ដោយ:ផេង ពង្សរ៉ាស៊ី នាយកកម្មវិធីអប់រំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា/ភ្នំពេញ:មជ្ឈមណ្ឌលឯកសារ ខេត្តព្រៃវែង នៃមជ្ឈមណ្ឌលឯកសារកម្ពុជា បានរៀបចំការជួបប្រជុំមួយជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន១៨នាក់ មកពីស្រុកពាមរក៍ និងស្រុកមេសាង ខេត្តព្រៃវែង នៅក្នុងបរិវេណមជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តព្រៃវែង នៅថ្ងៃទី៩ និងទី១០ ខែសីហា ឆ្នាំ២០២២

ជំនួបនេះធ្វើឡើងដើម្បី (១) ពិភាក្សាអំពីបញ្ហាសុខភាពដែលកំពុងតែកើតមានចំពោះអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម, (២) រួមចំណែកក្នុងការផ្តល់គំនិតនិងយោបល់ សម្រាប់ការកសាងសៀវភៅណែនាំពីការថែរក្សាសុខភាពសហគមន៍, (៣) ផ្តល់នូវព័ត៌មានបឋមស្តីពីការថែរក្សាសុខភាពបឋម និង (៤) ផ្តល់នូវទំនុកចិត្តខ្ពស់ និងទំនាក់ទំនងល្អរវាងមជ្ឈមណ្ឌលឯកសារកម្ពុជា និងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។

នៅក្នុងជំនួបនេះក៏មានការ ចូលរួមពីអ្នកស្រី សូ ហ្វារីណា នាយិការងមជ្ឈមណ្ឌលឯកសារកម្ពុជា, លោក ផេង ពង្សរ៉ាស៊ី នាយកមជ្ឈមណ្ឌលឯកសារ ខេត្តព្រៃវែង និងជានាយកកម្មវិធីអប់រំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា ព្រមទាំងក្រុមការងារ, អ្នកស្រី គឹម សុវណ្ណដានី អ្នកសម្របសម្រួលគម្រោងស្តីពីការលើកកម្ពស់សិទ្ធិ និងការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងលោក កូលីន ស៊ីមសារីន (Colin Simsarian) និស្សិត មក ពី សាកលវិទ្យាល័យប៉ាឡូ អាល់តូ សិក្សាលើមុខវិជ្ជាសុខភាពសាធារណៈ។

ចុងបញ្ចប់នៃវេទិកា អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមទាំងអស់ទទួលបានកញ្ចប់កាដូអនុស្សាវរីយ៍ និងថវិកាមួយចំនួនសម្រាប់ប្រើប្រាស់ក្នុងការទៅពិនិត្យសុខភាពនៅតាមមន្ទីរសម្រាកព្យាបាលឯកជនដែលស្ថិតនៅជិតផ្ទះបំផុត៕

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា