ដោយៈ ប​.​ខុន / ភ្នំពេញៈ ទឹកស្ទឹង​សែន នៅ​ក្រុង​កំពង់ធំ បាន​ឡើងទៅ​កៀក​នឹង​កម្ពស់ ត្រូវ​ប្រកាស​ឱ្យមាន​ការប្រុងប្រយ័ត្ន អំពី​ការលិចលង់​ហើយ បន្ទាប់ពី​ទឹកស្ទឹង​នេះ នៅ​ស្រុក​សណ្តាន់ បាន​ឡើង​ហួស​ពី​កម្រិត ត្រូវ​ប្រកាស​ឱ្យមាន​ការ​ប្រយ័ត្ន ហើយ​ទឹក​នៅ​ស្រុក​រវៀង នៅតែ​បន្ត​ឡើង​ខ្ពស់​។ ចំណែក​ទឹកទន្លេ​មេគង្គ នៅ​ចតុមុខ បាន​ឡើងដល់​កម្ពស់ ៧,១១ ម៉ែត្រ នៅ​ថ្ងៃទី​១២ ខែសីហា តែ​នៅ​ភាគ​ខាងលើ ទឹក​មាន​សញ្ញាណ​ចាប់ផ្តើម​ចុះ​ជា​លំដាប់​វិញ ចាប់ពី​ថ្ងៃទី​១៣ ខែសីហា​។​

​លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង នៅ​ថ្ងៃទី​១២ ខែសីហា​ថាៈ ទឹកស្ទឹង​សែន នៅ​ស្ថានីយ ជល​ផ​សាស្ត្រ ស្រុក​សណ្តាន់ នៅ​ព្រឹក​ថ្ងៃទី​១២ ខែសីហា បាន​ឡើងដល់​កម្រិត​កម្ពស់ ១៨,៥៨ ម៉ែត្រ ខ្ពស់ជាង​ថ្ងៃទី​១១ សីហា ០,១៤​ម៉ែត្រ គឺ​លើសពី​កម្ពស់​ត្រូវ​ប្រកាស ឱ្យមាន​ការប្រុងប្រយ័ត្ន ០,០៨ ម៉ែត្រ​ហើយ​។ នៅ​ក្រុង​កំពង់ធំ ទឹក​មាន​កម្ពស់ ១៣,៣០ ម៉ែត្រ ខ្ពស់ជាង​ថ្ងៃទី​១១ សីហា ០,០៥ ម៉ែត្រ នៅសល់តែ ០,២០ ម៉ែត្រ​ទៀត ដល់​កម្រិត​ត្រូវ​ប្រកាស ឱ្យមាន​ការប្រុងប្រយ័ត្ន អំពី​ការលិចលង់​ហើយ​។​

​អ្នកនាំពាក្យ​ក្រសួង​ជំនាញ​ខាងលើ បានបញ្ជាក់​ថាៈ ទឹក​នៅ​សងខាង​ស្ទឹងសែន ក្នុងស្រុក​សណ្តាន់ បាន​រង​ការលិចលង់​ខ្លះ​ហើយ ឯ​នៅ​ក្រុង​កំពង់ធំ ដែល​ទឹក​កាន់តែ​ឡើង ជិត​ដល់​កម្ពស់​ប្រកាស​ឱ្យ​ប្រុងប្រយ័ត្ន ក៏​ចាប់ផ្តើម​ជន់​លិច​តំបន់​ទំនាប​មួយចំនួន​ដែរ​ហើយ ខណៈ​ទឹក​ស្ទឹងសែន នៅ​ភាគ​ខាងលើ ដូចជា ស្រុក​រវៀង សណ្តាន់​នៅតែ​បន្ត​ជន់​ឡើង​។​

​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តកំពង់ធំ កាលពី​ថ្ងៃទី​១១ ខែសីហា បានចេញ​សេចក្តី ប្រកាស​ជូនដំណឹង ឱ្យមាន​ការប្រុងប្រយ័ត្ន អំពី​ជំនន់​ទឹកស្ទឹង​សែន ដែល​បាន​ហក់​ឡើង​ខ្ពស់ ហើយ​នៅតែ​បន្ត​ឡើង​ថែម​ច្រើន​ថ្ងៃ​ទៀត​រួចមក​។​

