​ដោយៈ គង់​ហេង / កំពង់ចាមៈ ផ្លូវ​បេតុង​ស្ថាបនា​របៀប​ជា​ស្ពាន​លើដី ដែលមាន​ទទឹង​ទំហំ ប្រាំបី ម៉ែត្រ ចម្ងាយ​ប្រវែង​ប្រមាណ ១៤០ ម៉ែត្រ ឆ្លងកាត់​ជើងភ្នំ​ហាន់ជ័យ ក្នុង​តំបន់​រមណីយដ្ឋាន ស្ថិតនៅ​ទឹកដី​ស្រុក​កំពង់សៀម មកដល់ពេលនេះ នៅសល់​ការងារ ប្រហែល ១៥ ភាគរយ ទៀត​ប៉ុណ្ណោះ នឹង​ស្ថាបនា​រួចរាល់​ជា​ស្ថាពរ​។ នេះ​បើ​យោងតាម ការ​ឱ្យដឹងពី​លោក សុខ លឹម​ហៀ​ង ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជ​ញ្ជួ​ន ខេត្តកំពង់ចាម នៅ​ថ្ងៃទី​១១ សីហា នេះ ។​

​លោក​ប្រធាន​មន្ទីរ​រូបនេះ បានឱ្យដឹងថាៈ ក្នុងនោះ ការងារ​នៅសល់ ចំនួន ១៥ ភាគរយ មានដូចជា ការចាក់​សាប កម្រាស់ ០,១៦ ម៉ែត្រ ចំនួន​មួយ​ប្រឡោះ បង្កាន់ដៃ និង​ការងារ ចាក់សាប នៅ​ក្បាលស្ពាន​ម្ខាង​ទៀត គឺ​ខាង​លោក​បាន​ជំរុញ​ដល់ ខាង​ក្រុម​ជាង​ស្ថាបនា ស្ពាន​លើដី​នេះ ធ្វើយ៉ាងណា នឹង​ហើយ​រួចរាល់​ក្នុង​រង្វង់​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ខាងមុខនេះ​។​

​គួរ​បញ្ជាក់ថា ផ្លូវ​បេតុង សាងសង់​ជា​ស្ពាន​ខាងលើ ដែល​បាន និង​កំពុង​ស្ថាបនា​ដោយ ក្រុម​ជាង​របស់​នាយកដ្ឋាន​វិស្វកម្ម នៃ​ក្រសួងការពារជាតិ​នេះ បានចាប់ផ្តើម​ស្ថាបនា នៅក្នុង​កំឡុង​ចុងខែ​តុលា ឆ្នាំ​២០២១ គឺ​តាម​ផែនការ នឹង​ប្រើប្រាស់​ពេលវេលា នៃ​ការសាងសង់ រយៈពេល​មួយឆ្នាំ​កន្លះ ស្មើនឹង ១៨ ខែ​។ ប៉ុន្តែ​ជាក់ស្តែង អាច​នឹង​ហើយ​មុន​ផែនការ ដោយ​ប្រើប្រាស់ ពេលវេលា​ប្រមាណ ចំនួន ១០ ខែ​ប៉ុណ្ណោះ ៕/V​