ដោយ​:​សុផល​/ភ្នំពេញ​៖ ក្នុងឱកាស​បំពេញបេសកកម្ម​នៅ​សាធារណរដ្ឋ​ឥណ្ឌា គណៈប្រតិភូ​អន្តរ​សភា​អាស៊ាន (AIPA) ដឹកនាំ​ដោយ កិត្តិ​សេដ្ឋា​បណ្ឌិត ជាម យៀប អនុប្រធាន​ទី​១​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គ​មហា​ពញា​ចក្រី ប្រធានរដ្ឋសភា​កម្ពុជា និង​ជា​ប្រធាន​អាយ​ប៉ា លើក​ទី​៤៣ បាន​ជួបពិភាក្សា​ជាមួយ​អនុ​ប្រធានសភា​ឥណ្ឌា និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា នៃ​សាធារណរដ្ឋ​ឥណ្ឌា​នា​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២២​ម្សិលមិញ​នេះ​។

​ប្រភព​រដ្ឋសភា​បានឱ្យដឹងថា នៅក្នុង​ជំនួប​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រីការបរទេស​ឥណ្ឌា ភាគី​ទាំង​ពីរបាន​ផ្លាស់ប្តូរ​ទស្សនៈ​គ្នា​ជុំវិញ​សារសំខាន់​នៃ​ទំនាក់ទំនង​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​ឥណ្ឌា​-​អាស៊ាន ដែល​ឆ្នាំនេះ​ជា​ខួប​៣០​ឆ្នាំ​នៃ​មិត្តភាព​អាស៊ាន​-​ឥណ្ឌា​។ គណៈប្រតិភូ​អាយ​ប៉ា បាន​សម្តែង​ការគាំទ្រ​ចំពោះ​កិច្ចសហប្រតិបត្តិការ​ទាំ​ង​ឡាយ​របស់​ស្ថាប័ន​នីតិប្រតិបត្តិ​អាស៊ាន និង រដ្ឋាភិបាល​ឥណ្ឌា ក្នុងការ​នាំមក​នូវ​ឧ​ត្ត​ម​ប្រយោជន៍​ដល់​ប្រជាជាតិ​អាស៊ាន និង​ឥណ្ឌា ។

​ប្រតិភូ​បាន​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​អនុ​ប្រធានសភា​នៃ​សាធារណរដ្ឋ​ឥណ្ឌា ។​ក្នុងឱកាស​នោះ​គណៈប្រតិភូ​អាយ​ប៉ា បាន​កោតសរសើរ​ចំពោះ​ភាព​សកម្ម​របស់​សភា​ឥណ្ឌា ដែលជា​សភា​សង្កេតការណ៍​ដ៏​ចំណាស់ របស់​អាយ​ប៉ា ក្នុងការ​រួមចំណែក​ធ្វើឱ្យ​អាយ​ប៉ា ក្លាយជា​ស្ថាប័ន​អន្តរ​សភា​តំបន់​ប្រកបដោយ​សមាហរណកម្ម​យ៉ាង​ជិតស្និទ្ធ និង​មាន​ប្រសិទ្ធភាព​។ សម​ភាគី​សភា​អាយ​ប៉ា និង​ឥណ្ឌា បាន​វាយតម្លៃ​ខ្ពស់​ពី​សារសំខាន់​នៃ​ការងារ​ការទូត​សភា ក្នុងការ​រួមចំណែក​យ៉ាងសកម្ម​ដល់​ការកសាង​សុខដុម​នីយកម្ម អាស៊ាន​- ឥណ្ឌា​។

​កិត្តិ​សេដ្ឋា​បណ្ឌិត​ប្រធាន​គណៈប្រតិភូ ក៏បាន​អញ្ជើញ​សម​ភាគី​សភា​ឥណ្ឌា មក​ចូលរួម​មហាសន្និបាត​អាយ​ប៉ា​លើក​ទី​៤៣ ដែល​សភា​នៃ ព្រះរាជាណាចក្រ​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ នា​ខែវិច្ឆិកា ខាងមុខនេះ​។

​គណៈប្រតិភូ ក៏បាន​ជួប​ជាមួយ​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​សភា​ឥណ្ឌា​។​ក្នុងឱកាស​នោះ ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ជាម យៀប បាន​ថ្លែងអំណរគុណ​ដល់​វិទ្យាស្ថាន ក្នុងការ​ផ្តល់​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​ដល់​និស្សិត​អាស៊ាន តាមរយៈ​ការផ្តល់​អាហា​រូបកណ៍​មក​សិក្សា​នៅទីនេះ​។​គណៈប្រតិភូ​អាយ​ប៉ា បាន​ថ្លែង​អរគុណ ចំពោះ​កម្មវិធី​ហ្វឹកហ្វឺន​ដល់​មន្ត្រី​និង​សមាជិកសភា​ក្នុង​ការកសាង សមត្ថភាព​ខ្ពស់​ក្នុង​ការងារ​នីតិកម្ម ។

​ចំណែក​មន្ត្រី វិទ្យាស្ថាន​បាន​ជម្រាបជូន​គណៈប្រតិភូ​អាយ​ប៉ា ធ្វើការ​ទំនាក់​ទំនងជា​មួយ​អគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​ហ្សា​កាតា ក្នុងការ​ភ្ជាប់​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ធនធានមនុស្ស តាមរយៈ​ការបង្កើត​កម្មវិធី​ហ្វឹកហ្វឺន​ធនធានមនុស្ស មន្ត្រី និង​សមាជិកសភា ជាពិសេស ការកសាង​សមត្ថភាព​មន្ត្រីសភា ដើម្បី​សេវា​ជូន​សមាជិក​សមាជិកា​ស​ភា​កាន់​តែមាន​ប្រសិទ្ធភាព ។​

​សូមជម្រាបថា នៅ​ព្រឹក​ថ្ងៃទី​១១ ខែសីហា គណៈប្រតិភូ​ដែល​ដឹកនាំ​ដោយ ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ជាម យៀប ក៏បាន​អញ្ជើញ​ទៅ​ដាក់​កម្រងផ្កា​នៅ​វិមាន​រំលឹក​វិញ្ញាណក្ខន្ធ លោក មហា​ត្មៈ​គ​ន្ធី (Mahatma Gandhi) ដែលជា​វីរៈបុរស​ស និង​ជា​អ្នក​នាំមក​នូវ​ឯករាជ្យ​ជូន​ប្រជាជន​ឥណ្ឌា​ដោយ​អហិង្សា​ផងដែរ​៕​សរន-PC