ដោយ​៖ អ៊ុន សុដាវី​/ភ្នំពេញ៖​ខ្ញុំ​ឈ្មោះ ព្រំ ណៃ កើត​នៅក្នុង​ឆ្នាំ ១៩៦០ នៅក្នុង​ភូមិ​ប្រាំង ឃុំ​ដង​ពែង ស្រុកស្រែ​អំបិល ខេត្តកោះកុង​។ ក្រុមគ្រួសារ​របស់ខ្ញុំ​មាន​សមាជិក​ចំនួន​១០​នាក់​។ ម្តាយ​របស់ខ្ញុំ​ឈ្មោះ ព្រំ ឈាក ស្លាប់​ក្នុង​ឆ្នាំ​១៩៩៦ ចំណែកឯ​ឪពុក​របស់ខ្ញុំ​ឈ្មោះ វ័រ សៀង ស្លាប់​នៅក្នុង​ឆ្នាំ​១៩៧៧ ហើយ​ខ្ញុំ​មាន​បងប្អូន​ចំនួន ៨​នាក់​រួមទាំង​ខ្ញុំ​ដែលជា​កូនច្បង​នៅក្នុង​គ្រួសារ​។

​ក្រុមគ្រួសារ​របស់ខ្ញុំ​គឺជា​អ្នកស្រែ​ចម្ការ​។ ឪពុកម្តាយ​របស់ខ្ញុំ​ប្រកបមុខរបរ​ធ្វើស្រែ​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​។ ដោយសារតែ​បញ្ហា​ជីវភាព​គ្រួសារ​ប្រឈម​នឹង​ការលំបាក​ខ្លាំង ខ្ញុំ​មិន បាន​រៀនសូត្រ​ឡើយ​។ ខ្ញុំ​មិនអាច​សរសេរ​អក្សរ​បានទេ ប៉ុន្តែ​ខ្ញុំ​ចេះ​អាន​អក្សរ​បាន​បន្តិចបន្តួច ដែរ​។​

​ព្រំ ណៃ រស់នៅក្នុង​ភូមិ​ស្ទឹង​ថ្មី ឃុំ​ប្រ​ម៉ោ​យ ស្រុក​វាលវែង ខេត្តពោធិ៍សាត់​ដោយ​ប្រកប​របរ​ធ្វើ​ចម្ការ​រហូតដល់​សព្វថ្ងៃ​នេះ​។ (​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

​ដំណើរ​ជីវិត​របស់ខ្ញុំ​តស៊ូ​ជាមួយនឹង​ខ្មែរក្រហម​បានចាប់ផ្តើម​តាំងពី​ឆ្នាំ​១៩៧៣ មកម្ល៉េះ នៅពេលដែល​ខ្ញុំ​បានសម្រេច​ចិត្ត​ចូលធ្វើ​ពេទ្យ​បដិវត្តន៍​។ រយៈពេល​៣​ឆ្នាំ​បន្ទាប់ពី​សេនាប្រមុខ លន់ នល់ ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ស​ម្តេច​ព្រះ នរោត្តម សីហនុ ចេញពី​តំណែង ខ្ញុំ​បាន​ស្ម័គ្រចិត្ត​ចេញ​ធ្វើ​បដិវត្តន៍​នៅក្នុង​ស្រុក​របស់ខ្ញុំ​។ ពេលនោះ ខ្ញុំ​ទើបតែ​មាន​អាយុ​ប្រហែល ១៣​ឆ្នាំ​តែប៉ុណ្ណោះ ប៉ុន្តែ​ដោយសារតែ​ជីវភាព​ខ្វះខាត ខ្ញុំ​បាន​ចូល​ធ្វើជា​ពេទ្យ​នៅ​ឃុំ​ដង​ពែង​ក្នុង​ស្រុកកំណើត​របស់ខ្ញុំ​។

