​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្រមុខ​នុយក្លេអ៊ែរ​របស់​អង្គការសហប្រជាជាតិ​បាន​ព្រមាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១១​សីហា​ថា សកម្មភាព​យោធា “​ដ៏​គួរឱ្យ​ព្រួយបារម្ភ​”​នៅឯ​រោងចក្រ​នុយក្លេអ៊ែរ​ធំ​​បំផុត​របស់​អឺរ៉ុប​នៅ​ភាគ​អាគ្នេយ៍​អ៊ុយ​ក្រែន​អាច​នាំឱ្យ​មាន​ផលវិបា​ក​ដ៏​គ្រោះថ្នាក់​សម្រាប់​តំបន់ ហើយ​អំពាវនាវ​ឱ្យ​បញ្ចប់​ការវាយប្រហារ​នៅ​រោងចក្រ​ក្នុង​ទីក្រុង​ហ្សា​ផូ​រី​ហ្ស​ហ្សា (Zaporizhzhia)​ដែល​​គ្រប់គ្រង​ដោយ​រុស្ស៊ី​។​

​លោក រ៉ា​ហ្វា​អែល ហ្គ្រោ​សស៊ី (Rafael Grossi) បាន​ជំរុញ​ឱ្យ​រុស្ស៊ី​និង​អ៊ុ​យក្រែន ដែល​ស្តីបន្ទោស​គ្នា​ទៅវិញទៅមក​ចំពោះ​ការវាយប្រហារ​នៅ​រោងចក្រ​នេះ​អនុញ្ញាត​ភ្លាមៗ​ឱ្យ​អ្នកជំនាញ​នុយក្លេអ៊ែ​រ​​ចូល​វាយតម្លៃ​ការខូចខាត​និង​សុវត្ថិភាព​និង​សន្តិសុខ​នៅឯ​បរិវេណ​នុយក្លេអ៊ែរ​ដ៏​ធំធេង​នេះ ជា​ទី​ដែល​ស្ថានភាព “​កំពុង​ធ្លាក់ចុះ​យ៉ាប់យ៉ឺន​យ៉ាង​ឆាប់រហ័ស​”​។​

​លោក​បាន​ចង្អុល​ទៅ​ការបាញ់​ផ្លោង​និង​ការផ្ទុះ​ជាច្រើន​នៅ​ទីក្រុង​ហ្សា​ផូ​រី​ហ្ស​ហ្សា​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ដែល​បង្ខំ​ឱ្យ​បិទ​ម៉ាស៊ីន​បំលែង​ថាមពល​អគ្គិសនី និង​ម៉ាស៊ីន​បំលែង​បម្រុង​ចំនួន​ពីរ​ជា​ហេតុ​​បង្ខំ​ឱ្យ​បិទ​ម៉ាស៊ីន​រ៉េ​អា​ក់ទ័រ​នុយក្លេអ៊ែរ​មួយ​។​

​កាលពី​សប្តាហ៍​មុន លោក​ហ្គ្រោ​សស៊ី​បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Associated Press​ថា ស្ថានភាព​នៅ​ទីក្រុង​ហ្សា​ផូ​រី​ហ្ស​ហ្សា គឺ “​មិន​អាច​គ្រប់គ្រង​បាន​ទាំងស្រុង​”​។​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍ លោក​បាន​ទាមទារ​ឱ្យ​បញ្ឈប់​សកម្មភាព​យោធា “​ដែល​មាន​សូម្បីតែ​លទ្ធភាព​តូច​បំផុត​ក្នុង​ការបង្ក​ឱ្យ​ប៉ះពាល់​ដល់​សុវត្ថិភាព​នុយក្លេអ៊ែរ​” នៅក្នុង​រោងចក្រ​ដ៏​សំខាន់​បែបនេះ​។​លោក​​បាន​និយាយថា ខណៈ​ការវាយតម្លៃ​បឋម​ដោយ​អ្នកជំនាញ​បាន​រកឃើញថា “​មិន​មាន​ការគំរាមកំហែង​ភ្លាមៗ​ចំពោះ​សុវត្ថិភាព​នុយក្លេអ៊ែ​រ​” នៅ​រោងចក្រ​ពី​ការបាញ់​ផ្លោង​និង​សកម្មភាព​យោធា​”​វា​អាច​​ប្រែប្រួល​គ្រប់ពេលវេលា​”​។​

​ការអំពាវនាវ​របស់​លោក​ហ្គ្រោ​ស​ស៊ីគឺប​ន្ទ​រតាម​ការអំពាវនាវ​របស់​អគ្គលេខាធិការ​អ​.​ស​.​បលោក អង់​តូ​នីញ៉ូ គូថេ​រ៉េស​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ដើម្បីឱ្យ​បញ្ចប់​សកម្មភាព​យោធា​ទាំងអស់​នៅ​ជុំវិញ​រោងចក្រ​​ហ្សា​ផូ​រី​ហ្ស​ហ្សា ដោយ​ព្រមាន​ថា ការខូចខាត​ណាមួយ​អាច​នាំឱ្យ​មាន “​ផលវិបាក​ដ៏​មហន្តរាយ​” នៅក្នុង​បរិវេណ តំបន់ និង​ហួស​ពី​តំបន់​៕

ទាហាន​រុស្ស៊ី​ឈរ​យាម​ក្នុងរោ​នុយក្លេអ៊ែរ​ក្នុង​ទីក្រុង​ហ្សា​ផូ​រី​ហ្ស​ហ្សា