ដោយៈ ប​.​ខុន / ភ្នំពេញៈ ព្យុះ​ទី​៧ បាន​រលាយ​ហើយ នៅ​ព្រឹក​ថ្ងៃទី​១១ ខែសីហា បន្ទាប់ពី​បាន​ដើរកាត់​លើ​ប្រទេស​វៀតណាម ខាងជើង រហូត​ទៅដល់​ក្នុងប្រទេស​ឡាវ ធ្វើឱ្យ​ផ្ទៃមេឃ នៅ ក្នុងប្រទេស​កម្ពុជា នៅ​បន្ត​អាប់អួរ​មួយថ្ងៃ​នេះ​ទៀត ជាមួយនឹង​ការធ្លាក់​ភ្លៀង កម្រិត​ខ្សោយ រហូតដល់​ព្រឹក​ថ្ងៃទី​១២ ខែសីហា បន្ទាប់ពី​មាន​ភ្លៀង ធ្លាក់​ជោគជាំ ដល់​កម្រិត​ជាង ១០០ មី​លី​ម៉ែត្រ នៅ​ខេត្ត​ព្រះសីហនុ និង​ខេត្តកោះកុង រួចមក​។​

​លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង នៅ​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២២​ថាៈ ព្យុះ​ទី​៧ នៅ​ព្រឹក ថ្ងៃទី​១១ ខែសីហា​នេះ វា​បាន​ឡើងគោក ហើយ​បន្តដំណើរ ក្នុង​កម្រិត​ជា​វិ​សម្ពាធ ចូល​ជ្រៅ ទៅដល់​ក្នុង​ទឹកដី​ប្រទេស​ឡាវ បន្ទាប់ពី​បាន​ដើរកាត់ លើ​ប្រទេស​វៀតណាម ខាងជើង​។ ឯ​ស្ថានភាព​អាកាសធាតុ នៅក្នុង​ប្រទេស​កម្ពុជា ផ្ទៃមេឃ នៅ មាន​សភាព​អាប់អួរ មួយថ្ងៃ​នេះ​ទៀត​។​

​អ្នកនាំពាក្យ​ក្រសួង​ជំនាញ​ខាងលើ បាន​និយាយ​ឱ្យដឹងទៀតថាៈ សម្រាប់​តំបន់​មាត់សមុទ្រ នៅមាន​ភ្លៀងរលឹម និង​ខ្យល់ មួយថ្ងៃ​នេះ​ទៀត តែ​ដល់​ព្រឹក​ថ្ងៃស្អែក ផ្ទៃមេឃ​ស្រឡះ​វិញ រហូតដល់​ក្រោយ​ថ្ងៃទី​១៥ ខែសីហា ទើប​មាន​ភ្លៀង​ធ្លាក់ មក​ច្រើន​ជាថ្មី​។​

​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង នៅ​ថ្ងៃទី​១១ ខែសីហា​នេះ​ថាៈ ភ្លៀង​ធ្លាក់​បន្តបន្ទាប់​លើ​ក្រុងព្រះសីហនុ ពេញ​មួយ​យប់ មាន​កម្រិត ដល់ ១០៨ មី​លី​ម៉ែត្រ បានធ្វើឱ្យ​មានការ​លិចលង់ នៅ​កន្លែង​ទំនាប​មួយចំនួន ក្នុង​រយៈពេល​ខ្លី តែ​ថ្ងៃ​បន្តិច ទឹកបាន​ស្រក​អស់​ទៅវិញ​។​

​លោក ហេង សោភ័ណ​រិ​ទ្ធ ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា ដឹង នៅ​ថ្ងៃទី​១១ ខែសីហា​ថាៈ ភ្លៀងរលឹម​ពេញ​មួយ​យប់ ដល់​ព្រឹក​លើ​ក្រុងព្រះសីហនុ មាន​កម្រិត​ដល់ ១០៨ មី​លី​ម៉ែត្រ ធ្វើឱ្យមាន​ទឹក​លិច ដោយសារ​ហូរ​មិនទាន់ នៅ​ភូមិ​ទឹកភ្នែក តែ​ថ្ងៃ​បន្តិច ទឹកបាន​ស្រក​អស់​ទៅវិញ​។ ថ្ងៃនេះ មេឃ​មាន​សភាព​ស្រឡះ​បន្តិច និង​ខ្យល់ ក៏​ខ្សោយ​ដែរ​។ បរិមាណ​ទឹកភ្លៀង​ធ្លាក់ រយៈពេល ២៤ ម៉ោង នៅ​ស្រុក​កំពង់សីលា មាន​កម្រិត ៣៥ មី​លី​ម៉ែត្រ នៅ​ស្រុក​ព្រៃនប់ ៧១ មី​លី​ម៉ែត្រ នៅ​ស្រុក​ស្ទឹងហាវ ៨៦ មី​លី​ម៉ែត្រ និង​នៅ​ក្រុងព្រះសីហនុ មាន​កម្រិត ១០៨ មី​លី​ម៉ែត្រ​។​

