​ដោយៈ បូកគោ / កំពត​: ការដាំដុះ​ដំណាំ​វិលជុំ និង​បន្លែ​រួមផ្សំ ជា​ដំណោះស្រាយ​ល្អ ក្នុងការ​បញ្ចៀស​បញ្ហា​រាំងស្ទះ​ទីផ្សារ ព្រមទាំង​ទទួលបាន ប្រាក់ចំណូល​សមរម្យ សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​។ កិច្ចការងារ​ដាំ​ដំណាំ និង​ចិញ្ចឹមសត្វ តម្រូវ​ឲ្យ​កសិករ មានការ​យល់ដឹង​នូវ​វិធី និង​ផែន​ការដាំដុះ ពិសេស​សិក្សា អំពី​ទីផ្សារ​ជាក់លាក់​។​

​លោក យឹម ប៊ុន ប្រធាន​សហគមន៍ ព្រៃ​តា​ព្រឹ​ត សាមគ្គី​មានជ័យ ស្ថិតនៅ​ភូមិ​ព្រៃ​តា​ព្រឹ​ត ឃុំ​ស្តេច​គង់​ខាងលិច ស្រុក​បន្ទាយមាស បាន​រៀបរាប់ថាៈ វិស័យ​កសិកម្ម​ក្នុង​មូលដ្ឋាន មានការ​រីកចម្រើន​ច្រើន ដោយសារ​ទទួល​បានកា​រ​បណ្តុះបណ្តាល ពី​មន្ត្រី​ជំនាញ និង​អង្គការ​ម្ចាស់​គម្រោង​ផ្សេងៗ​។ បច្ចុប្បន្ន កសិករ មានការ​យល់ដឹង​ជាង​មុន និង​បាន​ផ្លាស់ប្តូរ​វិធី​ដាំ​ដុះ តាមបែប​ប្រពៃណី មក​ប្រើ​បច្ចេកទេស​ថ្មី​វិញ​។​

​លោក​ប្រធាន​សហគមន៍ បាន​បន្តថាៈ ដើម្បី​ឲ្យ​របរ​ដាំ​ដំណាំ​បន្លែ ទទួលបាន​ផល​ល្អ និង​មាន​ប្រាក់ចំណូល ផ្គត់ផ្គង់​គ្រួសារ​សមរម្យ ពិសេស​បញ្ចៀស​បាន ពី​ការធ្វើ​ចំណាក ស្រុក​នោះ កសិករ ត្រូវ​យល់ដឹង អំពី​វិធី​មួយចំនួន រួមមាន ចេះ​ធ្វើ​ជី ចេះ​ប្រើប្រាស់​ដី ចេះ​រៀបចំ​ផែនការ និង​ចេះ​សិក្សា​ទីផ្សារ ជាដើម​។ និយាយ​រួម ប្រជាកសិករ ត្រូវ​នាំគ្នា​ដាំ ដំណាំ​វិលជុំ និង​ប្រភេទ​បន្លែ​រួមផ្សំ ដើម្បី​បញ្ចៀស ឬ​ដោះស្រាយ​បញ្ហា​រាំងស្ទះ​ទីផ្សារ ដែលជា​ហេតុ​ធ្វើ​ឲ្យ ខាតបង់​ប្រាក់ចំណូល និង​កម្លាំង​ពលកម្ម​ជាដើម​។​

​ប្រធាន​សហគមន៍ បានបញ្ជាក់​ឲ្យ​ដឹងថាៈ សហគមន៍​ព្រៃ​តា​ព្រឹ​ត សាមគ្គី​មានជ័យ បាន​បង្កើតឡើង នា​ឆ្នាំ​២០១៨ ក្រោម​កិច្ច​គាំទ្រ និង​ជួយ​បណ្តុះបណ្តាល ដោយ​គម្រោង អា​ស្ប៉ា​យ តាមរយៈ​មន្ទីរ​កសិក​ម្ម​ខេត្តកំពត ដោយ​ផ្តោត​សំខាន់​លើ ការចិញ្ចឹម​សត្វ និង​ដាំ​បន្លែ​។ បច្ចុប្បន្ន បណ្តុំ​សហគមន៍​នេះ​មាន​សមាជិក​ចំនួន​៥០​គ្រួសារ​។ ប្រជាកសិករ នៅតែ​ត្រូវការ​ផ្នែក​បណ្តុះបណ្តាល ចំណេះដឹង​បន្ថែម ព្រមទាំង​ការជួយ​ផ្គត់ផ្គង់​ទឹក សម្រាប់​ស្រោចស្រព​ដំណាំ សម្រាប់​រដូវប្រាំង​៕/V​