ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ នៃ​គណៈកម្មាធិការ​ជាតិ រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម ឆ្នាំ​២០២ (CAMSOC) បាន​មានប្រសាសន៍ថាៈ វិញ្ញាសា​ជាង ៥០០ លើ ៤០ ប្រភេទ​កីឡា កំពុង​ត្រូវបាន​ត្រៀម​ដាក់​ឲ្យ​ប្រកួត ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​ប្រទេស​កម្ពុជា​។​

​លោក​អគ្គលេខាធិការ CAMSOC បាន​មានប្រសាសន៍​បញ្ជាក់​យ៉ាង​ដូច្នេះ នៅក្រោយ​កិច្ចប្រជុំ ពិភាក្សា​ត្រួតពិនិត្យ​ការងារ របស់​សហព័ន្ធ​កីឡា​ជាតិ និង​ផ្នែក​ពាក់ព័ន្ធ ដើម្បី​សម្រេច​លើ​វិញ្ញាសា ក្នុងការ​ដាក់បញ្ចូល​ទៅក្នុង ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា ដែល​ធ្វើឡើង នៅ​រសៀល ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២២ នាទី​ស្នាក់ការ​កណ្ដាល គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​។​

​លោក វ៉ា​ត់ ចំរើន បាន​មានប្រសាសន៍ថាៈ ថ្ងៃនេះ អគ្គលេខាធិការដ្ឋានរ​បស់ គណៈកម្មាធិការ​ជាតិ CAMSOC បានរៀបចំ​កិច្ចប្រជុំ ជាមួយ​សហព័ន្ធ​កីឡា​ជាតិ ហើយ​ការរៀប​ចំនេះ គឺជា​ដំណើរការ​នៃ​ផែនការ​ការងារ ដែល​ដាក់ចេញ​ដោយ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន CAMSOC ក៏ដូចជា លោក​បណ្ឌិត ថោង ខុន អនុប្រធាន​អចិន្ត្រៃយ៍ CAMSOC បាន​ឲ្យ​យើង​ធ្វើយ៉ាងណា ឲ្យ​ខាង​ជំនាញ​នេះ មាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក ក៏ដូចជា លោក​អគ្គនាយក អ៊ុក សិទ្ធិ​ជាតិ (​អគ្គនាយក​កីឡា​) ត្រូវ​ធ្វើការ​ជាមួយគ្នា ជាមួយនឹង សហព័ន្ធ​ជាតិ ដើម្បី​មើលឃើញ អំពី​ការវិវឌ្ឍ នៅក្នុង​ផ្នែក​បច្ចេកទេស​និង​ការរៀបចំ សហព័ន្ធ​ជាតិ ក្នុងការ​ប្រកួត​ស៊ី​ហ្គេម ឆ្នាំ​២០២៣​។​

​កីឡា​ចំនួន ៣៩ ប្រភេទ បូករួម​ទាំង​កីឡា​សម្ដែង​១​ប្រភេទ ត្រូវបាន​អនុម័ត ក្នុង​កិច្ចប្រជុំ ក្រុមប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍ កាលពី​ខែកក្កដា ឆ្នាំ​២០២២ នៅ​កម្ពុជា ស្របពេល​ថ្ងៃនេះ វិញ្ញាសា​ប្រកួត (Events) ជាង ៥០០ ស្ថិតក្នុង​ចង្កោម​ប្រភេទ​កីឡា ទាំង ៣៩ ត្រូវបាន​អង្គប្រជុំ​ពិនិត្យ និង​សម្រេច​បានជា​ផ្លែផ្កា ដើម្បី​ត្រៀម​ដាក់​បង្ហាញ ក្នុង​កិច្ចប្រជុំ​សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍ នៅ​សប្ដាហ៍​ក្រោយ នាទី​ក្រុង​បាងកក ប្រទេស​ថៃ​។​