​រហូតមកដល់​ឆ្នាំ​១៩៧៤ ខ្ញុំ​បាន​ផ្លាស់​មក​ធ្វើ​ពេទ្យ​នៅឯ​ពេទ្យ​ស្រុក​ស្រែអំបិល​វិញ​។ ខ្ញុំ​ចាំបាន​ថា មាន​ក្មេងស្រីៗ ដែលមាន​អាយុ​ស្របក់ស្របាល​នឹង​ខ្ញុំ ហើយ​ក៏មាន​ក្មេងស្រី​ដែលមាន​វ័យក្មេង​ជាង​ខ្ញុំ​ជាច្រើន​នាក់​បាន​ស្ម័គ្រចិត្ត​ធ្វើ​ពេទ្យ​បម្រើ​ឲ្យ​បដិវត្តន៍​ដូច​ខ្ញុំ​ដែរ​។​

​មុនពេល​ចូលធ្វើ​ជា​ពេទ្យ ខ្ញុំ​មិន​ធ្លាប់បាន​រៀន​អំពី​វិជ្ជាពេទ្យ​អ្វី​នោះទេ​។ វា​គឺ​ថ្មី​សន្លាង​សម្រាប់​ខ្ញុំ​។ នៅពេលដែល​ខ្ញុំ​ចាប់ផ្តើម​រៀន​ដំបូង គឺ​ខ្ញុំ​គ្រាន់តែ​មើល​ពេទ្យ​បងៗ​ព្យាបាល​របួស​ឲ្យ​អ្នកជំងឺ ហើយ​បន្ទាប់មក​ខ្ញុំ​សាកល្បង​ព្យាបាល​ទៅតាម​អ្វីដែល​ខ្ញុំ​បានឃើញ និង​ចងចាំ​។ គ្រូពេទ្យ​បដិវត្តន៍​ជាច្រើន​ទៀត​រៀនសូត្រ​អំពី​ការព្យាបាល​ជំងឺ តាម​វិធីសាស្ត្រ​ដូចដែល​ខ្ញុំ​បាន​រៀន​ដែរ​។​ក្នុង​វ័យ​១៣​ឆ្នាំ ក្រៅពី​ចេះ​ព្យាបាល​ជំងឺ និង​របួស ខ្ញុំ​ថែមទាំង​ចេះ​វិជ្ជា​ឆ្មប​ទៀត​។ មិនយូរប៉ុន្មាន ខ្ញុំ​ចាប់ផ្តើម​ព្យាបាល​ជំងឺ និង​របួស​ឲ្យ​ប្រជាជន​និង​កងទ័ព​។

​នៅក្នុង​ឆ្នាំ​១៩៧៤​ដដែល ប្រជាជន​ភាគច្រើន​កើត​ជំងឺគ្រុនចាញ់ ហើយ​កងទ័ព​ក៏មាន​របួស​ច្រើន​ពី​ការប្រយុទ្ធ​គ្នា​ដែរ​។ ខ្ញុំ​ត្រូវ​នៅ​ព្យាបាល​អ្នកជំងឺ​ទាំងយប់​ទាំង​ថ្ងៃ​មិនសូវមាន​ពេល​សម្រាក​ឡើយ ប៉ុន្តែ​ខ្ញុំ​មាន​សំណាងល្អ​ដែលមាន​អាហារ​ហូប​គ្រប់គ្រាន់​។

​រហូត​ដល់ពេល​ខ្មែរក្រហម​ឡើងកាន់​កាប់​អំណាច​ជា​ផ្លូវការ​នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ ខ្មែរក្រហម​បានជ្រើសរើស​ខ្ញុំ​ឲ្យ​មក​ធ្វើ​ពេទ្យ​នៅតាម​ភូមិ​វិញ​។ ខ្ញុំ​បាន​ដើរ​ព្យាបាល​ជំងឺ​របស់​ប្រជាជន​នៅតាម​ភូមិ និង​តាម​មន្ទីរ​តំបន់ ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​។

