ដោយ​៖ សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​៖ កីឡា​កាយសម្ព័ន្ធ​នឹង​ចេញទៅ​ប្រកួត​ជើងឯក​អាស៊ី​ឆ្នាំ​២០២២ (7th AEROBIC GYMNASTICS ASIAN CHAMPIONSHIPS) នៅ​ប្រទេស​ថៃ នា​ចុងខែ​នេះ​។​

​ការប្រកួត​នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី​៣១ ខែសីហា ដល់​ថ្ងៃទី​៦ ខែកញ្ញា​។ លោក ណ​យ ផាន់​ណា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​បាន​ឲ្យ​ដឹងថា​ក្នុងទិសដៅ​របស់​សហព័ន្ធ​ត្រូវតែ​យក​ឲ្យ​បាន​នូវ​មេដាយ​ណាមួយ​សម្រាប់​ព្រឹត្តិការណ៍​ខាងលើ ដើម្បី​មុខមាត់​ប្រទេសជាតិ បើ​ទោះ​ប្រទេស​ចូលរួម​សុទ្ធតែ​ខ្លាំងៗ​ក៏ដោយ​។ ការ​ចេញទៅ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​គឺជា​រឿង​ចាំបាច់​ខ្លាំង​បំផុត​សម្រាប់​កីឡាករ​កីឡាការិនី​កាយសម្ព័ន្ធ​កម្ពុជា ដើម្បី​វាស់​ស្ទង់​សមត្ថ​ភាព សម្រាប់​កំណត់​ទិសដៅ​ក្នុងការ​ត្រៀមខ្លួន​ឲ្យ​បាន​កម្រិត​ខ្ពស់​សម្រាប់​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​ដែល​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​។​

​លោក​បន្ដថា​វា​ពិតជា​កត្តា​ដ៏​សំខាន់បំផុត​នៃ​ការចូលរួម​ប្រកួត​លក្ខណៈ​អន្តរជាតិ​ដូចជា​ជើងឯក​អាស៊ីអាគ្នេយ៍ ឬក៏​ជើងឯក​ពិភពលោក​នោះ​។ វា​ជា​កត្តា​សំខាន់​សម្រាប់​​ពង្រឹងសមត្ថភាព​ជាពិសេស​ពង្រឹង​នូវ​សមិទ្ធផល​កីឡាករ​កីឡាការិនី​យើង​។ យើង​ធ្វើយ៉ាងណា​ឲ្យ​មានការ​ចូលរួម​ប្រកួត​ឲ្យ​បាន​ច្រើន​តាម​ដែល​អាចធ្វើ​ទៅបាន ដើម្បី​ស្វែងរក​ការអភិវឌ្ឍ​កម្រិត​បច្ចេកទេស​ឆ្ពោះទៅរក​គោលបំណង​ជាក់លាក់​មួយ​ដែល​កម្ពុជា​នឹង​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​។ ការចូលរួម​លើក​នេះ​ទៀតសោត យើង​បានដាក់​គោលដៅ​របស់​យើង​ថា ត្រូវតែ​ស្វែងរក​មេដាយ​ឲ្យ​បាន មិន​ថា មាស ប្រាក់ ឬក៏​សំរឹទ្ធ​នោះទេ​។​

លោក​អគ្គលេខាធិការ​បា​ន​បន្ថែមទៀតថា​ប្រទេស​ដែល​ចូល​រួមមាន​ចំនួន​១២​សុទ្ធតែជា​ប្រទេស​ខ្លាំងៗ​ប៉ុន្តែ​កីឡាករ​កីឡាការិនី​កាយសម្ព័ន្ធ​កម្ពុជា​បាននិងកំពុង​ប្រឹងប្រែង​ហ្វឹកហាត់​​យ៉ាង​យកចិត្តទុកដាក់​ដើម្បី​ត្រៀម​ការប្រកួត​មួយ​នេះ​ក៏ដូចជា​ក្នុងការ​ត្រៀមខ្លួន​ឆ្ពោះទៅ​ស៊ី​ហ្គេម​២០២៣​។
​ការ​ចេញទៅ​ប្រកួត​លើក​នេះ​មាន​កីឡាករ​កីឡាការិនី​ប្រតិភូ និង​មន្ត្រី​ចូលរួម​សរុប​១៨នាក់ ក្នុងនោះ​មាន​ចៅក្រម​អន្តរជាតិ​ពីរ​នាក់ មាន​គ្រូបង្វឹក និង​គ្រូ​ជំនួយ​៣​នាក់ ហើយ​មាន​កីឡាការិនី​៨​នាក់ និង​កីឡាករ​៥​នាក់​។​

​សម្រាប់​ព្រឹត្តិការណ៍ AEROBIC GYMNASTICS ASIAN CHAMPIONSHIPS សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​ធ្លាប់បាន​ចូលរួម​ប្រកួត​២​លើក​រួចមកហើយ​គឺ​នៅ​ប្រទេស​​វៀតណាម​កាល​ឆ្នាំ​២០១៤ និង​២០១៦ ។ សម្រាប់​ឆ្នាំ​២០១៤ គឺ​ធ្លាប់​ឈ្នះ​មេដាយ​សំរឹទ្ធ​១​គ្រឿង និង​ឆ្នាំ​២០០១៦ ឈ្នះ​មេដាយ ប្រាក់​១​គ្រឿង និង​សំរឹទ្ធ​១​គ្រឿង​ផងដែរ​៕​