​ដោយៈ បាយ័ន / សៀមរាបៈ អាជ្ញាធរ​ខេត្តសៀមរាប នឹង​រៀបចំ​ព្រឹត្តិការណ៍​ជិះ​កង់ ដើម្បី​បរិស្ថាន និង​សុខភាព​កុមារ នៅ​ថ្ងៃទី​១៤ ខែសីហា ខាងមុខ ។ នេះ​បើតាម​ការបញ្ជាក់ ឱ្យដឹងពី​មន្ត្រី​សាលាខេត្ត​សៀមរាប នៅ​ថ្ងៃទី​១២ ខែសីហា នេះ​។​

​មន្ត្រី​សាលាខេត្ត បានបញ្ជាក់​ថាៈ នៅ​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២២ នេះ អាជ្ញាធរ​ខេត្តសៀមរាប បានប្រកាសថា គណៈកម្មាធិការ​ជិះ​កង់ ដើម្បី​កម្ពុជា សហការ​ជាមួយ ក្រុមហ៊ុន​ខេ​ម​បូ​ឌា សាយ​ភ្លើង ក្រុមហ៊ុន ចា​យ៉ា​ខេ​ត​ធើ​រីង ក្រុមហ៊ុន​ត្រា​វែ​ល​លូ​ប និង​ហាង​លក់ ឬ​ជួល​កង់ អាំង គឹម​សាន្ដ នឹង​រៀបចំ​ព្រឹត្តិការណ៍​ជិះ​កង់ ដើម្បី​បរិស្ថាន និង​សុខភាព​កុមារ ឆ្នាំ​ទី​៨ ក្នុង​គោលបំណង រៃអង្គាស​ថវិកា ដើម្បី​ឧបត្ថម្ភ ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ ដែលជា​ការរួមចំណែក ក្នុងការ​ជួយសង្គ្រោះ និង​លើកកម្ពស់ សុខុមាលភាព​កុមារ​កម្ពុជា ដែលជា​ទំពាំង​ស្នង​ឫស្សី និង​ជា​សសរទ្រូង​ប្រទេសជាតិ នាពេល​អនាគត​។​

​ប្រភព​ដដែល បានបញ្ជាក់​ទៀតថាៈ ព្រឹត្តិការណ៍​នេះ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃអាទិត្យ ទី​១៤ ខែសីហា ឆ្នាំ​២០២២ វេលា​ម៉ោង ៦ ព្រឹក ដែល​ជួបជុំ​គា្ន នៅ​ផ្លូវ ៦០​ម៉ែត្រ ហើយ​អាជ្ញាធរ​ខេត្តសៀមរាប ក៏បាន​អំពាវនាវ​ដល់ មន្ត្រីរាជការ​ទាំងអស់ ក្នុង​ខេត្ត សូម​អញ្ជើញ​ចូលរួម ក្នុង​ព្រឹត្តិការណ៍​នេះ ឱ្យបាន​ច្រើន​កុះករ ៕/V​