ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ មេធាវី​របស់​លោកស្រី ជើ​រី ហ​ល (Jerry Hall) បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១១​សីហា​ថា មហាសេដ្ឋី​ប្រព័ន្ធ​ផ្សព្វផ្សាយ លោក រូ​ភឺត ម៉ួដុ​ក (Rupert Murdoch) និង​តារា​បង្ហាញ​ម៉ូត ជើ​រី ហ​ល លែងលះ​គ្នា​ដាច់ស្រេច បន្ទាប់​ពី​រៀបការ​បាន​ប្រាំ​មួយឆ្នាំ​។​

​វា​ជា​ការ​លែងលះ​លើក​ទី​បួន​សម្រាប់​លោក​ម៉ួដុក​អាយុ ៩១ ឆ្នាំ​ដែល​បាន​រៀបការ​ជាមួយ​លោកស្រី​ហ​ល អាយុ ៦៦ ឆ្នាំ​នៅ​ទីក្រុង​ឡុង​ដ៍​ក្នុង​ខែ​មីនា​ឆ្នាំ ២០១៦​។​

​មេធាវី​ឈ្មោះ ជូ​ឌី ផូល​ល័​រ (Judy Poller) បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AFP ថា “​ជើ​រី និង រូ​ភឺត ម៉ួដុ​ក បាន​សម្រេចការ​លែងលះ​របស់​ពួកគេ​ជា​ស្ថាពរ​។​ពួកគេ​នៅតែ​ជា​មិត្ត​ល្អ​នឹង​គ្នា និង ជូនពរ​ឱ្យ​គ្នា​ទៅវិញទៅមក​សម្រាប់​អនាគត​ដ៏​ល្អ​ត្រកាល​”​។​

​យោង​តាម​ទស្សនា​វ​ដ្តី Forbes លោក​ម៉ួដុក​ជនជាតិ​អូស្ត្រាលី ដែល​ជា​ម្ចាស់​កាសែត​ល្បីៗ​ជាច្រើន​របស់​ពិភពលោក មាន​ទ្រព្យសម្បត្តិ​ជាង ១៧ ពាន់​លាន​ដុល្លារ​។​

​ប្តី​ប្រពន្ធ​នេះ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មុនពេល​រៀប​អាពាហ៍ពិពាហ៍ ហើយ​កាសែត The New York Times បាន​រាយការណ៍​កាលពី​ខែ​មិថុនា​ថា​ការ​បែក​គ្នា​នេះ​ទំនងជា​មិន​ផ្លាស់​​ប្តូរ​រចនា​សម្ពន្ធ​កម្មសិទ្ធិ​នៃ​អាជីវកម្ម​ដែល​លោក​ម៉ួដុ​កកាន់កាប់​ភាគហ៊ុន​នៅក្នុង​នោះ​ទេ ដែល​រួមមាន​ក្រុមហ៊ុន​មេ Fox News និង The Wall Street Journal ។​

​អាណាចក្រ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ពិភពលោក​ដ៏​មាន​ឥទ្ធិពល​របស់​គាត់​ក៏​រួមបញ្ចូល​ផងដែរ​នូវ​កាសែត New York Post, The Times of London និង​កាសែត The Sun របស់​អង់គ្លេស​។​

​ភរិយា​ដំបូង​របស់​ម៉ួដុក​គឺ លោកស្រី ផា​ទ្រី​កា ប៊ុក​ឃើ (Patricia Booker) ជា​អ្នកបម្រើ​លើ​យន្តហោះ​ជនជាតិ​អូស្ត្រាលី ដែល​គាត់​បាន​លែងលះ​នៅ​ចុង​ទសវត្សរ៍​ឆ្នាំ ១៩៦០​។​

​គាត់​និង​ប្រពន្ធ​ទី​ពីរ​ឈ្មោះ អាន​ណា (Anna) ជា​អ្នកយក​ព័ត៌មាន​កាសែត បាន​នៅ​ជាមួយ​គ្នា​ជាង​៣០​ឆ្នាំមុន​លែងលះគ្នា​ក្នុង​ឆ្នាំ​១៩៩៩​។​

​អាពាហ៍ពិពាហ៍​លើក​ទី​បី​របស់​គាត់​ជាមួយ​លោកស្រី វេន​ឌី តេង (Wendi Deng) បាន​បញ្ចប់​ក្នុង​ឆ្នាំ ២០១៣ ចំ​ពេល​មាន​សេចក្តីរាយការណ៍​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា​លោកស្រី​មាន​ទំនាក់ទំនង​ស្នេហា​​ជាមួយ​អតីត​នាយករដ្ឋមន្ត្រី​អង់គ្លេស តូ​នី ប្លែ​រ ដែល​បាន​បដិសេធ​មិន​បាន​ប្រព្រឹត្ត​រឿង​មិន​សមរម្យ​ណាមួយ​នោះ​ឡើយ​។​

​លោកស្រី​ហល កើត​នៅ​រដ្ឋ​តិច​សាស់ គឺជា​ដៃគូ​ដ៏​យូរលង់​របស់​តារាចម្រៀង​ជួរមុខ​របស់​ក្រុម Rolling Stones លោក មី​ក ចា​ហ្គើ (Mick Jagger) ដែល​លោកស្រី​មានកូន​បួន​នាក់​ជាមួយ​គាត់​៕

​លោក​ម៉ួដុក និង​លោកស្រី​ហល​លែងលះគ្នា​បានសម្រេច​