​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (BBC) ៖ ជិត​បី​ទសវត្សរ៍​បន្ទាប់ពី​ស្ត្រី​ជនជាតិ​ឥណ្ឌា​ម្នាក់​ត្រូវបាន​បងប្អូន​ប្រុស​ពីរ​នាក់​ចាប់​រំលោភ​ម្តង​ហើយ​ម្តង​ទៀត​នាង​សង្ឃឹមថា​នៅ​ទីបំផុត​នឹង​ទទួលបាន​យុត្តិធម៌​ហើយ​​អ្នក​ជួយ​នាង​ស្វែងរក​យុត្តិធម៌​គឺជា​កូនប្រុស ដែល​កើតចេញ​ពី​ការចាប់រំលោភ​នេះឯង​។​

​ស្ត្រី​នៅ​រដ្ឋ​អ៊ុត​តា​ប្រា​ដេស (Uttar Pradesh) ភាគ​ខាងជើង​រូបនេះ​ត្រូវបាន​បុរស​ពីរ​នាក់​ចាប់រំលោភ​អំឡុង​រយៈពេល​ជាង​ប្រាំ​មួយខែ នៅពេលដែល​នាង​មាន​អាយុ ១២ ឆ្នាំ​។​កូនប្រុស​របស់​នាង ​ត្រូវ​បាន​បោះបង់​ចោល​សម្រាប់​ឱ្យ​គេ​សុំ​យក​ទៅ​ចិញ្ចឹម​ប៉ុន្តែ​បាន​ត្រឡប់​មក​រក​នាង​វិញ​នៅ ១៣ ឆ្នាំក្រោយ ហើយ​បាន​លើកទឹកចិត្ត​នាង​ឱ្យ​ដាក់ពាក្យ​ប្តឹង​ប្រឆាំងនឹង​ជន​ចាប់រំលោភ​ទាំងនោះ​។​

​កាលពី​១០​ថ្ងៃមុន ប៉ូលិស​បាន​ចាប់ខ្លួន​ជនជាប់ចោទ​ទី​មួយ ហើយ​កាលពី​ថ្ងៃ​ពុធ​ទី​១០​សីហា បុរស​ទី​ពីរ​ក៏​ត្រូវបាន​ចាប់ខ្លួន​ផង​ដែរ​។​

​ស្ត្រី​រូប​នេះ​បាន​ប្រាប់ BBC ថា “​ឧបទ្ទវហេតុ​នេះ​គឺ​ចាស់​ណាស់​ហើយ ប៉ុន្តែ​របួស​ដែល​វា​បាន​បង្ក​នៅ​មិនទាន់​ជា​សះស្បើយ​នៅឡើយ​ទេ​។ វា​បាន​ធ្វើឱ្យ​ជីវិត​របស់​ខ្ញុំ​ឈប់​ទ្រឹង​ហើយ​ខ្ញុំ​ចងចាំ​គ្រា​នោះ​ម្តង​ហើយ​​ម្តងទៀត​”​។​

​ករណី​រំលោភ​ផ្លូវភេទ​លើ​កុមារ​រាប់ពាន់​ករណី​ត្រូវបាន​រាយការណ៍​នៅក្នុង​ប្រទេស​ឥណ្ឌា​ជា​រៀងរាល់ឆ្នាំ​។ នៅ​ឆ្នាំ​២០២០ ជា​ឆ្នាំ​ចុងក្រោយបង្អស់​ដែល​ទិន្នន័យ​ឧក្រិដ្ឋកម្ម​ផ្លូវការ​អាច​រកបាន ករណី​ចំនួន ៤៧.០០០ ត្រូវបាន​ចុះបញ្ជី​ក្រោម​ការការពារ​កុមារ​ពី​ច្បាប់​ស្តី​ពី​បទល្មើស​ផ្លូវភេទ (Pocso) របស់​ឥណ្ឌា​។​

​ក្រុម​អ្នក​ធ្វើ​យុទ្ធនាការ​និយាយថា ករណី​ជា​ច្រើន​ទៀត​មិន​ត្រូវបាន​រាយការណ៍​ទេ ដោយសារ​កុមារ​នៅ​ក្មេង​ពេក​មិន​អាច​យល់​ពី​អ្វី​ដែល​កំពុង​កើត​ឡើង​ចំពោះ​ពួកគេ ឬ​ខ្លាច​ពេក​មិន​ហ៊ាន​និយាយ​ចេញមក​។ គ្រួសារ​ផង​ដែរ​ជារឿយៗ​ស្ទាក់ស្ទើរ​ក្នុង​ការរាយការណ៍​អំពី​ការរំលោភ​បែបនេះ​ដោយសារតែ​ខ្លាច​ការប្រមាថ​មាក់ងាយ ឬ ជនល្មើស​គឺជា​អ្នក​ស្គាល់គ្នា​៕

​ករណី​រំលោភ​ផ្លូវភេទ​លើ​កុមារ​រាប់ពាន់​ករណី​ត្រូវបាន​រាយការណ៍​នៅក្នុង​ប្រទេស​ឥណ្ឌា​ជា​រៀងរាល់ឆ្នាំ​