ដោយ​: ជា សីហៈ / ភ្នំពេញ​: កាលពី​ព្រឹក​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២២ នៅ​ទីស្ដីការ​ក្រសួងពាណិជ្ជកម្ម លោក ប៊ុន ច​ន្ធី អនុរដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បាន​អញ្ជើញ​ចូលរួម និង​អញ្ជើញ​ថ្លែង​សុន្ទរកថា​បើក កិច្ចប្រជុំ​ស្ដីពី​ការរៀបចំ​ការសិក្សា​ពី​ភាព​ងាយ​រងគ្រោះ​របស់​កម្ពុជា (Vulnerability Profile-VP) នៅពេល​ចាក​ចេញពី​ឋានៈ​ប្រទេស​អភិវឌ្ឍន៍​តិចតួច (LDC) ដោយមាន​ការចូលរួម​ពី​ក្រុមការងារ​សន្និសីទ​ស្ដីពី​ពាណិជ្ជកម្ម និង​ការអភិវឌ្ឍ (UNCTAD) និង​បណ្ដា​អន្តរក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើន​។​

​នៅក្នុង​កិច្ចប្រជុំ​នេះ លោក​អនុរដ្ឋលេខាធិការ បាន​ថ្លែងអំណរគុណ និង​ស្វាគមន៍​ក្រុមការងារ UNCTAD ដែល​បាន​អញ្ជើញ​មក​បំពេញបេសកកម្ម​នៅ​រាជធានី​ភ្នំពេញ ព្រមទាំង​តំណាង​អន្ដរក្រសួង​-​ស្ថាប័ន ដែល​បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ដ៏​មាន​សារសំខាន់​នេះ​។ លោក បានលើកឡើង​អំពី​ការខិតខំ​ប្រឹងប្រែង និង​សមិទ្ធផល​យ៉ាងច្រើន​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ស្ដារ និង​កសាង​ប្រទេស​កម្ពុជា ជាង​បី​ទ​សវ​ស្សន៍ បន្ទាប់ពី​សង្គ្រាមស៊ីវិល ដើម្បី​ទទួលបាន​សុខសន្តិភាព​ពេញលេញ និង​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​យ៉ាង​ឆាប់រហ័ស​។ ជា​លទ្ធផល តាមរយៈ​ការត្រួតពិនិត្យ (triennial review) ដោយ​គណៈកម្មការ​អង្គការសហប្រជាជាតិ​ស្ដីពី​គោលនយោបាយ​អភិវឌ្ឍន៍ ក្នុង​ឆ្នាំ​២០២១ កម្ពុជា​ត្រូវបាន​រកឃើញ ថា​បាន​ជាប់​ចំណាត់ថ្នាក់​ចាកចេញ​ពី LDC ជា​លើក​ទី​១​។ ដើម្បី​អាច​ចាក​ចេញពី LDC បាន កម្ពុជា​ត្រូវ​ជាប់​ចំណាត់ថ្នាក់​ជា​លើក​ទី​២ តាមរយៈ​ការត្រួតពិនិត្យ​រាល់​បី​ឆ្នាំ​ម្ដង (triennial review) ដោយ​គណៈកម្មការ​អង្គការសហប្រជាជាតិ​ស្ដីពី​គោលនយោបាយ​អភិវឌ្ឍន៍ ក្នុង​ឆ្នាំ​២០២៤​។ ឯកឧត្ដម​អនុរដ្ឋលេខាធិការ​បាន​ទាញ​ចំណាប់អារម្មណ៍​អង្គប្រជុំ​មកលើ​ការបាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម និង​វិធានការ​ពាក់ព័ន្ធ​នឹង​ជំនួយ​អន្ដរជាតិ នៅពេល​កម្ពុជា​ចាកចេញ​ពី LDC​។ មានន័យថា កម្ពុជា​ត្រូវ​រៀបចំ​យុទ្ធសាស្ដ្រ​ថ្នាក់ជាតិ ក្នុងការ​ចាកចេញ​ពី LDC ដោយ​រលូន និង​មិនមាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​។​

