ដោយៈប.ខុន/ភ្នំពេញៈ ទឹកទន្លេស្រែពកបានឡើងហួសពីកម្រិតត្រូវប្រកាសឱ្យមានការប្រុងប្រយ័ត្នហើយនៅព្រឹកថ្ងៃទី១១ខែសីហាទឹកនៅបន្តកើនឡើងខ្លាំងថែមទៀត ឯទឹកទន្លេមេគង្គនៅស្ថានីយជលសាស្ត្រទន្លេបាសាក់ ចតុមុខបន្តហក់ឡើងខ្លាំងរយៈពេលពីរទៅបីថ្ងៃទៀតទើបថបថយបន្តិចវិញ បន្ទាប់ពីឡើងដល់កម្រិតកម្ពស់ជិត៨ម៉ែត្រនៅពេលពីរទៅបី ថ្ងៃខាងមុខ។

លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹកនិងឧតុនិយមបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី១១ខែសីហាឆ្នាំ២០២២ថា ទឹកទន្លេមេគង្គនៅស្ថានីយជលសាស្ត្រទន្លេបាសាក់ ចតុមុខបន្តហក់ឡើងខ្លាំង(មួយថ្ងៃជាងកន្លះម៉ែត្រ)រយៈពេលពីរទៅបីថ្ងៃទៀត អាចធ្វើឱ្យកម្រិតកម្ពស់ទឹកនៅចតុមុខឡើងដល់កម្ពស់៧,៩០ម៉ែត្រ ទើបការឡើងមាន កម្រិតយឺតវិញ។ ទឹកទន្លេមេគង្គនៅខុងជាមក្នុងប្រទេសឡាវបន្តជន់ឡើង តែមិនឡើងខ្លាំងដូចពីរថ្ងៃមុននោះទេ។

ចំណែកទឹកទន្លេស្រែពកវិញអ្នកនាំពាក្យក្រសួងជំនាញខាងលើបញ្ជាក់ថាទឹកនៅបន្តកើនឡើងដោយនៅម៉ោង៩ព្រឹកថ្ងៃទី១១ខែសីហាទឹកបានឡើងដល់កម្រិតកម្ពស់១២,៨០ម៉ែត្រនៅលំផាត់ គឺឡើងហួសពីកម្រិតកម្ពស់ត្រូវប្រកាសឱ្យមានការប្រុងប្រយ័ត្ននៅកម្ពស់១២,៥០ម៉ែត្រនោះហើយនិងនៅបន្តជន់ឡើងថែមទៀត ។ ឯ ទឹកស្ទឹងសែននៅក្នុងខេត្តកំពង់ធំក៏បានហក់ឡើងខ្លាំងដែរព្រឹកថ្ងៃទី១១ខែសីហានេះតែមិនទាន់ឈានដល់មានការប៉ះពាល់នៅឡើយទេ។

តាមព្រឹត្តិប័ត្រព័ត៍មាននិងព្យាករកម្ពស់ទឹកដោយក្រសួងធនធានទឹកសម្រាប់ថ្ងៃទី១១ខែសីហាឆ្នាំ២០២២បានបង្ហាញឱ្យឃើញថា ទឹកទន្លេមេគង្គនៅខេត្ត ស្ទឹងត្រែងមានកម្ពស់៨,៨០ម៉ែត្រ ខ្ពស់ជាងថ្ងៃទី១០ខែសីហា០,៧២ម៉ែត្រ នៅខេត្ត ក្រចេះមានកម្ពស់១៨,៤៤ម៉ែត្រ ខ្ពស់ជាងថ្ងៃទី១០ខែសីហា១,៧៩ម៉ែត្រ នៅខេត្ត កំពង់ចាមទឹកមានកម្ពស់១១,១៦ម៉ែត្រ ខ្ពស់ជាងថ្ងៃទី១០ខែសីហា១,២៩ម៉ែត្រ នៅទន្លេបាសាសក់ ចតុមុខ រាជធានីភ្នំពេញទឹកមានកម្ពស់៦,៣៩ម៉ែត្រ ខ្ពស់ជាងថ្ងៃទី១០ខែសីហា០,៥៤ម៉ែត្រ នៅអ្នកលឿងទឹកមានកម្ពស់៤,៣៧ម៉ែត្រ ខ្ពស់ជាងថ្ងៃទី១០ខែសីហា០,៣៣ម៉ែត្រនៅទន្លេបាសាក់កោះខែលទឹកមានកម្ពស់៥,៨០ម៉ែត្រ ខ្ពស់ជាងថ្ងៃទី១០ខែសីហា០,៤៤ម៉ែត្រ នៅទន្លេសាបព្រែកក្តាមទឹកមានកម្ពស់៥,២៦ម៉ែត្រ ខ្ពស់ជាងថ្ងៃទី១០ខែសីហា០,៣៨ម៉ែត្រ នៅបឹងទន្លេ សាបក្រគរ កំពង់លួង ទឹកមានកម្ពស់៣,៩៣ម៉ែត្រខ្ពស់ជាងថ្ងៃទី១០ខែសីហា០,០៣ម៉ែត្រ។

តាមការព្យាកដដែលបង្ហាញថាទឹកទន្លេមេគង្គនៅ ទន្លេបាសាក់ ចតុមុខ អាចនឹងឡើងដល់កម្ពស់៧,៩៦ម៉ែត្រនៅថ្ងៃទី១៤ខែសីហា នៅខេត្តស្ទឹងត្រែង ទឹកអាចឡើងដល់កម្ពស់៩,៣៧ម៉ែត្រ នៅក្រចេះទឹកអាចឡើងដល់កម្ពស់១៩,៧៨ម៉ែត្រ និងនៅខេត្តកំពង់ចាមទឹកអាចឡើងដល់កម្ពស់១៣,០៤ម៉ែត្រគឺឡើងមិនទាន់ដល់កម្រិតកម្ពស់ត្រូវប្រកាសឱ្យមានការប្រុងប្រយ័ត្នអំពីទឹកជំនន់នៅឡើយទេ។
ក្រសួងធនធានទឹកនិងឧតុនិយមបានព្យាករណ៍កាលពីដើមរដូវវស្សាថាទឹកទន្លេមេគង្គនៅចតុមុខក្នុងរដូវវស្សាឆ្នាំ២០២២នេះ អាចឡើងដល់កម្រិតកម្ពស់ជាង៩,៦៥ម៉ែត្រ ចាត់ទុកជាប្រភេទជំនន់មធ្យម៕