ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ លោក សាន់ យូ អភិបាលរង​ខេត្តកំពង់ឆ្នាំង និង​ជា តំណាង​លោក ស៊ុន សុ​វណ្ណា​រិ​ទ្ធិ អភិបាល នៃ​គណ​:​អភិបាល ខេត្តកំពង់ឆ្នាំង និង​លោក វរសេនីយ៍ឯក ឃូ សុផាន់ មេបញ្ជាការ​ស្តីទី នៃ​ទីបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ឆ្នាំង ព្រមទាំង​មេបញ្ជាការ​កង​អង្គភាព​ក្រោម​ចំណុះ បានទទួល​ស្វាគមន៍​គណៈប្រតិភូ​យោធភូមិ ភាគ​ទី​៩ នៃ​កងទ័ព​ប្រជាជន​វៀតណាម ដឹកនាំ​ដោយ​លោក ឧ​ត្ត​ម​សេនីយ៍​ត្រី ង្វៀន វ៉ាន់​ទៀន មេបញ្ជាការរង យោធភូមិភាគ​ទី​៩ នៃ​កងទ័ព​ប្រជាជន​វៀតណាម ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច នៅ​ខេត្តកំពង់ឆ្នាំង ដើម្បី​ពង្រឹងពង្រីក​នូវ ទំនាក់ទំនង មិត្តភាព និង​កិច្ចសហប្រតិបត្តិការ រវាង​កងទ័ព​នៃ​ខេត្ត ក៏ដូចជា​ប្រទេស​ទាំង​២ កម្ពុជា វៀតណាម ជាពិសេស​សហការគ្នា រុករក​អដ្ឋិធាតុ និង​ធ្វើ​មាតុភូមិនិវត្តន៍​អដ្ឋិធាតុ កងទ័ព​ស្ម័គ្រចិត្ត និង​ជំនាញការ​វៀតណាម ដែល​បាន​ពលី​ជីវិត ក្នុងសម័យ​សង្គ្រាម នៅ​កម្ពុជា​។

​ក្នុង​ពិធី​បដិសណ្ឋារកិច្ច​ស្វាគមន៍ នៅ​ព្រឹក​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២២ នៅ​ទីបញ្ជាការដ្ឋាន តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ឆ្នាំង​នោះ លោក វរសេនីយ៍ឯក ឃូ សុផាន់ បាន​រាយការណ៍​ពី​ការរីកចម្រើន និង​ការអភិវឌ្ឍ របស់​កងយោធពល​ខេមរភូមិន្ទ ក្នុង​នោះបាន​ផ្ដោតលើ​លទ្ធផល នៃ​ការស្រាវជ្រាវ រុករក​អដ្ឋិធាតុ និង​ធ្វើ​មាតុភូមិនិវត្តន៍ អដ្ឋិធាតុ​កងទ័ព​ស្ម័គ្រចិត្ត និង​ជំនាញការ​វៀតណាម ដែល​បាន​ពលី​ជីវិត ក្នុងសម័យ​សង្គ្រាម នៅ​កម្ពុជា និង​ការប្រយុទ្ធប្រឆាំង​ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ ១៩ ។

​ជំនួសមុខ​ឱ្យ​កងទ័ព​ប្រជាជន​វៀតណាម នៃ​យោធភូមិភាគ​ទី​៩ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ង្វៀន វ៉ាន់​ទៀន បាន​ថ្លែ​អំណ​គុណ​ចំពោះ​ការស្វាគមន៍ យ៉ាង​រាក់ទាក់ កក់ក្ដៅ​របស់​មេបញ្ជាកា​រ ស្ដីទី និង​កងទ័ព​ទាំងមូល នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ឆ្នាំង នៅពេលនេះ ដោយបាន​ចាត់ទុកថា ជាការ​បង្ហាញ​យ៉ាងច្បាស់ នូវ​ចំណង​សាមគ្គីភាព មិត្តភាព រវាង​ប្រទេស និង​កងទ័ព នៃ​ប្រទេស​ទាំង​២ វៀតណាម កម្ពុជា ដែល​ធ្លាប់បាន​ប្រកៀក​ស្មា​គ្នា ប្រយុទ្ធប្រឆាំង​សត្រូវ​រួមគ្នា និង​បាន​ឧបត្ថម្ភគ្នា​ទៅវិញទៅមក ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ង្វៀន វ៉ាន់​ទៀន បានលើកឡើង​ថាៈ ក្នុង​កិច្ចប្រតិបត្តិការ រវាង​កងទ័ព ប្រជាជន​វៀតណាម និង​កងយោធពល​ខេមរភូមិន្ទ បាន​បន្ត​សហការ​ជាមួយគ្នា រុករក អដ្ឋិធាតុ និង​ធ្វើ​មាតុភូមិនិវត្តន៍ អដ្ឋិធាតុ​កងទ័ព​ស្ម័គ្រចិត្ត និង​ជំនាញការ​វៀតណាម ដែល​បាន​ពលី​ជីវិត ក្នុងសម័យ​សង្គ្រាម នៅ​កម្ពុជា ក្នុងនោះ បានរួម​គ្នា​ការពារ​ប្រយុទ្ធ ប្រឆាំងនឹង​ជំងឺ​កូ​វីដ ១៩ នៅតាម​បណ្តា​ប្រទេស​រៀងៗ​ខ្លួន ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ នៃ​ប្រទេស ទាំង​២ បាន​ជួបប្រទះ​នូវ ផលប៉ះពាល់​បញ្ហា​សេដ្ឋកិច្ច ដោយសារតែ​ជំងឺ​កូ​វីដ​-១៩​។​

​ដោយឡែក លោក សាន់ យូ អភិបាលរង​ខេត្តកំពង់ឆ្នាំង និង​ជា​តំណាង​លោក ស៊ុន សុវណ្ណារិទ្ធ អភិបាល​នៃ​គណៈ​អភិបាល ខេត្តកំពង់ឆ្នាំង បាន​មានប្រសាសន៍​ថ្លែង​អំណ​គុណ ចំពោះ​រដ្ឋាភិបាល កងទ័ព និង​ប្រជាជន​វៀតណាម បាន​លះបង់​សាច់​ស្រស់​ឈាម​ស្រស់ ប្រយុទ្ធប្រឆាំង​រំដោះ​ប្រជាពលរដ្ឋ​កម្ពុជា ចេញពី​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ។​
​លោក​ក៏បាន​លើកឡើង​ពី​ប្រវត្តិសាស្ត្រ​ដ៏​យូរលង់​មកហើយ ដែល​កងទ័ព​នៃ​ប្រទេស​ទាំង​២ បាន​ប្រកៀក​ស្មា​គ្នា ប្រយុទ្ធ​ប្រឆាំងនឹង​សត្រូវ​រួម និង​ជា​ដៃគូ ក្នុង​ក្របខណ្ឌ​អាស៊ាន ផងដែរ​។​

​លោក សាន់ យូ បាន​មានប្រសាសន៍ថា កម្ពុជា វៀតណាម គឺជា​ដៃគូ​ដ៏​ល្អ និង​ជា​ប្រទេស ភូមិ​ផង​របង​ជាប់​គ្នា និង​មាន​មិត្តភាព​យូរអង្វែង និង​កិច្ចសហប្រតិបត្តិការ ក្របខណ្ឌ​ប្រទេស និង​ប្រទេស ហើយ​ក្នុង​ក្របខណ្ឌ រវាង​ខេត្ត និង​ខេត្ត​ទាំង​២ យ៉ាងរឹងមាំ​ជា​និរន្ត​៕/V​