​មាន​រឿងរ៉ាវ​ជាច្រើន​បានកើត​ឡើង​នៅ​មន្ទីរពេទ្យ និង​មានការ​ធ្វើទុក្ខបុកម្នេញ​ចំពោះ​ជីវិត​ប្រចាំថ្ងៃ​របស់​ប្រជាជន​។ ចាប់ពី​ឆ្នាំ​១៩៧៦ នៅ​ភូមិភាគ​បស្ចិម មានការ​ធ្វើបាប​ប្រជាជន​យ៉ាងខ្លាំង​ព្រោះតែ តា​ទីន ដែលជា​ប្រធាន​គណៈ​តំបន់​បាន​ក្បត់​នឹង​អង្គការ​។ ការកាប់សម្លាប់​ដោយសារតែ​ការសង្ស័យថា​ក្បត់ ការ​បង្អត់អាហារ ការធ្វើការ​លើស​កម្លាំង និង​ជំងឺ បានធ្វើ​ឲ្យ​ប្រជាជន​ស្លាប់​ស្ទើរតែ​រៀងរាល់ថ្ងៃ​។

​ប្រជាជន​១៧​មេសា ទាំងស្រី​ទាំងប្រុស ត្រូវបាន​អង្គការ​បញ្ជូន​ឲ្យ​ទៅ​រស់នៅក្នុង​កងចល័ត ដោយបាន​បង្ខំ​ឲ្យ​លើក​ទំនប់​នៅ​បឹង​ព្រាវ​បណ្តាល​ឲ្យ​ស្លាប់​អស់​ជាច្រើន​នាក់​។ ចំណែកឯ​គ្រូពេទ្យ​ដូច​ខ្ញុំ​ក៏​មិន​ត្រូវបាន​លើកលែង​ពី​ការសម្លាប់​ដែរ​។ យើង​បាន​ប្រឈមមុខ​នឹង​ការសម្លាប់​ពី​ខ្មែរក្រហម​ដូច​ប្រជាជន​ឯទៀត​ប្រសិនបើ ខ្មែរក្រហម​មានការ​សង្ស័យ​ថា​យើង​ធ្វើ​ខុស​អ្វីមួយ​នោះ​។

​រឿងរ៉ាវ​របស់​ពេទ្យ​ស្រី​ម្នាក់​ឈ្មោះ វ៉ាន បានធ្វើ​ឲ្យ​ខ្ញុំ​នឹកឃើញ​ដល់​ជីវិត​បងប្អូន និង​ឪពុកម្តាយ​របស់ខ្ញុំ​នៅពេល នោះ​។ ពេទ្យ វ៉ាន ត្រូវបាន​ខ្មែរក្រហម​ចោទប្រកាន់ថា​បាន​ប្រព្រឹត្ត​ខុសសីលធម៌​ជាមួយនឹង​កងទ័ព​ម្នាក់​រហូតដល់​មាន​ផ្ទៃពោះ​។ ខ្មែរក្រហម បាន​យក​កងទ័ព​នោះ​ទៅ​វាយ​សម្លាប់​និង​បណ្តែត​តាម​ទឹក ចំណែកឯ​ពេទ្យ វ៉ាន វិញ​ត្រូវ​ខ្មែរក្រហម​វះ​ពោះ​យក​កូន​ចេញ​យ៉ាង​សាហាវឃោរឃៅ​នៅក្នុង​ទឹក​ប្រឡាយ​ដែល​ខ្ញុំ​មិន​ធ្លាប់​ឃើញ​ដូច្នេះ​ពីមុនមក​។​

