ដោយ​: សុផល / ភ្នំពេញ​: ក្រុមហ៊ុន Ave Arup Limited ប្រចាំ​ប្រទេស​កម្ពុជា វៀតណាម ថៃ និង អង់គ្លេស បានបង្ហាញ​ចំណាប់អារម្មណ៍ ចង់​សហការ​ជាមួយ​កម្ពុជា ក្នុងការ​សាងសង់ ប្រព័ន្ធ​ដឹកជញ្ជូន​សាធារណៈ ដូច​ប្រព័ន្ធ​រថភ្លើង MRT នៅ​ប្រទេស​សិង្ហ​បុរី និង​បានបង្ហាញ​នូវ​ទម្រង់​ម៉ូ​ដែល កិច្ចសហការ​រវាងរ​ដ្ឋ និង​ឯកជន (Public-Private Partnership)​។

​ការបង្ហាញ​ចំណាប់អារម្មណ៍​ចង់​សហការគ្នា​នេះ ត្រូវបាន​បានលើកឡើង ក្នុងជំនួប​រវាង លោក តូច ចាន់​កុសល រដ្ឋលេខាធិការ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ជាមួយ​លោក Stewart Clayton នាយក​ប្រចាំ​កម្ពុជា នៃ​នាយកដ្ឋាន​ពាណិជ្ជកម្ម​អន្តរជាតិ ស្ថានទូត​អង់គ្លេស ប្រចាំ​កម្ពុជា ។​

​គោលបំណង​នៃ​ជំនួប​នេះ គឺ​ដើម្បី​ស្វែងយល់​បន្ថែម អំពី​ការរីកចម្រើន និង​ការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត នៅ​កម្ពុជា និង​ក៏ដូចជា ដើម្បី​បញ្ជាក់​ពី​ស្ថានភាព​បច្ចុប្បន្ន នៃ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​អ្វី​ដែលជា​ផែនការ សម្រាប់​ពេលអនាគត​។​

​លោក Stewart Clayton បាន​ណែនាំ​ឱ្យ​តំណាង​ក្រុមហ៊ុន ARUP ធ្វើ​បទ​បង្ហាញ ដែល​បាន​ផ្តោតជាសំខាន់ លើ​សភាពការណ៍​វិវត្តន៍​ថ្មីៗ នៅក្នុង​ពិភពលោក ទាក់ទង​នឹង ដំណោះស្រាយ សម្រាប់​វិស័យ​ដឹកជញ្ជូន ដំណោះស្រាយ​បញ្ហា ចំពោះ​បម្រែបម្រួល អាកាសធាតុ និង​ផែនការមេ​ទីក្រុង ដើម្បី​បញ្ចៀស​ការកកស្ទះ​ចរាចរណ៍ និង​ការ​សម្រប សម្រួល​ខ្លួន ទៅនឹង​បម្រែបម្រួល​អាកាសធាតុ ផងដែរ​។​

​ជាមួយគ្នានេះ លោក តូច ចាន់​កុសល ក៏បាន​ជម្រាបជូន​អំពី ការរៀបចំ​គោលនយោបាយ ដឹកជញ្ជូន​ផ្លូវគោក ដើម្បី​ជំរុញ​ការប្រើប្រាស់​រថយន្ត ដើរ​ដោយ​ថាមពល​អគ្គិសនី (EV) ក្នុងការ​ចូលរួមចំណែក កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​កាបូន កិច្ចសហការ​រវាង ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​អង្គការ កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) ដើម្បី​ដំឡើង​ស្ថានីយ​សាក​ថ្ម Evs នៅ​ទីស្តីការក្រសួង និង​បណ្តា​រាជធានី​-​ខេត្ត មួយចំនួន ការសិក្សា​ប្រព័ន្ធ​ប្រតិបត្តិការ រថភ្លើង​ស្វ័យប្រវត្តិ (AGT) ប្រព័ន្ធ​រថភ្លើង​ក្រោម​ដី (Subway) ការសិក្សា​គម្រោង​អភិវឌ្ឍន៍​រថភ្លើង Monorail ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ នៅក្នុង​រាជធានី​ភ្នំពេញ​។​

​លោក តូច ចាន់​កុសល ក៏បាន​លើកឡើង ពី​គម្រោង​ស្តីពី ការដឹកជញ្ជូន​បៃតង នៅ​ខេត្តសៀមរាប ក្រោម​កិច្ចសហការ​រៀបចំ ជាមួយ​ធនាគារពិភពលោក និង​សារសំខាន់ នៃ​ផែនការមេ សម្រាប់​ការអភិវឌ្ឍន៍​ទីក្រុង ដើម្បី​បញ្ចៀស​ការកកស្ទះ​ចរាចរណ៍​ផងដែរ​។​

​ជាមួយគ្នានេះ លោក Stewart Clayton បាន​ជម្រាបជូន​ផងដែរ អំពី​គម្រោង​រៀបចំ សិក្ខាសាលា​មួយ នៅ​កម្ពុជា ដើម្បី​ស្វែងយល់ អំពី​បញ្ហា​ប្រឈម និង​ដំណោះស្រាយ លើ​វិស័យ​ដឹកជញ្ជូន​របស់​កម្ពុជា ក្នុង​គោលដៅ​សម្រេចបាន នូវ​ការកាត់បន្ថយ​កាបូន ឱ្យនៅ​កម្រិត​សូន្យ​៕/V​