​របាយ​ទឹកភ្លៀង ធ្លាក់​រយៈពេល ២៤ ម៉ោង ត្រឹម​ព្រឹក​ថ្ងៃទី​១១ ខែសីហា នៅ​ខេត្ត​ព្រះសីហនុ មាន​កម្រិត​ពី ៣៥ ដល់ ១០៨ មី​លី​ម៉ែត្រ​, ខេត្ត​ឧ​ត្ត​រ​មានជ័យ មាន​កម្រិត​ពី​តិច ដល់ ៤៣ មី​លី​ម៉ែត្រ​, ខេត្ត​ប៉ៃលិន មាន​កម្រិត​ពី ៦ ដល់ ២៤ មី​លី​ម៉ែត្រ​, ខេត្តរតនគិរី មាន​កម្រិត​ពី​តិច ដល់ ២៧ មី​លី​ម៉ែត្រ​, ខេត្តកំពង់ធំ មាន​កម្រិត​ពី ១៧ ដល់ ១៩ មី​លី​ម៉ែត្រ​, ខេត្តកោះកុង មាន​កម្រិត​ពី ៥៩ ដល់ ១៣៥ មី​លី​ម៉ែត្រ​, ខេត្តបាត់ដំបង មាន​កម្រិត​ពី ១៥ ដល់ ២២ មី​លី​ម៉ែត្រ​, ខេត្តកំពង់ឆ្នាំង មាន​កម្រិត​ពី ២ ដល់ ៤២ មី​លី​ម៉ែត្រ​, ខេត្តស្ទឹងត្រែង មាន​កម្រិត​ពី ១៣ ដល់ ៣៨ មី​លី​ម៉ែត្រ​, ខេត្តព្រះវិហារ មាន​កម្រិត​ពី ៥ ដល់ ៣៩ មី​លី​ម៉ែត្រ​, ខេត្តសៀមរាប មាន​កម្រិត​ពី​តិច ដល់ ៤១ មី​លី​ម៉ែត្រ​, ខេត្តកណ្តាល មាន​ភ្លៀង​តិចតួច កម្រិត​ផ្សែង​ក្រូច​, ខេត្តក្រចេះ មាន​ភ្លៀង​កម្រិត​ពី​តិច ដល់ ២៧ មី​លី​ម៉ែត្រ​, ខេត្តបន្ទាយមានជ័យ មាន​ភ្លៀង​កម្រិត​ពី​តិច ដល់ ២៦ មី​លី​ម៉ែត្រ​, ខេត្តមណ្ឌលគិរី មាន​ភ្លៀង​កម្រិត​ពី ៦ ដល់ ៨៦ មី​លី​ម៉ែត្រ​, ខេត្តកំពង់ស្ពឺ មាន​ភ្លៀង កម្រិត​ពី​តិច​ដល់ ២១ មី​លី​ម៉ែត្រ​, ខេត្ត​កែប មាន​ភ្លៀង​កម្រិត​ពី ១២ ដល់ ២៤ មី​លី​ម៉ែត្រ​, ខេត្តតាកែវ មាន​ភ្លៀង​កម្រិត​ពី ៤ ដល់ ១៧ មី​លី​ម៉ែត្រ​, ខេត្តពោធិសាត់ មាន​ភ្លៀង​ពី​តិច ដល់ ២៨ មី​លី​ម៉ែត្រ​, ខេត្តកំពត មាន​ភ្លៀង​កម្រិត​ពី​តិច ដល់ ១៣ មី​លី​ម៉ែត្រ និង​ខេត្តកំពង់ចាម មាន​ភ្លៀង​កម្រិត​ពី​តិច ដល់ ១៦ មី​លី​ម៉ែត្រ​។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​៩ ខែសីហា បាន​ជូនដំណឹង ស្តីពី​ការ​ព្យាករ ធាតុអាកាស សម្រាប់​ពីថ្ងៃ​ទី​១០ ដល់​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០២២​ថាៈ នៅ​ចន្លោះ ពីថ្ងៃ​ទី​១០ ដល់ ១៣ ខែសីហា ប្រទេស​កម្ពុជា ទទួលរង​ឥទ្ធិពល ពី​ជ្រលង​នៃ​ប្រព័ន្ធ សម្ពាធ​ទាប ( ITCZ ) អូសបន្លាយ​កាត់​លើ​ភាគ​ខាងជើង ប្រទេស​ថៃ ,​ឡាវ​, វៀតណាម រួម​ជាមួយនឹង​ឥទ្ធិពល​ព្យុះ​ទី​៧ ឈ្មោះ មូ​ឡេ​ន (MULAN) ដែរ​មានដំណើរ​ឆ្ពោះទៅ ភាគ​ខាងជើង នៃ​ប្រទេស​វៀតណាម នៅ​ថ្ងៃទី​១១ ខែសីហា​។​