​បន្ទាប់ពី​ឃើញ​រូបភាព​នៃ​ការសម្លាប់​នេះ​ដោយផ្ទាល់​នឹង​ភ្នែក ខ្ញុំ​តែងតែ​ស្រមៃ​ដល់​ការស្លាប់​របស់​ឪពុក​ខ្ញុំ ដែល​ប្រហែលជា​ខ្មែរក្រហម​យក​គាត់​ទៅ​សម្លាប់​ដូច​ពេទ្យ​វ៉ាន និង​គូស្នេហ៍​របស់គាត់​។ នៅក្នុង​របប​ខ្មែរក្រហម ឪពុក​របស់ខ្ញុំ​ធ្វើជា​មេភូមិ​។ គាត់​ត្រូវ​រង​ការចោទប្រកាន់​យ៉ាង​អយុត្តិធម៌​ថា គាត់​បាន​ប្រព្រឹត្ត​ខុសសីលធម៌​ទើប​បណ្តាល​ឲ្យ​ខ្មែរក្រហម​យក​គា​ត់ទៅ​សម្លាប់​នៅក្នុង​ឆ្នាំ​១៩៧៧​។ ពេលនោះ​ខ្ញុំ​មិនបាន​នៅក្បែរ​ឪពុក​របស់ខ្ញុំ​ទេ ព្រោះ​ខ្ញុំ​បាន​ចាក​ចេញទៅ​ធ្វើការ​នៅ​ភូមិ​ឆ្ងាយ​ពី​គាត់​។​

​ក្រៅពី​ឪពុក​របស់ខ្ញុំ ជីតា ជីដូន និង​ប្អូនប្រុស​របស់ខ្ញុំ​ក៏​ត្រូវបាន​ខ្មែរក្រហម​សម្លាប់​។ ជីតា​របស់ខ្ញុំ​ត្រូវ​ខ្មែរក្រហម​ចោទប្រកាន់ថា លួច​គោ​របស់​អង្គការ​ចំនួន​២​ក្បាល​បន្ទាប់ពី​គាត់​ធ្វើ​ឲ្យ​បាត់គោ​នៅក្នុង​ព្រៃ​ពេលដែល​គាត់​ទៅ​ឃ្វាលគោ​។ កាលនោះ​ក្នុង​ខេត្តកោះកុង​សម្បូរ​ទៅដោយ​ព្រៃ​ទ្រុប​ទ្រុល និង​សត្វព្រៃ​ជាច្រើន ទើប​បណ្តាល​ឲ្យ​ជីតា​របស់ខ្ញុំ​ពិបាក​ក្នុងការ​គ្រប់គ្រង​គោ​ទាំងអស់នោះ​។ បងប្អូន​ជីដូនមួយរ​បស់​ខ្ញុំ​បាន​ប្រាប់​ខ្ញុំ​ថា​គាត់​បាន​លួច​មើលឃើញ​កងឈ្លប​ភូមិប​ង្ខំ​ឲ្យ​ជីតា​របស់ខ្ញុំ​ចូលទៅក្នុង​ចម្ការ​អំពៅ​មួយកន្លែង រួច​បង្ខំ​ឲ្យ​គាត់​ហូប​ស្លឹក​អំពៅ​។​បន្ទាប់មក កងឈ្លប​ក៏បាន​វាយ​សម្លាប់​ជីតា​របស់ខ្ញុំ​ចោល​នៅក្នុង​ចម្ការ​អំពៅ​នោះ​។ ចំណែកឯ​ជីដូន​របស់ខ្ញុំ​បាន​ឈឺ​ស្លាប់​ដោយសារ​មិនអាច​អត់ទ្រាំ​នឹង​ការ​អត់​អាហារ​បាន​។ រីឯ​ប្អូន​របស់ខ្ញុំ​វិញ​ក៏ត្រូវ​ខ្មែរក្រហម​សម្លាប់​ខណៈពេល​ចែវ​ទូក​ទៅ​កាប់​ផ្តៅ​នៅ​អុក​តា​មៀក ខេត្តកោះកុង​។

