​ដោយៈ សុខុម / ស្ទឹងត្រែងៈ នៅ​ព្រឹក​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២២ សមត្ថកិច្ច កងរាជអាវុធហត្ថ ខេត្តស្ទឹងត្រែង បាន​កសាង​សំណុំរឿង បញ្ជូន​ជនសង្ស័យ ៨ នាក់ ទៅ​តុលាការ ពាក់ព័ន្ធ​បទ​លួច​ម៉ូតូ និង​ជួញដូរ​គ្រឿងញៀន​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថាៈ កាលពី​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០២២ ក្រោយពី​ទទួល​បណ្ដឹង ពី​ជនរងគ្រោះ មាន​ករណី​ចោរលួច​ម៉ូតូ ១​គ្រឿង លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អៀង វ៉ាន់ឌី មេបញ្ជាការ​កងរាជអាវុធហត្ថ ខេត្តស្ទឹងត្រែង បាន​បញ្ជា​ឱ្យកម្លាំង​មន្ទីរជំនាញ សហការ ជាមួយ​កម្លាំង​មូលដ្ឋាន កងរាជអាវុធហត្ថ​ក្រុង​ស្ទឹងត្រែង ដឹកនាំ​សម្របសម្រួល​នឺតិវិធី ដោយ​លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង ខេត្តស្ទឹងត្រែង ចុះ បង្ក្រាប​ករណី​ខាងលើ ចាប់​ឃាត់​ជនសង្ស័យ ១​នាក់ និង​វត្ថុតាង​ម៉ូតូ ១​គ្រឿង នៅ​ចំណុច​ភូមិ​ព្រែក សង្កាត់ ស្ទឹងត្រែង ខេត្តស្ទឹងត្រែង​។​

​បន្ទាប់ពី​បង្ក្រាបបាន​ករណី​ចោរលួច​ម៉ូតូ ខាងលើនេះ កងរាជអាវុធហត្ថ​ក្រុង​ស្ទឹងត្រែង បាន​ឈានដល់​ការឃាត់ខ្លួន ជនសង្ស័យ​ចំនួន ៧ នាក់ បន្ថែមទៀត ពាក់ព័ន្ធ​ករណី​ជួញដូរ ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​។

​មន្ត្រី​កងរាជអាវុធហត្ថ បាន​ឲ្យ​ដឹង​ទៀតថាៈ កាលពី​ថ្ងៃទី​១១ សីហា មន្ត្រី​កងរាជអាវុធហត្ថ បាន​កសាង​សំណុំរឿង ខាងលើនេះ បញ្ជូនទៅ​អយ្យការ អម​សាលាដំបូង​ខេត្តស្ទឹងត្រែង និង​បន្តទៅ​ចៅក្រម​ស៊ើបសួរ ដើម្បី​សម្រេច​ចេញ​ដីកាឃុំខ្លួន ដាក់ពន្ធនាគារ ចុងក្រោយ ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២២៕/V​