​ក្នុង​សេចក្តីជូនដំណឹង បាន​សរសេរ​ទៀតថាៈ នៅ​អំឡុង​ពេលនោះ ខ្យល់មូសុង​និរតី បន្ត​បក់​ខ្លាំង​មកលើ​តំបន់​មាត់សមុទ្រ​។ បន្ទាប់ពីនោះ ប្រទេស​កម្ពុជា នឹង​ទទួលរង​ឥទ្ធិពល ពី​ជ្រលង​សម្ពាធ​ទាប​ឥណ្ឌា និង​ខ្យល់មូសុង​និរតី​ខ្សោយ​។ អាច​បង្កឱ្យមាន​ភ្លៀង​ធ្លាក់ ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​បង្គួរ លាយឡំ​ទៅដោយ​ផ្គរ រន្ទះ​និង​ខ្យល់​កន្ត្រាក់​។​

​នៅក្នុង​សេចក្តីជូនដំណឹង បានសរសេរថាៈ ស្ថានភាព​បែប​ខាងលើ ធ្វើ​ឲ្យ​បណ្តា​ខេត្ត នៅ​តំបន់​វាលទំនាប​កណ្តាល មាន​សីតុណ្ហភាព អប្បបរមា​ពី ២៣ ទៅ ២៥ អង្សា​សេ និង​សីតុណ្ហភាព អតិបរមា មាន​ពី ៣៣ ទៅ ៣៥ អង្សា​សេ​។ អាចមាន​ភ្លៀង​ធ្លាក់ នៅក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម​ក្នុងនោះ អាចមាន​ភ្លៀង​ធ្លាក់​បង្គួរ ដោយ​អន្លើ លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។​

​សម្រាប់​បណ្តា​ខេត្ត នៅជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ភាគ​ឦសាន មាន​សីតុណ្ហភាព អប្បបរមា​ពី ២២ ទៅ ២៤ អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា មាន​ពី ៣៣ ទៅ ៣៥ អង្សា​សេ​។ អាចមាន​ភ្លៀង នៅក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ លាយឡំ​ទៅដោយ ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។​

​តំបន់​មាត់សមុទ្រ មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី ២៣ ទៅ ២៥ អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា មាន​ពី ៣១ ទៅ ៣៣ អង្សា​សេ​។ នៅ​ចន្លោះ​ថ្ងៃទី​១០ ដល់ ១២ ខែសីហា អាចមាន​ភ្លៀង​ធ្លាក់​ច្រើន ដែលជា​ហេតុ​ធ្វើ​ឲ្យ​ផ្នែក​មួយចំនួន នៅក្នុង​ភូមិសាស្ត្រ ខេត្តកោះកុង និង​ខេត្ត​ព្រះសីហនុ ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង ។ នៅលើ​ផ្ទៃសមុទ្រ អាចមាន​ភ្លៀងខ្យល់ បក់បោក​ខ្លាំង និង​មាន​រលក​សមុទ្រ​ខ្ពស់ ។ បន្ទាប់ពីនោះ ភ្លៀង​នឹង​ថមថយ មក​ក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម​៕/V​