​អាជ្ញាធរ​តៃវ៉ាន់​បាន​ចេញ​មក​បដិសេធ​សៀវភៅ​ស​នេះ​ភា្ល​ម​និង​ថា​«​ឯកសារ​នេះ​ពោរពេញ​ដោយ​…​ការ​កុហក​»

​យោធា​ចិន​ប្រកាស​បញ្ចប់​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​នៅ​ជុំវិញ​កោះ​តៃវ៉ាន់​កាលពី​ថ្ងៃ​ពុធ តែ​ថា​ខ្លួន​«​នៅ​រក្សា​ការបើក​និង​ហោះ​ល្បាត ហ្វឹកហាត់​យោធា​ជាប្រចាំ និង​ត្រៀម​ធ្វើសង្គ្រាម​»៕

​តៃវ៉ាន់​កាលពី​ថ្ងៃ​ពុធ​បាន​សង្កេត​ឃើញ​យន្តហោះ​ចិន​៣៦​គ្រឿង​និង​នាវា​ដប់​គ្រឿង​បន្តធ្វើ​ប្រតិបត្តិការ​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់ ដោយ​យន្តហោះ​ប្រាំពីរ​គ្រឿង​បាន​ហោះ​ហួស​ខ្សែបន្ទាត់​កណ្តាល​នៃ​ច្រក​សមុទ្រ​​តៃវ៉ាន់​