​ជា​កិច្ច​បន្ទាប់ លោក ជូ​នៀ ដាវី​ស ( Junior Davis) នាយក​ផ្នែក​ស្រាវជ្រាវ និង​វិភាគ​នៃ​អង្គការ UNCTAD បានធ្វើ​បទ​បង្ហាញ​ស្ដីពី ដំណាក់កាល​នៃ​ការចាកចេញ​ពី​ឋានៈ LDC របស់​កម្ពុជា​។ លោក បានបង្ហាញ​ទិន្នន័យ​មួយចំនួន​របស់​កម្ពុជា​ដែល​បាន​ជាប់​ចំណាត់ថ្នាក់​ចាកចេញ​ពី LDC ជា​លើក​ទី​១ ក្នុង​ឆ្នាំ​២០២១ ដែល​ទិន្នន័យ​ទាំងនោះ​មានដូចជា ស​ន្ទ​ស្សន៍​ចំណូល​ជាតិ​សរុប ធនធានមនុស្ស និង​ភាព​ងាយ​រងគ្រោះ​ផ្នែក​សេដ្ឋកិច្ច​និង​បរិស្ថាន​។​

លោក​បាន​បន្ដ​ជម្រាបជូន​ថា កម្ពុជា​នឹងត្រូវ​បាន​ត្រួតពិនិត្យ​ម្ដងទៀត​នៅ​ឆ្នាំ​២០២៤ ដើម្បី​សម្រេច​ថា​តើ​កម្ពុជា​អាច​ចាក​ចេញពី LDC ដោយ​ជោគជ័យ ឬទេ​។ លោក​បានលើកឡើង​ដែរ​ថា នៅពេល​កម្ពុជា​ចាកចេញ​ពី LDC កម្ពុជា​នឹង​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ក្របខណ្ឌ​ជំនួយ​បច្ចេកទេស និង​កម្ចីសម្បទាន​ជាដើម ដូច្នេះ ដើម្បីឱ្យ​កម្ពុជា​អាច​ចាក​ចេញពី LDC បាន​ដោយ​រលូន ក្រុមការងារ UNCTAD នឹង​រៀបចំ​ការសិក្សា​ភាព​ងាយ​រងគ្រោះ ដែលមាន ៤ ផ្នែក​ដូចជា​៖ (១)​ការវិភាគ​ស្ថានការណ៍​ទូទៅ​នៃ​សមត្ថភាព​ផលិត​ធៀប​នឹង​តំបន់​; (២)​កំណត់​ភាព​ងាយ​រងគ្រោះ​ផ្អែកលើ​ភាព​ចម្រើន​រុងរឿង​, សន្ដិភាព​, មនុស្ស​, បរិស្ថាន​, និង​ភាពជា​ដៃគូ​; (៣)​ផលប៉ះពាល់​នៃ​ភាព​ងាយ​រងគ្រោះ​; (៤)​គោលនយោបាយ​សម្រាប់​ភាព​ធន់​សេដ្ឋកិច្ច​និង​បរិស្ថាន​។

​ការសិក្សា​ស្ដីពី​ភាព​ងាយ​រងគ្រោះ​នេះ មាន​គោលដៅ​ប្រមូល​ព័ត៌មាន​និង​ទិន្នន័យ​ពី​ក្រសួង​-​ស្ថាប័ន​កម្ពុជា ដើម្បី​ជួយ​សិក្សា​ស្រាវជ្រាវ​និង​ផ្តល់​ជា​អនុសាសន៍​ជូន​រាជរដ្ឋាភិបាល​កម្ពុជា​ត្រៀម​រៀបចំ​យុទ្ធសាស្ដ្រ​ជាតិ​ដើម្បី​អាច​ចាក​ចេញពី LDC បាន​ដោយ​រលូន​។ គួរបញ្ជាក់​ផងដែរ​ថា ក្នុង​បេសកកម្ម​រយៈពេល​បី​ថ្ងៃនេះ ក្រុមការងារ UNCTAD នឹង​ជួប​ផ្ទាល់​ពិភាក្សា​ដោយឡែក​ជាមួយ​អន្តរក្រសួង​-​ស្ថាប័ន ដើម្បី​ពិភាក្សា​បន្ថែម​លើ​ការរៀបចំ​ការសិក្សា VP នេះ និង​ការព្រួយបារម្ភ​ក្នុង​វិស័យ​របស់​ស្ថាប័ន​នីមួយៗ នៅពេល​កម្ពុជា​ចាកចេញ​ពី LDC៕​