​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​បាល់ទាត់​) ៖ ក្រុម​ការពារ​តំណែង​ជើងឯក​លី​ក​កំពូល​អង់គ្លេស Man City បាន​បើកឆាក​ឈ្នះ​ញញួរ​ធំ West Ham ក្រៅ​ទឹកដី ២-០​ហើយ​សប្តាហ៍​ទី​ពីរ​នេះ​​ក៏​រំពឹង​ឈ្នះ​ជា​បន្ត​ទៀត​ដែរ នៅ​ពេល​ពួកគេ​បើកទ្វារ​ផ្ទះ​ស្វាគមន៍​ក្រុម Bournemouth​។

​ដោយឡែក AC Milan ដែល​ជា​ក្រុម​ជើងឯក​រដូវ​កាល​មុន​ក៏​មាន​ភាគរយ​ឈ្នះ​ខ្ពស់​នៅ​ថ្ងៃ​បើកឆាក Serie A នៅ​អ៊ីតាលី​ផងដែរ​។ ទន្ទឹម​នេះ​ក្រុម​អ្នក​មាន​បុណ្យ​នៅអេ​ស្ប៉ាញ​មានឱកាស​ឈ្នះ​ច្រើន​នៅ​​ថ្ងៃ​សៅរ៍​នេះ ក្រោយ​ទិញ​ចូល​បាន​កីឡាករ​ល្អៗ​ជាច្រើន​ដូចជា Robert Lewandowski ជាដើម​។

​ការព្យាករណ៍​សម្រាប់​ចុង​សប្តាហ៍ ៖

– Man City vs Bournemouth

​កីឡាករ Erling Braut Haaland បានចាប់ផ្តើម​ក្តី​សុបិន​ក្នុង​អាជីព Premier League របស់គេ ដោយ​ជួយ​ឱ្យ Manchester City ទទួល​ជ័យជម្នះ​យ៉ាង​ស្រួល ០-២ លើ​ក្រុម​ញញួរ​ធំ West Ham នៅ​ថ្ងៃ​បើក​រដូវ​កាល​។​

​តារា​ឆ្នើម​សញ្ជាតិន័​រវែស​រូប​នេះ​ពិតជា​អស្ចារ្យ​ក្នុងការ​បង្ហាញខ្លួន​លើកដំបូង​នៅ Premier League​។ រូបគេ​បាន​បង្ហាញ​ពី​សន្ទុះ​លេង​ដ៏​អស្ចារ្យ​ដោយ​ទទួលបាន​បាល់​ប៉េ​ណាល់​ទី​ក្នុងរយៈពេល ៣០ នាទី​ក្នុង​ការប្រកួត​។​

Haaland បាន​ស៊ុត​ប៉េ​ណាល់​ទីដោយ​ខ្លួនឯង ហើយ​បន្ទាប់មក​បាន​បន្ត​រក​បាន​គ្រាប់​បាល់​ទី​ពីរ​នៅ​ពាក់កណ្តាល​តង់​ទី​ពីរ នៅពេល​ដែល​រូបគេ​ទទួល​បាល់​បញ្ជូន​ដ៏​អស្ចារ្យ​ពី Kevin De Bruyne ហើយ​ទះ​ផ្លា​ចូល​ទីងាយៗ​រំលង​ដៃ​អ្នកចាំទី​បម្រុង Alphonse Areola របស់ West Ham (Lukasz Fabianski បាន​ចាកចេញ​ពី​ទីលាន​ដោយសារ​របួស​នៅ​ពាក់កណ្តាល​ការប្រកួត​)​។​

Haaland និង Man City គួរតែ​មាន​ការងា​រកា​ន់​តែ​ងាយស្រួល​ជាង​មុន​នៅ​ប្រកួត​ជុំ​ទី​ពីរ​នេះ នៅ​ពេល​ពួកគេ​លេង​ជា​ម្ចាស់ផ្ទះ​ទល់នឹង AFC Bournemouth ដែល​ទើប​ឡើង​មក​ថ្មីថ្មោង​។​

Bournemouth បាន​បង្ក​ការភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​តាមរយៈ​ការឡើង​មក​លី​ក​កំពូល​អង់គ្លេស បន្ទាប់ពី​បាន​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ ២ ក្នុង​ក្របខ័ណ្ឌ Championship រដូវ​កាល​មុន​។​

