ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ លោក​វេជ្ជបណ្ឌិត ងី មាន​ហេង ប្រធាន​មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍ថាៈ កាលពីមុន ពោលគឺ ខណៈ​ជំងឺ​កូ​វីដ​-១៩ កំពុង​ផ្ទុះ​ខ្លាំង នៅ​រាជធានី​ភ្នំពេញ យើង​ចាក់​វ៉ាក់សាំង ជូន​ប្រជាពលរដ្ឋ ក្នុង​១​ថ្ងៃៗ បាន​ចំនួន​ពី ១០.០០០ ទៅ ១៤.០០០ នាក់ លើ​ទីតាំង​ចំនួន ៤១ ទីតាំង​។ តែ​សម្រាប់​ពេលនេះ ក្នុង​មួយថ្ងៃៗ មិនបាន ៣.០០០ នាក់​ផង​ទេ បើទោះបី​យើង មានការ​ផ្សព្វផ្សាយ និង​រហូតដល់​ក្រុមការងារ​ស្ពាយ​វ៉ាក់សាំង ទៅ​ចាក់​ដល់​ខ្នង​ផ្ទះ ពួកគាត់​ក៏ដោយ​។​

​លោក ងី មាន​ហេង បានបញ្ជាក់​ទៀតថាៈ យើង​បាន​ប្រើពេល ១០ ថ្ងៃ ដើម្បី​ចុះ​ផ្សព្វផ្សាយ និង​នាំយក​វ៉ាក់សាំង ទៅ​ចា​ក់នៅ​តំបន់​ងាយ​រងគ្រោះ នៅក្នុង​រាជធានី​ភ្នំពេញ ១​វគ្គ ដំបូង យើង​ចាក់​បាន ១០.០០០ នាក់ តែ​វគ្គ​ក្រោយនេះ ថយចុះ​ច្រើន ។ ប៉ុន្តែ​ទោះបីជា យ៉ាងណាក្តី សម្រាប់​ដូ​ស​ទី​៣ យើង​ចាក់​បាន​ជាង ១០០ ភាគរយ​ហើយ ។​

​ការលើកឡើង​បែបនេះ របស់លោក​វេជ្ជបណ្ឌិត ងី មាន​ហេង បានធ្វើ​ឡើង នា​ព្រឹក​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២២​នេះ ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៣៩ របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ អាណត្តិ​ទី​៣ ក្រោម​អធិបតីភាព​លោក ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា រាជធានី​ភ្នំពេញ និង​លោក មាន ចាន់​យ៉ា​ដា អភិបាលរង​រាជធានី​ភ្នំពេញ និង​ជា​តំណាង​លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល រាជធានី​ភ្នំពេញ​នៅ​សាលា​រាជធានី​ភ្នំពេញ ក្រោយពី​ក្រុមប្រឹក្សា រាជធានី​ភ្នំពេញ បញ្ជាក់ថាៈ ចំពោះ​ការងារ​សុខាភិបាល តាម​ការពិនិត្យ ការចាក់​វ៉ាក់សាំង អាយុ ១៨ ឆ្នាំ​ឡើង ក្នុង​ខែកក្កដា បាន​ចំនួន ៩៥.៩៦៩ នាក់ ប្រៀប នឹង​ខែមិថុនា មានការ​កើនឡើង ៧៣.៨៨៣ នាក់ តែបើ​ប្រៀប​នឹង​ដូ​ស​ទី​៤ ដែល​ត្រៀម​បន្ត ចាក់ មាន​ចំនួន ១.០១៦.៤២៦ នាក់​។ ជា​សំណូមពរ ស្នើ​បន្ត​យកចិត្តទុកដាក់​ជំរុញ​ឱ្យ ប្រជាពលរដ្ឋ ឡើងមក​ចាក់ បន្តបន្ទាប់ តាម​កាលកំណត់​៕/V​