​លោក​អគ្គលេខាធិការ បានលើកឡើង​ថាៈ អង្គប្រជុំ បានកំណត់​វិញ្ញាសា ដែល​ត្រូវ​ដាក់ចូល ក្នុងការ​ប្រកួត​ប្រភេទ​កីឡា​នីមួយៗ ដែល​ត្រូវបាន​ក្រុមប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍ បានសម្រេច រួចហើយ​។ អ្វីដែល​យើង​ទទួលបាន​នូវ​ធាតុ​ចូល​សំខាន់ៗ ពី​គ្រប់​ប្រភេទ​កីឡា ទាំងអស់ ដោយ​ដាក់​វិញ្ញាសា​របស់ខ្លួន គឺ​ដើម្បី​សប្ដាហ៍​ក្រោយនេះ គឺជា​ថ្ងៃ​ដែល​ប្រជុំ សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍ នៅឯ​ទីក្រុង​បាងកក​។ យើង​នឹង​បង្ហាញ​គេ​អំពី ប្រភេទ​វិញ្ញាសា ដែល​យើង​ត្រូវបាន​សម្រេច​ដាក់ នៅក្នុង​ស៊ី​ហ្គេម​។ អីចឹង បើ​យើង​បូក​ទៅ​គឺ​ជាង ៥០០ វិញ្ញាសា ស្មើនឹង​ជាង ៥០០ មេដាយ ដែល​យើង​ត្រូវ​រៀបចំ នៅ​ស៊ី​ហ្គេម ២០២៣ ។​
​យើង​បាន​ស្គេ​ន​គ្រប់​ប្រភេទ​កីឡា​ទាំងអស់ ឲ្យ​មាន​ភាពជាក់លាក់​ថា វិញ្ញាសា​ដែល​គាត់ បានដាក់​នេះ ពិត​ជាមាន​យុទ្ធសាស្ត្រ​ច្បាស់លាស់ សម្រាប់​ប្រភេទ​កីឡា​របស់ខ្លួន​។ គាត់​មាន​យុទ្ធសាស្ត្រ សម្រាប់​ស្វែងរក​ឧត្តមភាព​។ គាត់​មាន​យុទ្ធសាស្ត្រ សម្រាប់​ស្វែងរក​សក្ដានុពល ហើយ​គាត់​មាន​យុទ្ធសាស្ត្រ ក្នុងការ​ស្វែងរក​នូវ ជ័យលាភី​របស់គាត់​។ យើង​ប្រជុំ​ថ្ងៃនេះ យើង​លម្អិត​អំពី​ចំណុច​តូចៗ​ណា ដែល​យើង​មិនទាន់​យល់​គ្នា​។ ភាពស្រពេចស្រពិល មិនទាន់​យល់ យុទ្ធសាស្ត្រ​ស៊ីជម្រៅ គឺ​ត្រូវ​បើក​កកាយ នៅថ្ងៃនេះ​។​

​សហព័ន្ធ​ទាំងអស់ គឺ​យើង​បានទទួល ហើយ​នូវ​គម្រោង​ផែនការ និង​ការកំណត់​ប្រភេទ​​វិញ្ញាសា​របស់គាត់ បាន​រួចរាល់​អស់ហើយ​។ យើង​នៅ​សេសសល់​តិចតួច​។ យើង​នឹង​បញ្ចប់ នៅថ្ងៃនេះ និង​ថ្ងៃស្អែក ហើយ​ដើម្បី​ថ្ងៃ​ច័ន្ទ យើង​យកទៅ​ក្នុង​កិច្ចប្រជុំ សហព័ន្ធ​កីឡា អាស៊ីអាគ្នេយ៍ នៅ​ទីក្រុង​បាងកក​។​

​លោក វ៉ា​ត់ ចំរើន បាន​សង្កត់ធ្ងន់ថាៈ នេះ​គឺជា​ជោគជ័យ មួយ​ជំហាន​ទៀត សម្រាប់​ការ​រៀបចំ​ផ្នែក​បច្ចេកទេស និង​ស្វែងរក​ឧត្តមភាព ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម ដោយមាន​ការ ណែនាំ​បន្ថែម ដល់​សហព័ន្ធ ត្រូវ​យកចិត្តទុកដាក់​មើល ការហ្វឹកហាត់​របស់​កីឡាករ កីឡាការិនី ជម្រើសជាតិ ជំរុញ​ខាង​ផ្នែក​ចិត្តសាស្ត្រ ជំរុញ​ខាង​ផ្នែក​ការគាំទ្រ ជំរុញ​ខាង​ផ្នែក ការហ្វឹកហាត់​កម្លាំងកាយ ទាំង​បច្ចេកទេស ឲ្យ​បាន​ស្របគ្នា ព្រោះ​កីឡាករ កីឡាការិនី គឺជា​តួឯក​នៅក្នុង​ស៊ី​ហ្គេម ឆ្នាំ​២០២៣​។​

​ដោយ​គោរព​តាម​ការណែនាំ​ដ៏​ខ្ពង់ខ្ពស់ របស់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន CAMSOC និង​លោក​បណ្ឌិត ថោង ខុន អនុប្រធាន​អចិន្ត្រៃយ៍ CAMSOC គឺត្រូវធ្វើ​យ៉ាងណា​ឲ្យ មាន​ភាពស្មោះ​ត្រង់ និង​មាន​ភាព​បរិសុទ្ធ​ថ្លៃថ្នូរ ក្នុង​ការធ្វើការងារ​ប​ច្ចេកទេស មិនមែនជា ការរៀបចំ ដោយ​មិន​គោរព បទបញ្ជា​ការប្រកួត និង​គោលការណ៍ Fair Play នោះឡើយ ពោលគឺ ធ្វើ​យុទ្ធសាស្ត្រ នៅក្នុង​បច្ចេកទេស និង​ក្នុង​ក្របខណ្ឌ​នៃ បទបញ្ជា​ប្រកួត​៕/V​