​ក្រោយមក​ក៏មាន​ការតាមដាន​សមា​ជិ​ក​គ្រួសារ​របស់ខ្ញុំ​ផ្សេងទៀត​រួមទាំង​ខ្ញុំ​ដែរ​។ ខ្ញុំ​បាន​ជួប​រឿងរ៉ាវ​តក់ស្លុត និង​ឈឺចាប់​ជាច្រើន​។ ប្រធាន​ពេទ្យ​ឈ្មោះ វឿន តែងតែ​លើកទឹកចិត្ត​ឲ្យ​ខ្ញុំ​ធ្វើ​ល្អ និង​គិត​ល្អ​ទើប​ខ្ញុំ​អាច​រក្សា​ជីវិត​បាន​។ ទោះបីជា​យ៉ាងណា ខ្ញុំ​នៅតែ​គិតថា​ខ្ញុំ​មានសំណាង​ជាង​សាច់ញាតិ និង​ប្រជាជន​ដ៏ទៃទៀត​។ ខ្ញុំ​ទទួលបាន​បបរ សម្ល​មាន​សាច់​ត្រី ត្រីខ ត្រី​ចំ​ហ៊ុយ ប៉ុន្តែ​ប្រជាជន​ផ្សេង​ទទួល​បានតែ​បបរ​រាវ​ដោយ​មើល​សឹងតែ​មិនឃើញ​គ្រាប់​អង្ក​រហើយ​ថែមទាំង​ធ្វើ​ការងារ​លំបាក​វេទនា​ទាំងយប់​ទាំង​ថ្ងៃ​។

​ខ្ញុំ​ធ្វើ​ពេទ្យ​ដល់​ចុងឆ្នាំ​១៩៧៨ រួច​ខ្ញុំ​ចាក​ចេញពី​កន្លែង​ពេទ្យ​មក​រស់នៅ​ជាមួយ​ប្រជាជន​តាម​តំបន់​វិញ ហើយ​យើង​រត់​ភៀសខ្លួន​ទៅ​ជាមួយគ្នា​នៅពេល​កងទ័ព​វៀតណាម​វាយ​ចូលមកក្នុង​ប្រទេស​កម្ពុ​ជា​នៅ​ដើមខែ​មករា ឆ្នាំ​១៩៧៩​។

​ខ្ញុំ​មានបំណង​វិលត្រឡប់​ទៅ​ស្រុកកំណើត​រក​ម្តាយ​និង​បងប្អូន​របស់ខ្ញុំ ប៉ុន្តែ​នៅតាម​ផ្លូវ ខ្ញុំ​បាន​ជួបនឹង​កងទ័ព​ខ្មែរក្រហម ដែល​បាន​ប្រាប់​ខ្ញុំ​ថា កងទ័ព​វៀតណាម​កំពុងតែ​វាយ​នៅតាម​ទិសដៅ​ដែល​ខ្ញុំ​កំពុងតែ​ធ្វើដំណើរ​ឆ្ពោះទៅ​។ ឮដូច្នេះ ខ្ញុំ​បានសម្រេច​ចិត្ត​មិន​បន្តដំណើរ​ទៅមុខទៀត​ទេ ហើយ​ធ្វើដំណើរ​ត្រឡប់​បក​ក្រោយ​សំដៅទៅ​ភ្នំ​វិញ​ដើម្បី​គេចខ្លួន​ពី​កងទ័ព​វៀតណាម​។ ចុងក្រោយ ខ្ញុំ​បានធ្វើ​ដំណើរ​ទៅដល់​ជំរំ​ម៉ៃ​រ៉ូ​ត​នៅក្នុង​ប្រទេស​ថៃ ដែលមាន​ប្រជាជន​ខ្មែរ​ជាច្រើន​ធ្វើដំណើរ​ទៅកាន់​ទីនោះ និង​ត្រៀម​ចាកចេញ​ទៅកាន់​ប្រទេស​ទី​៣ ដូចជា សហរដ្ឋអាមេរិក ប្រទេស​បារាំង និង​ប្រទេស​កាណាដា ជាដើម​។ ខ្ញុំ​បាន​សម្ភាសន៍​ជាប់​និង​ត្រូវ​ចាកចេញ​ទៅ​រស់​នៅឯ​សហរដ្ឋអាមេរិក ប៉ុន្តែ​ពេលនោះ​ខ្ញុំ​ស្ទាក់ស្ទើរ​ក្នុង​ចិត្ត​ព្រោះ​ខ្ញុំ​គ្មាន​ក្រុមគ្រួសារ​និង​សាច់ញាតិ​នៅ​សហរដ្ឋអាមេរិក​ទេ ហើយ​ខ្ញុំ​ក៏​នឹករឭក​ដល់​ក្រុមគ្រួសារ​របស់ខ្ញុំ​ណាស់។ ដូច្នេះហើយ​ខ្ញុំ​បានសម្រេច​ចិត្ត​មិន​ចាកចេញ​។

