ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ នៅព្រឹកថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២២ សាលាហ្វឹកហ្វឺនយោធភូមិភាគពិសេស ដែលស្ថិតនៅ ក្នុងភូមិថ្មីឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានប្រារព្វពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញការងារយោធាតំបន់របស់ យោធភូមិភាគពិសេស ក្នុងឆ្នាំ២០២២ ។

ក្រោយពីស្តាប់របាយការណ៍របស់នាយកសាលាស្តីពីលទ្ធផលហ្វឹកហ្វឺនបំប៉នជំនាញយោធាតំបន់រួចមក មេបញ្ជាការរង យោធភូមិភាគពិសេស លោកឧត្តមសេនីយ៍ទោ សោម សុវណ្ណបានមានប្រសាសន៍ថាៈ ក្រោមការយកចិត្តទុកដាក់ លើវិស័យ ការពារប្រទេសជាតិ ថ្នាក់ដឹកនាំក្រសួងការពារជាតិ ក៏ដូចជា យោធភូមិភាគពិសេស បានដាក់ចេញនូវកម្មវិធី ដើម្បីពង្រឹង សមត្ថភាពកងកម្លាំងយោធាតាមរយៈការបណ្ដុះបណ្ដាលបំប៉នលើជំនាញយោធាតំបន់ ដែលមានរយៈពេល ៤៥ ថ្ងៃ ។

លោកឧត្តមសេនីយ៍ទោ សោម សុវណ្ណ បានឱ្យដឹងទៀតថាៈ ដោយផ្អែកលើគោលការណ៍សំខាន់ពីរយ៉ាង ការគោរពវិន័យ លទ្ធផលដែលរៀនសូត្រ ដោយអនុវត្តជាក់ស្ដែង និងវិធីសាស្រ្តវាយតម្លៃផ្ទាល់របស់សិក្ខាកាម នៅពេលបញ្ចប់វគ្គហ្វឹកហ្វឺន សាលាបានបង្កើតក្រុមមេប្រយោគដើម្បីប្រឡងត្រួតពិនិត្យគ្រប់មេរៀន ដល់សិក្ខាកាម និងការផ្ដល់ពិន្ទុនិទ្ទេស ដោយផ្អែកលើ គោលការណ៍វិន័យ ក្នុងការប្រឡងបញ្ចប់វគ្គ មានល្អណាស់ ល្អ ល្អបង្គួរ និងមធ្យម ដល់សិក្ខាកាម ប្រមាណជា ១០០ នាក់ ។

លោកមេបញ្ជការរងយោធភូមិភាគពិសេស បានផ្តាំផ្ញើដល់សិក្ខាកាម ដែលត្រូវបានបញ្ចប់ការហ្វឹកហ្វឺន លើជំនាញយោធា តំបន់ទាំងអស់ត្រឡប់ទៅអង្គភាពវិញ ចេះធ្វ់ើការងារបំរើអង្គភាព ឱ្យបានល្អប្រសើរ ដល់វិស័យយោធា ដោយធានាឱ្យបាននូវ សមត្ថភាពការពារទប់ស្កាត់ និងវាយបកវិញ ឱ្យទាន់សភាពការណ៍សហការជាមួយអាជ្ញាធមូលដ្ឋានភូមិ ឃុំមានសុវត្ថិភាព គាំទ្រសម្តេចនាយករដ្ឋមន្ត្រី ហ៊ុនសែន ជានិច្ច និងគាំទ្របេក្ខភាពលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នាពេលអនាគត។

នៅបញ្ចប់ពិធីបិទវគ្គនេះ លោកឧត្តមសេនីយ៍ទោ សោម សុវណ្ណ ជាតំណាងលោកឧត្តមសេនីយឯក ពូសាប៊ូឌី មេបញ្ជាការរង កងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគពិសេស បានប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ ដល់សិក្ខាកាម បញ្ចប់វគ្គហ្វឹកហ្វឺន លើជំនាញយោធាតំបន់ និងបានឧបត្ថមថវិកាមួយចំនួន ដល់សាលាហ្វឹកហ្វឺនយោធភូមិភាគពិសេស ផងដែរ ៕/V