ដោយ​៖ ដេប៉ូ / ភ្នំពេញ​៖ ប្រទេស​កម្ពុជា​និង​វៀតណាម ពិត​ជាមាន​មោទនភាព​ណាស់ ដែល​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​គណៈ​ចលនា​មហាជន​នៃ​មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម និង​គណៈ​ចលនា​មហាជន​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ក៏​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុងការ​ធ្វើឱ្យមាន​ការរីក​ចម្រើន​ដ៏​ល្អប្រសើរ​នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​គណបក្ស រដ្ឋាភិបាល និង​ប្រជាជន​នៃ​ប្រទេស​យើង​ទាំងពីរ ស្របតាម​ទិស​ស្លោក «​ភាពជា​អ្នកជិតខាង​ល្អ មិត្ត​ភាពជា​ប្រពៃណី កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ និង​ស្ថិរភាព​យូរអង្វែង​» ។ នេះ​ជាការ​ថ្លែង​បញ្ជាក់​ពី​សំណាក់ លោក អ៊ិត សំហេង សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា អនុប្រធាន​គណៈ​ចលនា​មហាជន និង​ជា​ប្រធាន​គណៈ​ចលនា​សហជីព និង​ចលនា​កម្មករនិយោជិត​តាម​រោងចក្រ សហគ្រាស គ្រឹះស្ថាន​។

​គួរ​បញ្ជាក់ថា​ការលើកឡើង​របស់ លោក អ៊ិត​សំហេង​បែបនេះ នា​ល្ងាច​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២២ ដែល​បានរៀបចំ​ពិធីជប់លៀង​ភោជនីយាហារ​ទទួល​ស្វាគមន៍ នៅ​សណ្ឋាគារ​ភ្នំពេញ ជូន​ដល់​គណៈប្រតិភូ​នៃ​គណៈ​ចលនា​មហាជន​មជ្ឈិមបក្ស​កុម្មុយនីស្ដ​វៀតណាម ដែល​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល ៥​ថ្ងៃ ពោលគឺ​ចាប់ពី​ថ្ងៃទី​៩-១៣ ខែសីហា ឆ្នាំ​២០២២​។

​ក្នុងនាម​គណបក្ស​ប្រជាជន​កម្ពុជា រាជរដ្ឋាភិបាល ប្រជាជន​កម្ពុជា លោក បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​បក្ស រដ្ឋ និង​ប្រជាជន​វៀតណាម ដែល​តែងតែ​យកចិត្តទុកដាក់​ដល់​ការថែរក្សា​នូវ​ចំណងមិត្តភាព សាមគ្គីភាព និង​រួមសុខ​រួមទុក្ខ​ជាមួយគ្នា​នៅ​គ្រប់​កាលៈទេសៈ​ទាំងអស់​។ ចំណងមិត្តភាព​នៃ​ប្រទេស​យើង​ទាំងពីរ​ពិតជា​ជ្រាលជ្រៅ តាំងពី​សម័យ​តស៊ូ​ប្រយុទ្ធ​កៀក​ស្មា​គ្នា​ដណ្តើម​ឯករាជ្យ​ពី​សម័យ​អាណានិគម​បារាំង រហូតដល់​ការជួយ​សង្គ្រោះ​ប្រជាជន​កម្ពុជា​ពីរ​បប​ខ្មែរក្រហម ហើយ​បន្ត​កិច្ចសហប្រតិបត្តិការ​ជួយ​គ្នា​ទៅវិញទៅមក​រហូតដល់​បច្ចុប្បន្ន​។

​លោក អ៊ិត សំហេង បាន​បញ្ជាក់ថា សូម្បីតែ​ថ្មីៗ​កន្លងទៅនេះ​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩ ដែល​បាន​បង្ក​វិបត្តិ​យ៉ាង​ធំធេង​ដល់​សុខភាព​សាធារណៈ សង្គម និង​សេដ្ឋកិច្ច រដ្ឋាភិបាល​វៀតណាម​បាន​ចាត់វិធានការ​យ៉ាង​ឆាប់រហ័ស​ប្រកបដោយ​ទំនួល​ខុសត្រូវ​ខ្ពស់ ទាន់ពេលវេលា និង​យ៉ាង​មាន​ប្រសិទ្ធភាព រួមចំណែក​ជាស​កល​ក្នុងការ​ទប់ស្កាត់​ជំងឺ​រាតត្បាត​នេះ តាមរយៈ​ការគាំទ្រ និង​ការ​ផ្ដល់ជំនួយ​ដល់​សហគមន៍​អន្តរជាតិ ក៏ដូចជា​កម្ពុជា ទាំង​ក្នុង​ក្របខណ្ឌ​ទ្វេភាគី និង​ពហុភាគី​។

​ជាមួយគ្នានេះ​លោក រដ្ឋមន្ត្រី ក៏បាន​ជូនពរ​ឱ្យ​ទំនាក់ទំនង​សាមគ្គីភាព មិត្ត​ភាពជា​ប្រពៃណី និង​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​រវាង​គណបក្ស រដ្ឋាភិបាល និង​ប្រជាជន​នៃ​ប្រទេស​យើង​ទាំងពីរ​កាន់តែ​រីកចម្រើន​រឹងមាំ​ជា​លំដាប់​។​

​លោក ផាម តឹ​ត ថាំង (Pham Tat Thang) សមាជិក​មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម និង​ជា​អនុប្រធាន​ប្រចាំការ​គណៈ​ចលនា​មហាជន នៃ​មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម បាន​ថ្លែង​នូវ​អំណរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​គណៈ​ចលនា​មហាជន​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បានផ្តល់​កិច្ចសហការ​យ៉ាង​ល្អជា​មួយ​គណៈ​ចលនា​មហាជន នៃ​មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម ដែល​បាន​ចូលរួមចំណែក​ធ្វើអោយ​ចំណងមិត្តភាព សាមគ្គី​ភាពជា​ប្រពៃណី និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​កាន់តែ​ជិតស្និទ្ធ ជីវភាព​រស់នៅ​របស់​ប្រជាជន​កាន់តែ​ប្រសើរ និង​សេដ្ឋកិច្ចជាតិ​កាន់តែ​រីកចម្រើន​៕​