​មិនយូរប៉ុន្មាន​នៅពេលដែល​មានការ​ជ្រើសរើស​កងកម្លាំង​ស្ម័គ្រចិត្ត ខ្ញុំ​បានសម្រេច​ចិត្ត​ចូល​បម្រើ​ឲ្យ​កងកម្លាំង​ខ្មែរក្រហម​ម្តងទៀត ក្នុង​គោលបំណង​រិះរក​វិធី​ត្រឡប់មក​ចូលក្នុង​ប្រទេស​ខ្មែរ​វិញ​តាមរក​ម្តាយ​របស់ខ្ញុំ​។ ប៉ុន្តែ​ដោយសារ​ស្ថានភាព​មិនទាន់​ស្ងប់ស្ងាត់​នៅក្នុង​ប្រទេស ខ្ញុំ​នៅតែ​មិនទាន់បាន​ជួប​ម្តាយ​និង​ប្អូនៗ​របស់ខ្ញុំ​។ មិនយូរប៉ុន្មាន ខ្ញុំ​មានសំណាង​បាន​ជួប​ប្អូនៗ និង​បងប្អូន​ជីដូនមួយ​រប​ស់​ខ្ញុំ​វិញ ប៉ុន្តែ​ខ្ញុំ​បានទទួល​ដំណឹង​អកុសល​ពី​ប្អូន​របស់ខ្ញុំ​ថា​ម្តាយ​របស់ខ្ញុំ​ដែល​ខ្ញុំ​តែងតែ​ទន្ទឹងរង់ចាំ​ជួប និង​នឹករឭក​ជា​រៀងរាល់ថ្ងៃ​បាន​ស្លាប់​ទៅហើយ​។​

​ខ្ញុំ​បានធ្វើ​ដំណើរ​ទៅលេង​ស្រុកកំណើត​តែម្តង​ប៉ុណ្ណោះ​ក្នុង​ឆ្នាំ​២០០១​។ ខ្ញុំ​និង​ប្អូនៗ​តែងតែ​ទំនាក់ទំនង​សួរសុខទុក្ខ​គ្នា​តាមរយៈ​ទូរ​សព្ទ​។ ចាប់តាំងពី​ប្រធាន​កងពល​នារី រៀបចំ​មង្គលការ​ឲ្យ​ខ្ញុំ​និង​ប្តី​របស់ខ្ញុំ យើង​បានសម្រេច​ចិត្ត​រស់នៅក្នុង​ភូមិ​ស្ទឹង​ថ្មី ឃុំ​ប្រ​ម៉ោ​យ ស្រុក​វាលវែង ខេត្តពោធិ៍សាត់​ដោយ​ប្រកប​របរ​ធ្វើ​ចម្ការ​រហូតដល់​សព្វថ្ងៃ​នេះ​៕​សរន​

​ព្រំ ណៃ រស់នៅក្នុង​ភូមិ​ស្ទឹង​ថ្មី ឃុំ​ប្រ​ម៉ោ​យ ស្រុក​វាលវែង ខេត្តពោធិ៍សាត់​ដោយ​ប្រកប​របរ​ធ្វើ​ចម្ការ​រហូតដល់​សព្វថ្ងៃ​នេះ​។ (​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)