​តាម​ព្រឹត្តិប័ត្រ​ព័ត៌មាន និង​ព្យាករ​កម្ពស់​ទឹក ដោយ​ក្រសួង​ធនធានទឹក សម្រាប់​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២២ បានបង្ហាញ​ឱ្យឃើញថាៈ ទឹកទន្លេ​មេគង្គ នៅ​ខេត្តស្ទឹងត្រែង មាន​កម្ពស់ ៨,៨៦ ម៉ែត្រ ខ្ពស់ជាង​ថ្ងៃទី​១១ ខែសីហា ០,០៦ ម៉ែត្រ នៅ​ខេត្តក្រចេះ មាន​កម្ពស់ ១៩,០៤ ម៉ែត្រ ខ្ពស់ជាង​ថ្ងៃទី​១១ ខែសីហា ០,៦០ ម៉ែត្រ នៅ​ខេត្តកំពង់ចាម ទឹក​មាន​កម្ពស់ ១២,០៤ ម៉ែត្រ ខ្ពស់ជាង​ថ្ងៃទី​១១ ខែសីហា ០,៨៨ ម៉ែត្រ នៅ​ទន្លេបាសាក់ ចតុមុខ រាជធានី​ភ្នំពេញ ទឹក​មាន​កម្ពស់ ៧,១១ ម៉ែត្រ ខ្ពស់ជាង​ថ្ងៃទី​១១ ខែសីហា ០,៧២ ម៉ែត្រ នៅ​អ្នក​លឿង ទឹក​មាន​កម្ពស់ ៤,៩៤ ម៉ែត្រ ខ្ពស់ជាង​ថ្ងៃទី​១១ ខែសីហា ០,៥៧ ម៉ែត្រ នៅ​ទន្លេបាសាក់ កោះ​ខែល ទឹក​មាន​កម្ពស់ ៦,៣៨ ម៉ែត្រ ខ្ពស់ជាង​ថ្ងៃទី​១១ ខែសីហា ០,៥៨ ម៉ែត្រ នៅ​ទន្លេសាប ព្រែក​ក្តាម ទឹក​មាន​កម្ពស់ ៥,៨១ ម៉ែត្រ ខ្ពស់ជាង​ថ្ងៃទី​១១ ខែសីហា ០,៥៥ ម៉ែត្រ នៅ​បឹង​ទន្លេសាប ក្រគរ កំពង់​លួង ទឹក​មាន​កម្ពស់ ៤,០៥ ម៉ែត្រ ខ្ពស់ជាង​ថ្ងៃទី​១១ ខែសីហា ០,១២ ម៉ែត្រ​។​

​តាម​ការ​ព្យាក​ដដែល បង្ហាញថាៈ ទឹកទន្លេ​មេគង្គ នៅ​ទន្លេបាសាក់ ចតុមុខ អាច​នឹង​ឡើង ដល់​កម្ពស់ ៧,៨៧ ម៉ែត្រ នៅ​ថ្ងៃទី​១៥ ខែសីហា នៅ​ខេត្តស្ទឹងត្រែង ទឹក​អាច​ស្រក​មក​នៅ កម្ពស់ ៨,១៨ ម៉ែត្រ នៅ​ក្រចេះ ទឹក​អាច​ស្រក​មក​នៅ​កម្ពស់ ១៨,៤៨ ម៉ែត្រ និង​នៅ​ខេត្តកំពង់ចាម ទឹក​អាច​ស្រក​មក​នៅ កម្ពស់ ១២,២២ ម៉ែត្រ​។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ព្យាករណ៍ កាលពីដើម​រដូវវស្សា​ថាៈ ទឹកទន្លេ​មេគង្គ នៅ​ចតុមុខ ក្នុង​រដូវវស្សា ឆ្នាំ​២០២២ នេះ អាច​ឡើងដល់​កម្រិត​ក​ម្ព​ស់​ជាង ៩,៦៥ ម៉ែត្រ ចាត់ទុកជា​ប្រភេទ​ជំនន់​មធ្យម​៕/V​