​ដោយ​៖ ដេប៉ូ / កំពង់ធំ​៖ នា​កន្លងមក តាមរយៈ​ការ​បំផុស​ចលនា​ឱ្យ​ប្រជាពលរដ្ឋ និង​យុវជន ចូលរួម​អភិរក្ស​ធនធានធម្មជាតិ ការថែរក្សា​ព្រៃឈើ និង​សត្វព្រៃ បានធ្វើឱ្យ យុវជន កាន់តែច្រើន បាន​យល់ដឹង​ពី​បរិស្ថាន និង​ពួកគេ កាន់តែ​មានការ​ស្រឡាញ់ ហើយ​និង​ចូលរួម​អភិរក្ស ធនធានធម្មជាតិ​។ នេះ​ជាការ​លើកឡើង ដោយ​កំពូល​តារាចម្រៀង មាស សុខ​សោភា​។​

​គួរ​បញ្ជាក់ថា ការលើកឡើង​របស់​តារាចម្រៀង មានឈ្មោះ​បោះ​សម្លេង និង​ជា​អ្នកសិល្បៈ ស្រឡាញ់​បរិស្ថាន ដោយបាន​ចូលរួម កិច្ចការពារ​ធនធាន​ធម្មជាតិ ជាច្រើន កន្លងមក រូបនេះ ធ្វើឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន ស្តីពី​អន្ទាក់​សូន្យ នៅ​ខេត្តកំពង់ធំ នា​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២២​។​

​តារាចម្រៀង​ស្រី​ដ៏​លេចធ្លោ មាស សុខ​សោភា ក្នុង​ពិធី​នេះ បានបង្ហាញ​ការប្តេជ្ញាចិត្ត បន្ថែមទៀត ដល់​អ្នកគាំទ្រ​របស់ខ្លួន ចូលរួម​យុទ្ធនាការ អភិរក្ស​ធនធានធម្មជាតិ ទ្រង់ទ្រាយ​ធំ ដើម្បី​បញ្ជ្រាប​ការយល់ដឹង ពី​តម្លៃ​ធនធានធម្មជាតិ ហើយ​ឱ្យ​ពួកគាត់​រួមគ្នា នូវ​សម្បត្តិ​ធនធាន​ធម្មជាត មិនអាច​កាត់ថ្លៃ​បាន ទាំងអស់នេះ ដើម្បី​ជា​ប្រយោជន៍ ដល់​កូនចៅ​ជំនាន់​ក្រោយ បន្តទៀត​។​

​ឆ្លង​តាមរយៈ​ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ ១៩ កន្លងមក​អ្នកនាង មាស សុខ​សោភា បានលើកឡើង​ថាៈ នៅពេល​អ្នកនាង ត្រូវ​សម្ងំ​នៅផ្ទះ ហើយ​មានឱកាស​ចេញមក បាន​មើល​ធម្មជាតិ​ឡើងវិញ បានធ្វើឱ្យ​អ្នកនាង ចាត់ទុក​បរិស្ថាន គឺជា​ព្រះ ហើយ​ការបាត់បង់​ព្រៃឈើ ប្រៀប​ដូច​ការបាត់បង់​អាយុជីវិត​របស់​សត្វព្រៃ ដ៏​មានតម្លៃ មិនអាច​កាត់ថ្លៃ ដូច្នេះ​ដែរ​។​

​ក្នុង​ពិធី​នេះដែរ អ្នកនាង មាស សុខ​សោភា បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ ចូលរួម​បញ្ឈប់​ការដាក់​អន្ទាក់ ដើម្បី​ចាប់​សត្វព្រៃ និង​បញ្ឈប់​ការបរិភោគ​សាច់សត្វ​ព្រៃ ហើយ​នាំគ្នា​ងាក​មក​ចូលរួម ថែរក្សា​ធនធានធម្មជាតិ​។​

​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន និង​ជា​ប្រធាន​យុទ្ធនាការ​អន្ទាក់​សូន្យ បាន​ថ្លែងថាៈ ការចូលរួម​ពី​សិល្បករ សិល្បការិនី គឺជា​ផ្នែក​មួយ​ដ៏​សំខាន់ ដោយសា​តែ សិល្បករ សិល្បការិនី មាន​អ្នកគាំទ្រ​ច្រើន ដូច្នេះ​ការអំពាវនាវ​ពី​សំណាក់​ពួកគាត់ ទៅកាន់​អ្នកគាំទ្រ អាចមាន​ប្រសិទ្ធភាព កាន់តែ​ខ្លាំងក្លា​បន្ថែមទៀត ដែល​នេះ​ជា​វិធីសាស្ត្រ ចម្រុះ ដើម្បី​ផ្សព្វផ្សាយ​ពី​ប្រយោជន៍ នៃ​ធនធានធម្មជាតិ និង​សត្វព្រៃ បន្ថែម​លើ​មន្ត្រី រាជរដ្ឋាភិបាល​។​

​គួរ​បញ្ជាក់ថា ខេត្តកំពង់ធំ គឺជា​ខេត្ត​ទី​៥ ដែល​ក្រសួងបរិស្ថាន បាន​ដឹកនាំ​បើក​យុទ្ធនាការ អន្ទាក់​សូន្យ ដោយមាន​ការចូលរួម​ពី អង្គការ​ដៃគូ បន្ទាប់ពី​ខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ ខេត្តក្រចេះ ខេត្ត​មណ្ឌល​គី​រី និង​ខេត្តកំពង់ធំ​។​

​សូម​រំលឹកថា យុទ្ធនាការ​អន្ទាក់​សូន្យ ធ្វើ​រហូតដល់​ពេលនេះ គឺមាន​រយៈពេល ៥​ខែ ហើយ​ដែល​រយៈពេល ៥​ខែ​នេះ ឃើញ​លទ្ធផល​វិជ្ជមាន​ជាច្រើន តាមរយៈ​លទ្ធផល បានមកពី​យុទ្ធនាការ​អន្ទាក់​សូន្យ នៅក្នុង​នោះ គឺ​ទី​១.​ការយល់ដឹង​របស់​សាធារណជន ពី​ផលប៉ះពាល់​នៃ​អន្ទាក់​។ ទី​២.​ចូលរួម​ការកាត់បន្ថយ ការហូប​សាច់សត្វ​។ ៣.​ទទួល​ដឹងថា សាច់សត្វ អាច​ផ្ទុកមេរោគ ដែល​ប៉ះពាល់​ដល់​សុខភាព ដែល​វា​មិនមែនជា​ថ្នាំ​ប៉ូវ ឬ​ថ្នាំ​ជំនួយ​សុខភាព​ទេ និង​ទី​៤.​ធ្វើឱ្យ​ប្រជាពលរដ្ឋ បាន​យល់ដឹង​ពី យុទ្ធនាការ​អន្ទាក់​សូន្យ មាន​គោលបំណង​សំខាន់ ក្នុងការ​ធ្វើឱ្យ​ជីវចម្រុះ មាន​សុ​វត្តិភាព​ជាដើម​៕/V​