ដោយៈ ជា សីហៈ​/​ភ្នំពេញៈ តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​គម្រោង​វិនិយោគ ជូន​ដល់​ក្រុមហ៊ុន​បី ដោយ​មួយ​នៅ​រាជធានី​ភ្នំពេញ និង ពីរ​នៅ​ខេត្តកំពង់ស្ពឺ ដោយមាន​ទុន​សរុប ជាង ១៥ លាន​ដុល្លារ ។

​ក្រុមប្រឹក្សា​អភិ​វ​ឌ្ឈ​ន៍​កម្ពុជា​បាន​អះអាងថា ក្រុមហ៊ុន JADE FASHION (CAMBODIA) GARMENTS COMPANY LIMITED ត្រូវបាន​ប្រគល់​សិទ្ធិ​លើ គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ជង្រុក សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ក្នុង​ទុនវិនិយោគ​ប្រមាណ ៥,៣​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១.០២៤​កន្លែង​។​

​ប្រភព​ដដែល​បាន​បន្តថា ក្រុមហ៊ុន​ទី​ពីរ គឺ​ត្រូវបាន​ផ្តល់ទៅអោយ ក្រុមហ៊ុន HONG YU FANG GARMENT CO., LTD លើ​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ស្រង់ ឃុំ​ស្រង់ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ក្នុង​ទុនវិនិយោគ​ប្រមាណ ៥,២ លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១.០២៩​កន្លែង​។

​ដោយឡែក​ក្រុមហ៊ុន​ទី ៣ គឺ បានផ្តល់​ដល់​ក្រុមហ៊ុន SHUN WEI FANG ZHI KE JI CO., LTD លើ​គម្រោង​បង្កើត​រោងចក្រ​ផលិត​អំបោះ​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ព្រៃ​ខ្វាវ ឃុំ​រកា​កោះ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ក្នុង​ទុនវិនិយោគ​ប្រមាណ ៥,២​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ២២៦​កន្លែង​៕​