ដោយ​៖ ដេប៉ូ / ភ្នំពេញ​៖ ក្រុម​អភិរក្ស​ដំរីព្រៃ​នៅ​កម្ពុជា (CECG) ត្រូវបាន​បង្កើតឡើង នៅ​ឆ្នាំ​២០០៥ ដោយមាន​ការចូលរួម​ពី ក្រសួងបរិស្ថាន រដ្ឋបាល​ព្រៃឈើ និង​អង្គការ​សត្វព្រៃ និង​រុក្ខជាតិ​អន្តរជាតិ និង​អង្គការ​ផ្សេងៗ​ទៀត ដើម្បី​អភិរក្ស​ដំរី​អាស៊ី នៅ​កម្ពុជា តាមរយៈ​ការរក្សា​ស្ថិរភាព និង​ជំរុញឱ្យមាន​កំណើន ចំនួន​ប្រភេទ​សត្វ​ដំរី​នេះ នៅក្នុង​ព្រៃ​នៃ​ប្រទេស​កម្ពុជា ហើយ​ផែនការ​សកម្មភាព ដើម្បី​អភិរក្ស​សត្វ​ដំរី​អាស៊ី ឱ្យនៅ​គង់វង្ស ត្រូវបាន​រៀបចំឡើង សម្រាប់​រយៈពេល ១០ ឆ្នាំ ពោលគឺ ចាប់ពី​ឆ្នាំ​២០២០ ដល់​ឆ្នាំ​២០២៩​។​

​ការ​ថ្លែង​បែបនេះ ធ្វើឡើង​ដោយ​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជាម​ន្ត្រី​នាំពាក្យ ក្រសួងបរិស្ថាន ក្នុង​សន្និសីទ​សារព័ត៌មាន ស្តីពី​យុទ្ធនាការ​អន្ទាក់​សូន្យ ដែល​បាន​រៀបចំឡើង នា​ខេត្តកំពង់ធំ កាលពី​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២២​។​

​លោក រដ្ឋលេខាធិការ បាន​គូសបញ្ជាក់ថាៈ រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួងបរិស្ថាន ជាមួយ​អង្គការ​ដៃគូ ខិតខំ​រៀបចំ​ផែនការ​សកម្មភាព ដើម្បី​អភិរក្ស​សត្វ​ដំរី​អាស៊ី​។

​លោក​បានបញ្ជាក់​បន្ថែម​ថាៈ តាមរយៈ​ការអភិរក្ស​សត្វ​ដំរី​នេះដែរ គេ​បានកំណត់​នូវ បញ្ហា​អាទិភាព​ចំនួន ៧ ក្នុងនោះ​រួមមាន ទី​១៖ ការកាត់បន្ថយ​ការបាត់បង់​ទីជម្រក​, ទី​២៖ អភិរក្ស​និង​ត​ភ្ជាប់​ច្រករបៀង និង​ហ្វូង​ដំរីព្រៃ​ឡើងវិញ​, ទី​៣៖ ពង្រឹង​ការអនុវត្ត​ច្បាប់​, ទី​៤៖ បង្ការ​មិនឱ្យ​មានការ​ចាប់​ដំរីព្រៃ មក​ចិញ្ចឹម​, ទី​៥៖ បន្ធូរបន្ថយ​ជម្លោះ រវាង​សត្វ​ដំរីព្រៃ និង​មនុស្ស និង​ទី​៦៖ អប់រំ​ផ្សព្វផ្សាយ ទី​៧៖ សិក្សា​ស្រាវជ្រាវ និង​តាមដាន​ត្រួតពិនិត្យ ចំនួន​ដំរី​អាស៊ី​។ តាមរយៈ​ផែនការ​សកម្មភាព​នេះ ក្រសួងបរិស្ថាន និង​អង្គការ​ដៃគូ បាន​រកឃើញថា ដំរី​ចាប់ផ្តើម​បង្ហាញ​វត្តមាន នៅ​តំបន់​មួយចំនួន​ឡើងវិញ ដូចជា​នៅ​តំបន់ ដែនជម្រកសត្វព្រៃ ព្រៃ​ឡង់​ជាដើម​។​

​គួរ​បញ្ជាក់ថា យោងតាម​ការប៉ាន់ស្មាន ផែនការ​សកម្មភាព រយៈពេល ១០ ឆ្នាំ ដើម្បី​អភិរក្ស សត្វ​ដំរីព្រៃ​អាស៊ី​នេះ ត្រូវការ​ថវិកា​ចំនួន ៤០,៥ លាន​ដុល្លារ​សហរដ្ឋអាមេរិក ដែលជា​គម្រោង​ថវិកា រំពឹងថា​នឹង​បានមកពី​ប្រភព រួមបញ្ចូល​គ្នា ទាំង​កញ្ចប់​ថវិកា រាជរដ្ឋាភិបាល អង្គការ​មិនមែន​រដ្ឋាភិបាល និង​ដៃគូ​អភិវឌ្ឍន៍​នានា​។​

​លោក រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បានបង្ហាញ​សុទិដ្ឋិនិយម​ថា ជាមួយនឹង​ផែនការ អភិរក្ស សត្វ​ដំរី ការដោះស្រាយ​ជម្លោះ រវាង​មនុស្ស​និង​ដំរី និង​ការខិតខំ​ប្រឹងប្រែង​រប​ស់ រាជរដ្ឋាភិបាល និង​ដៃគូ​អភិវឌ្ឍន៍ លើ​ការងារ​ការពារ និង​អភិរក្ស​តំបន់ការពារធម្មជាតិ នោះ​នឹង​កាន់តែ​ធ្វើឱ្យ​ទីជម្រក របស់​ស​ត្ច​ដំរី កាន់​តែមាន​សុវត្ថិភាព រួម​នឹង​ការយល់ដឹង និង​ការចូលរួម​អភិរក្ស ពី​សំណាក់​ប្រជាពលរដ្ឋ​ផងដែរ​។ ក្រៅពី​ក្របខណ្ឌ​អភិរក្ស រាជរដ្ឋាភិបាល​កម្ពុជា មានការ​តាំងចិត្ត​ខ្ពស់ ក្នុងការ​ប្រយុទ្ធប្រឆាំង ការជួញដូរ​សត្វព្រៃ ខុសច្បាប់ និង​លើកឡើងថា គ្រប់ភាគី​ពាក់ព័ន្ធ ត្រូវធ្វើ​ការងារ​រួមគ្នា ដើម្បី​លុបបំបាត់ ការជួញដូរ ខុសច្បាប់​នេះ​។​

​ទាក់ទិន​ក្នុង​រឿងនេះ​ដែរ លោក នេត្រ ភក្ត្រា បាន​ថ្លែងថាៈ កម្ពុជា បានរៀបចំ​យន្តការ ក៏ដូចជា មានច្បាប់ និង​អនុវត្ត​ជាប្រចាំ ដើម្បី​បង្ការ ទប់ស្កាត់ និង​ប្រឆាំង​ការជួញដូរ​សត្វព្រៃ ខុសច្បាប់​នេះ ហើយ​បាន​បង្ក្រាប​លើ​បទល្មើស​ជាច្រើន ហើយ​រំដោះ​សត្វព្រៃ​ជាច្រើន ពី​ក្រញាំដៃ នៃ​ក្រុម​ជនល្មើស ព្រមទាំង​បាន​ចាប់ខ្លួន បញ្ជូន​សំណុំរឿង ទៅ​តុលាការ ផ្តន្ទាទោស​តាមច្បាប់ ក៏ដូចជា ការផាកពិន័យ​ជា​ប្រាក់​ជាដើម​៕/V​