ដោយ៖តារារិទ្ធ(ភ្នំពេញ)សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានអញ្ជើញបូជាគ្រឿងសក្ការៈចេតីយ៍តម្កល់សពសម្តេចឧត្តមទេពញាណ ហ៊ុន ណេង នៅព្រឹក ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ នេះភូមិអណ្តូងច្រុះ ឃុំអំពិល ស្រុកកំពង់ សៀម ខេត្តកំពង់ចាម ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន លោកស្រី លាង វួច ឆេង ហ៊ុនណេង ព្រមទាំងក្រុមគ្រួសារ បានមូលមតិគ្នាជាឯកច្ឆ័ន្ទប្រារព្វពិធីបុណ្យគម្រប់ខួប១០០ថ្ងៃឧទ្ទិសកុសលជូនដល់ដួងវិញញញាណក្ខន្ធសម្តេចឧត្តម ទេពញាណ ហ៊ុន ណេង ដែលបានធ្វើកម្មកិរិយាមរណភាពលាចាកលោកទៅកាន់លោកខាងមុខគម្រប់១០០ថ្ងៃ ត្រូវនឹងថ្ងៃទី១១និងទី១២ខែសីហា ឆ្នាំ២០២២ ។
នៅក្នុងពិធីតាមបែបសាសនាក្រោមកិច្ចដឹកនាំរបស់អ្នកឧកញ៉ាភក្តី ហេង គឹមគុណ ធម្មការព្រះបរមរាជវាំងបានធ្វើការបូងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបីថែរក្សាក្នុងចក្រវាឡ បារមីវត្ថុស័ក្តិសិទ្ធថែរក្សាការពារម្ចាស់ទឹកម្ចាស់ដី នៃរម្មណីដ្ឋានភ្នំប្រុស នៃទឹកដីភូមិអណ្តូងច្រុះ ឃុំអំពិល ស្រុកកំពង់ សៀម ខេត្តកំពង់ចាម ពិសេសវិញ្ញាណក្ខន្ធ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ដែលបានធ្វើកម្មកិរិយាលាចាកលោកយើងនេះ ទៅកាន់លោកខាងមុខគម្រប់ ១០០ថ្ងៃហើយនោះ សូមជួយឃុំគ្រងថែរក្សាការពារ និងការប្រារព្វពិធីបុណ្យគម្រប់ខួប ១០០ថ្ងៃរបស់ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ប្រព្រឹត្តិទៅដោយភាពសុខដុមរមនា ត្រជាក់ត្រជុំថ្កើនថ្កានដល់គ្រប់ក្រុមគ្រួសារទាំងអស់ ពិសេសដើម្បីឧទ្ទិសវិញ្ញាណក្ខន្ធ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង បាន យោង យិតទៅកាន់ឋានបរមសុខ សុគតិភពកុំបី ឃ្លាងឃ្លាតដោយប្រការណាមួយឡើយ។
សូមបញ្ជាក់ថាចេតីយ៍តម្កល់សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ត្រូវបានកសាងឡើងក្រោមរចនាបថសម័យទំនើបមានទំហំ១១ម៉ែត្របួនជ្រុង និងកម្ពស់ ៣៣ម៉ែត្របំពាក់ទៅដោយគ្រឿងរចនាបថខ្មែរនិងការស្ថាបនាសួនឧទ្យានភ្លើងបំពាក់ផ្លូវថ្នល់និងហេដ្ឋារចនាសម្ព័ន្ធដទៃទៀត៕