​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១១​សីហា អ៊ីរ៉ង់​បាន​ច្រានចោល​ថា​ជា “​រឿង​ប្រឌិត​” ចំពោះ​ការចោទប្រកាន់​របស់​ស​ហ​រដ្ឋ​អាម៉េរិក​ថា​ខ្លួន​បាន​រៀបចំ​ផែនការ​សម្លាប់​​អតីត​ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​សេត​វិមាន​លោក ច​ន បូល​តុ​ន (John Bolton) ដើម្បី​សងសឹក​ចំពោះ​ការធ្វើឃាត​មេបញ្ជាការ​កំពូល​ម្នាក់​។​

​ការអះអាង​របស់​អាម៉េរិក​កើត​ឡើង​នៅ​គ្រា​ដ៏​លំបាក​ក្នុង​កិច្ច​ពិភាក្សា​ស្តីពី​ការស្តារ​ឡើង​វិញ​នូវ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​រវាង​អ៊ីរ៉ង់​និង​មហាអំណាច​ធំៗ​ដែល​ទីក្រុង​វ៉ាស៊ីនតោន​បាន​បោះបង់ចោល​​កាលពី​ឆ្នាំ ២០១៨ ប៉ុន្តែ​និយាយថា ខ្លួន​ចង់​ចូលរួម​ឡើងវិញ​។ ពេល​នេះ​អ៊ីរ៉ង់​កំពុង​ពិចារណា​នូវ​អ្វី​ដែល​អ្នកសម្របសម្រួល​សហភាព​អឺរ៉ុប​ហៅថា​ជា “​អត្ថបទ​ចុងក្រោយ​”​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​អ៊ីរ៉ង់​លោក កាស​សឺ កា​ណា​នី (Nasser Kanani) បាន​និយាយថា “​ក្រសួង​យុត្តិធម៌​អាម៉េរិក​បាន​ធ្វើ​ការចោទប្រកាន់​ដោយ​មិន​ផ្តល់​ភស្តុតាង​ត្រឹមត្រូវ ដោយ​បង្កើត​ការងារ​ប្រឌិត​ថ្មី​”​។​

​លោក​កា​ណា​នី​បាន​និយាយ​ចម្អក​ថា “​លើក​នេះ​ពួកគេ​បាន​បង្កើត​ផែនការ​ពាក់ព័ន្ធ​នឹង​បុគ្គល​ដូចជា​បូល​តុ​ន ដែល​អាជីព​នយោបាយ​របស់​ខ្លួន​បាន​បរាជ័យ​។​សាធារណរដ្ឋ​អ៊ីស្លាម​ព្រមាន​ប្រឆាំង​​នឹង​សកម្មភាព​ណាមួយ​ដែល​កំណត់​គោលដៅ​លើ​ពលរដ្ឋ​អ៊ីរ៉ង់ តាមរយៈ​ការ​ងាក​ទៅរក​ការចោទប្រកាន់​គួរឱ្យ​អស់សំណើច​”​។​

​កាលពី​ថ្ងៃ​ពុធ ក្រសួង​យុត្តិធម៌​អាម៉េរិក​បានប្រកាសថា ខ្លួន​បាន​រារាំង​ផែនការ​មួយ​ដោយ​សមាជិក​នៃ​កង​ឆ្មាំ​បដិវត្តន៍​អ៊ីស្លាម​អ៊ីរ៉ង់ (IRGC) ដើម្បី​សម្លាប់​លោក​បូល​តុ​ន ដោយ​ផ្តល់​លុយ​ចំនួន ៣០ ម៉ឺន​ដុល្លារ​ឱ្យ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​នៅ​ក្នុង​សហរដ្ឋ​អាម៉េរិក​ដើម្បី​បំពេញ​ការងារ​នេះ​។​

​ក្រសួង​បាន​និយាយថា ផែនការ​នេះ​ទំនងជា​ត្រូវបាន​បង្កើតឡើង​ដើម្បី​សងសឹក​ចំពោះ​ការ​ដែល​អាម៉េរិក​សម្លាប់​មេបញ្ជាការ​ឆ្មាំ​កំពូល​លោក កា​សឹម សូឡី​ម៉ា​នី (Qasem Soleimani)​នៅក្នុង​ប្រទេស​​អ៊ីរ៉ាក់​ក្នុង​ខែ​មករា​ឆ្នាំ ២០២០​។​

​ផែនការ ដែល​បាន​អូសបន្លាយ​ពី​ខែ​តុលា ឆ្នាំ ២០២១ រហូតដល់​ខែ​មេសា​ឆ្នាំនេះ មិន​ដែល​ដំណើរការ​ទៅ​មុខ​ទេ ដោយសារ​តែ​ឃាតករ​សង្ស័យ​គឺជា​អ្នកផ្តល់​ព័ត៌មាន​របស់​ការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ (FBI)​។​ប៉ុន្តែ​ឯកសារ​របស់​តុលាការ​បង្ហាញថា FBI​អនុញ្ញាត​ឱ្យ​ផែនការ​បន្ត​ទៅ​មុខ​ដើម្បី​ប្រមូល​ព័ត៌មាន​អំពី​មេក្លោង​ឈ្មោះ សា​រ៉ា​ម ភួសា​ហ្វ៊ី (Shahram Poursafi) ជា​សមាជិក​នៃ​កងកម្លាំង​វរជន Quds របស់ IRGC និង​អំពី​ផែនការ​កាន់តែ​ទូលំទូលាយ​របស់​អ៊ីរ៉ង់ រួម​ទាំង​ផែនការ​មួយ​ផ្សេង​ទៀត​ដើម្បី​សម្លាប់​អតីតមន្ត្រី​អាម៉េរិក​ដ៏​លេចធ្លោ​ម្នាក់​ទៀត​ដែល​គេ​រាយការណ៍​ថា​ជា​អតីត​រដ្ឋ​ការបរទេស​​លោក ម៉ៃ ផ​ម​ផេវ​។​

​លោក​ភួសា​ហ្វ៊ី ដែល​គេ​ជឿ​ថា​នៅ​តែ​ស្ថិត​នៅក្នុង​ប្រទេស​អ៊ីរ៉ង់ ត្រូវបាន​ចោទប្រកាន់​ដោយ​ក្រសួង​យុត្តិធម៌​ជាមួយ​នឹង​បទល្មើស​ពីរ​ករណី​ទាក់ទង​នឹង​ការគប់គិតឃាតកម្ម​៕

អតីត​ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​សេត​វិមាន​លោក ច​ន បូល​តុ​ន​