ដោយៈ ភ្នំ​សន្ទុក / កំពង់ធំ ៖ លោក សៅ សុភាព រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន អំពាវនាវ​ដល់​អ្នកពាក់ព័ន្ធ ធ្វើការ​ការពារ អភិរក្ស និង​គ្រប់គ្រង​ធនធានធម្មជាតិ ឱ្យមាន​ប្រសិទ្ធភាព ។ លោក​បាន​អំពាវនាវ នៅក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ច្បាប់ ពាក់ព័ន្ធ​នឹង​វិស័យ​បរិស្ថាន និង​ធនធានធម្មជាតិ ដែល​ប្រព្រឹត្តទៅ ចាប់ពី​ថ្ងៃទី​១១ ដល់ ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២២ នៅ​សាលាខេត្ត​កំពង់ធំ ។​

​សិក្ខាសាលា​នេះ បានរៀបចំ​ដោយ​ក្រសួងបរិស្ថាន “​ផ្សព្វផ្សាយ​ច្បាប់​ពាក់ព័ន្ធ​នឹង​វិស័យ បរិស្ថាន និង​ធនធានធម្មជាតិ​” ដល់​មន្ត្រី​កងកម្លាំងប្រដាប់អាវុធ មន្ត្រី​ឧ​ទ្យា​នុ​រក្ស មន្ត្រី​អនុវត្ត​ច្បាប់ និង​អាជ្ញាធរ​ដែនដី​ពាក់ព័ន្ធ នៅក្នុង​ខេត្តកំពង់ធំ ជិត ១០០ នាក់ ក្រោម​ការផ្តួចផ្តើម​គំនិត​របស់លោក បណ្ឌិត សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​។​

​លោក​បាន​បន្តថាៈ គោលបំណង​នៃ​ការរៀបចំ​សិក្ខាសាលា​នេះ គឺ​ដើម្បី​ផ្សព្វផ្សាយ និង​បញ្ជ្រាប​ការយល់ដឹង ដល់​ភាគី​ពាក់ព័ន្ធ ដើម្បីឱ្យ​មានការ​យល់ដឹង អំពី​ទិដ្ឋភាព​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត ពាក់ព័ន្ធ​នឹង​វិស័យ​បរិស្ថាន និង​ធនធានធម្មជាតិ ព្រមទាំង​ដើម្បី ចូលរួមចំណែក​ទាំងអស់​គ្នា ក្នុងការ​ការពារ​អភិរក្ស និង​គ្រប់គ្រង​ធនធានធម្មជាតិ ប្រកបដោយ​និរន្តរភាព នៅក្នុង​តំបន់ការពារធម្មជាតិ ដើម្បី​ជា​ឧ​ត្ត​ម​ប្រយោជន៍​របស់ ព្រះរាជាណាចក្រ​កម្ពុជា តកូនតចៅ​ជំនាន់​ក្រោយ និង​មនុស្សជាតិ​ទាំងមូល និង​ធ្វើការ​ការពារ អភិរក្ស និង​គ្រប់គ្រង​ធនធានធម្មជាតិ ឱ្យមាន​ប្រសិទ្ធភាព គឺ​តម្រូវឱ្យមាន ការចូលរួមចំណែក ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ ទើប​អាច​សម្រេច​តាម​ផែនការ និង​គោលដៅ​ជា​យុទ្ធសាស្ត្រ របស់​រាជរដ្ឋាភិបាល នៃ​ផែនការ​យុទ្ធ​សា​ស្ត​ចតុកោណ​របស់ រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​លោក​តែង​យកចិត្តទុកដាក់ និង​គិតគូរ​ដល់​ការការពារ និង​អភិរក្ស​ធនធានធម្មជាតិ​។​

​លោក​បាន​បន្តទៀតថាៈ ស្របតាម​គោលបំណង និង​គោលដៅ​នៃ​ការអនុវត្ត គោលនយោបាយ និង​ផែនការ​គាំទ្រ ដល់​ការអភិវឌ្ឍ និង​បន្ថែម​លើ​សិក្ខាសាលា​កន្លងមក ដែល​បាន​ផ្សព្វផ្សាយ អំពី​សារៈសំខាន់​នៃ ការការពារ​បរិស្ថាន​គឺៈ ១.​ច្បាប់​ពាក់ព័ន្ធ​នឹង បរិស្ថាន និង​គ្រប់គ្រង​ធនធានធម្មជាតិ ។ ២.​ប្រភេទ​បទល្មើស​បរិស្ថាន និង​ធនធាន ធម្មជាតិ​។ ៣.​តួនាទី​នៃ​មន្ត្រីនគរបាល​យុត្តិធម៌ និង​ភ្នាក់ងារ​មន្ត្រីនគរបាល​យុត្តិធម៌ ក្នុងការ​ពង្រឹង​ការអនុវត្ត​ច្បាប់​ពាក់ព័ន្ធ​។ ៤.​ការពង្រឹង​ការអនុវត្ត​ច្បាប់ ទៅតាម​នីតិវិធី និង​កម្រិត​នៃ​ស្ថាន​ទម្ងន់ទោស នៃ​បទល្មើស​ធនធានធម្មជាតិ​។ ៥.​នីតិវិធី​កសាង​សំណុំរឿង ពាក់ព័ន្ធ​នឹង​បទល្មើស​ធនធានធម្មជាតិ​។​

​លោក​បាន​បន្ថែមទៀតថាៈ ការអនុវត្ត និង​ការពង្រឹង​ច្បាប់​ទាក់ទង​នឹង​វិស័យ​បរិស្ថាន និង​ធនធានធម្មជាតិ​របស់ រាជរដ្ឋាភិបាល​កម្ពុជា ដូចជាៈ ទស្សនទាន​នៃ​គោលនយោបាយ កំណែទម្រង់​វិមជ្ឈការ និង​សហវិមជ្ឈការ លើ​វិស័យ​បរិស្ថាន ការអនុវត្ត​គោលនយោបាយ ភូមិ ឃុំ មាន​សុវត្ថិភាព ពាក់ព័ន្ធ​នឹង​លក្ខណៈសម្បត្តិ​«​អនាម័យ សោភ័ណភាព និង​បរិស្ថាន​ល្អ​» សញ្ញាណ​ទូទៅ​នៃ​ទ្រព្យសម្បត្តិ​រដ្ឋ និង​ទ្រព្យសម្បត្តិ​របស់ តំបន់​ការពារ ធម្មជាតិ សញ្ញាណ​ទូទៅ​នៃ​ច្បាប់ ពាក់ព័ន្ធ​នឹង​វិស័យ​បរិស្ថាន និង​ធនធានធម្មជាតិ (​តំបន់ការពារធម្មជាតិ ព្រៃឈើ ជលផល​) ដែល​នឹង​ត្រូវបាន​សម្របសម្រួល​ដោយ ក្រុមអ្នកច្បាប់​របស់​ក្រសួងបរិស្ថាន ។​

​ចុងក្រោយ លោក សៅ សុភាព បាន​ជំរុញ​ដល់​សិក្ខាកាម​ទាំងអស់ ត្រូវចិត្ត​ទុកដាក់​ស្ដាប់ គ្រូ​ឧ​ទេ្ទ​ស ដើម្បី​យក​ជា​បទពិសោធន៍ ក្នុងការ​អនុវត្ត​នៅក្នុង​ការងារ​របស់ខ្លួន ឲ្យ​បានល្អ ប្រសើរ និង​ត្រឹមត្រូវ ៕/V​