ដោយៈ សុខុម / រតនគិរីៈ គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២២ លោក ញ៉ែម សំអឿន អភិបាលខេត្ត​រតនគិរី អមដំណើរ​ដោយ​អភិបាលរង​ខេត្ត ប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត ចុះ​ពិនិត្យ និង​វាយតម្លៃ​លើ​ផលប៉ះពាល់ បណ្តាលមកពី​ទឹកជំនន់ ទន្លេស្រែពក ក្នុងស្រុក​លំផាត់​។ ជាមួយ​នោះ ប្រជាពលរដ្ឋ​មួយចំនួន ត្រូវបាន​ជម្លៀស ទៅកាន់​ទីទួល​សុវត្ថិភាព​។​

​មន្ត្រី បានឱ្យដឹងថា មេឃ​នៅ​បន្ត​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់ ទឹក​ទន្លេស្រែពក និង​ទន្លេសេសាន បាន​ហក់​ឡើង​។ គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១១ សីហា​នេះ ទន្លេសេសាន បាន​ស្រក​ចុះ រក​ស្ថានភាព​ដើម​វិញ ប៉ុន្តែ​ទន្លេស្រែពក កំពុង​បន្ត​ឡើង ក្នុង​ល្បឿន​យឺត​។ ទឹក​ទន្លេស្រែពក មាន​កម្ពស់ ១២,៨២ ម៉ែត្រ កម្រិត​ប្រកាសអាសន្ន ១២,៥០ ម៉ែត្រ ក្នុងនោះ បាន​បណ្តាល​ឲ្យ​ជន់​លិច នៅតាម​ទីតាំង​ទំនាប បង្ក​ផលប៉ះពាល់​ដល់​ពលរដ្ឋ ប្រមាណ ១០៨ គ្រួសារ ដំណាំ​កសិកម្ម ៧៣៥ ហិកតា និង​ផ្លូវ​គមនាគមន៍ ២.៣៩០ ម៉ែត្រ​។​

​ស្ថានភាព​នេះ អាជ្ញាធរ កំពុង​គៀងគរ និង​អន្តរាគមន៍​ជម្លៀស​ពលរដ្ឋ​មួយចំនួន ដែល​ប៉ះពាល់​ខ្លាំង ព្រមទាំង​ទ្រព្យសម្បត្តិ សត្វពាហនៈ ឡើងមក​ទីទួល​សុវត្ថិភាព ដែល​បានរៀបចំ ដោយ​អាជ្ញាធរ ៕/V​