ដោយ៖ ដេប៉ូ / កំពង់ធំ៖ បទល្មើសសត្វព្រៃ ជាពិសេសការដាក់អន្ទាក់ចាប់សត្វព្រៃ នៅក្នុងតំបន់ការពារធម្មជាតិ ភូមិសាស្ត្រខេត្តកំពង់ធំ នៅក្នុងឆ្នាំ២០២១ មានកើនឡើង ៥៥ ភាគរយធៀបទៅនឹងឆ្នាំ២០២០ ប៉ុន្តែនៅក្នុងឆមាសទី១ ដើមឆ្នាំ២០២២ ការបរបាញ់ និងការដាក់អន្ទាក់ចាប់សត្វព្រៃ បានថយចុះប្រហែលជា ៧៥ ភាគរយ បើធៀបទៅនឹងឆ្នាំ២០២១។ នេះបើតាមការឱ្យដឹងពីសំណាក់ លោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ។

នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីយុទ្ធនាការអន្ទាក់សូន្យ នៅខេត្តកំពង់ធំ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ លោកប្រធានមន្ទីរខេត្តកំពង់ធំ បានឱ្យដឹងថាៈ ការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ រួមទាំងបទល្មើសបរបាញ់ ដាក់អន្ទាក់ចាប់សត្វព្រៃ នៅក្នុងតំបន់ការពារធម្មជាតិទាំងអស់ បានប្រព្រឹត្តទៅ ដោយមានកិច្ចសហការល្អ ជាមួយអាជ្ញាធរខេត្ត-ស្រុក-ឃុំ និងសហគមន៍តំបន់ការពារធម្មជាតិ។ ក្នុងការទប់ស្កាត់បទល្មើស ជាពិសេសការចាប់សត្វព្រៃ អាជ្ញាធរមូលដ្ឋាន បានដើរតួសំខាន់ ក្នុងការជួយផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ ស្តីពីសារៈសំខាន់ និងតម្លៃ នៃការអភិរក្សសត្វព្រៃ ដើម្បីធម្មជាតិ វប្បធម៌ និងសេដ្ឋកិច្ចជាតិយើង។

ជុំវិញបញ្ហានេះ លោក តុប កក្កដា បានបញ្ជាក់ថាៈ ”ចំពោះករណីបទល្មើសធនធានធម្មជាតិ គិតទាំងបទល្មើសបរបាញ់ និងដាក់អន្ទាក់ចាប់សត្វព្រៃ ដែលបានបង្ក្រាបនៅក្នុងតំបន់ការពារធម្មជាតិ ទាំង៦ ក្នុងឆ្នាំ២០២១ មានចំនួនសរុប ១.១៤១ ករណី ក្នុងនោះបានបញ្ជូនសំណុំរឿងទៅតុលាការ ចំនួន ៧៩ ករណី ជាមួយជនល្មើស ៩០ នាក់។

ដោយឡែក ចំពោះករណីបទល្មើសសត្វព្រៃ មន្ដ្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តកំពង់ធំ រើអន្ទាក់ចេញបានចំនួន ១.៨៧០ ដកហូតអាវុធអាវុធកែច្នៃ បានចំនួន៦០ រឹបអូស និងលែងសត្វព្រៃ (ត្រកួត ពស់ថ្លាន់ អាញី) ទៅក្នុងព្រៃធម្មជាតិ បានចំនួន ២៥ ក្បាល”។

ថ្លែងក្នុងពិធីនេះដែរ លោក នេត្រ ភក្រ្តា រដ្ឌលេខាធិកា និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថាៈ ខេត្តកំពង់ធំ គឺជាខេត្តទី៥ ដែលក្រសួងបរិស្ថាន បានដឹកនាំបើកយុទ្ធនាការអន្ទាក់សូន្យ ដោយមានការចូលរួមពីអង្គការដៃគូបន្ទាប់ពីខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ ខេត្តក្រចេះ ខេត្តមណ្ឌលគីរី និងខេត្តកំពង់ធំ។

ជាមួយគ្នានេះ លោក រដ្ឋលេខាធិការ បានបញ្ជាក់ថាៈ យុទ្ធនាការអន្ទាក់សូន្យ ធ្វើរហូតដល់ពេលនេះ គឺមានរយៈពេល ៥ខែហើយ ដែលរយៈពេល ៥ខែនេះ ឃើញលទ្ធផលវិជ្ជមានជាច្រើន តាមរយៈលទ្ធបានមកពីយុទ្ធនាការអន្ទាក់សូន្យ នៅក្នុងនោះគឺៈ ទី១.ការយល់ដឹងរបស់សាធារណជន ពីផលប៉ះពាល់នៃអន្ទាក់។ទី២.ចូលរួមការកាត់បន្ថយការហូបសាច់សត្វ ។៣.ទទួលដឹងថា សាច់សត្វអាចផ្ទុកមេរោគដែលប៉ះពាល់ដល់សុខភាព ដែលវាមិនមែនជាថ្នាំប៉ូវ ឬថ្នាំជំនួយសុខភាពទេ និងទី៤.ធ្វើឱ្យប្រជាពលរដ្ឋ បានយល់ដឹងពីយុទ្ធនាការអន្ទាក់សូន្យ មានគោលបំណងសំខាន់ ក្នុងការធ្វើឱ្យជីវចម្រុះ មានសុវត្តិភាពជាដើម ។

គួរបញ្ជាក់ថា ខេត្តកំពង់ធំ មានតំបន់ការពារធម្មជាតិ ចំនួន ៦កន្លែង គឺ ១)ដែនជម្រកសត្វព្រៃព្រៃឡង់ ២)ដែនជម្រក សត្វព្រៃបឹងពែរ ៣)តំបន់រ៉ាមសារបឹងទន្លេឆ្មារ ៤)តំបន់រ៉ាមសារស្ទឹងសែន ៥) តំបន់ការពារទេសភាពខាងជើង បឹងទន្លេសាប ដែលត្រូវបានគេស្គាល់ថា ជាតំបន់អភិរក្សសត្វខ្សឹប និង៦) តំបន់ការពារទេសភាពសំបូរព្រៃគុក ដែលមានផ្ទៃដីសរុប ចំនួន ២៨០.៨៨៩,០៣ ហិកតា៕/V