Bournemouth បាន​បំបាក់ Aston Villa ២-០ កាល​ពី​ប្រាំពីរ​ថ្ងៃមុន​នៅឯ​កីឡដ្ឋាន Vitality ខណៈ​ការ​ស៊ុត​បញ្ចូល​ទី​បើកឆាក​គ្រាប់​បាល់​ដំបូង​របស់​កីឡាករ Jefferson Lerma បាន​ធ្វើឱ្យ​ក្រុម​ម្ចាស់ផ្ទះ​មានប្រៀប​ឈ្នះ​តាំង​ពី​ដើមតង់ ខណៈ​គ្រាប់​បាល់​ចុង​ម៉ោង​របស់​កីឡាករ Kieffer Moore បាន​ជួយ​ឱ្យ​ក្រុម​របស់​លោក Scott Parker ទទួល​បាន​បី​ពិន្ទុ​ពេញ​។​

Bournemouth ដឹង​ច្បាស់​អំពី​ភាពខ្លាំង​របស់ Man City ហើយ​និយាយ​តាម​ត្រង់ ថ្ងៃនេះ​មាន​សំណួរ​តែមួយគត់​ត្រូវ​សួរ គឺ តើ City នឹង​ទម្លាយ​សំណាញ់​ទី​បាន​ប៉ុន្មាន​គ្រាប់​នៅ​ថ្ងៃ​សៅរ៍​នេះ​នៅ​ឯ​កីឡដ្ឋាន Etihad?

​យើង​នឹង​ភ្ញាក់ផ្អើល បើ Bournemouth បង្ហាញ​ទម្រង់​លេង​ដូច​កាលពី​ចុង​សប្តាហ៍​មុន​និង​ទទួលបាន​ពិន្ទុ​ទាំងស្រុង​ពី Man City ក្នុង​សប្តាហ៍​ទី​ពីរ​។​

​ដោយហេតុ​ថា City ឈ្នះ ១២ ស្មើ ២ ចាញ់ ១ ពេល​ប៉ះ Bournemouth ក្នុង ១៥ ប្រកួត​ចុងក្រោយ ដូច្នេះ​ថ្ងៃនេះ ក៏​រំពឹង Man City ឈ្នះ​ជា​បន្ត​ទៀត​ដែរ ក្នុង​លទ្ធផល​ព្យាករណ៍ ៥-០​។​

– AC Milan vs Udinese

AC Milan និង Udinese នឹង​បើក​វាំងនន​រដូវ​កាល​ថ្មី ២០២២/២៣ នៅ​ក្របខ័ណ្ឌ Serie A នៅ​ថ្ងៃ​សៅរ៍​នេះ នៅ​ពេល​ពួកគេ​ប៉ះ​គ្នា​នៅ​កីឡដ្ឋាន Stadio Giuseppe Meazza ។​

​ទីបំផុត​ក្រុម AC Milan បានឈ្នះ​ពាន Scudetto (​ពា​ន Serie A) ជា​លើកដំបូង​ក្នុង​រយៈពេល​ជាង ១០ ឆ្នាំ​កាល​ពី​រដូវ​កាល​មុន នៅពេលដែល​ពួកគេ​ទាញយក​ប្រយោជន៍​ពី​ការធ្លាក់ចុះ​ទម្រង់​លេង​របស់​គូប្រជែង​ភាគច្រើន​របស់​ពួកគេ​នៅ​ពាក់កណ្តាល​កំពូល​នៃ​តារាង​។​

​អ្វី​ដែល​គួរឱ្យ​ចាប់អារម្មណ៍ គឺ​ក្រុម​របស់​លោក Stefano Pioli មិន​មាន​សកម្មភាព​ខ្លាំង​ក្លា​នៅក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ​រដូវក្តៅ​នោះទេ បន្ទាប់​ពី​ឈ្នះ​ជើងឯក​។​

​ពួកគេ​បាន​បាត់បង់​កីឡាករ​ខ្សែការពារ​សំខាន់ៗ Franck Kessie និង Alessio Romagnoli នៅ​រដូវ​កាល​នេះ ប៉ុន្តែ​កីឡាករ Pierre Kalulu និង Tomasso Pobegba ពិតជា​មាន​គុណភាព​ក្នុង​ការបំពេញ​តំណែង​របស់​ពួកគេ​បាន​នៅពេលនេះ​។​

​គួរ​កត់សម្គាល់​ដែរ​ថា ឥឡូវនេះ Rossoneri មើល​ទៅ​ខ្លាំងក្លា​ណាស់​នៅ​តំបន់​ប្រយុទ្ធ បន្ទាប់​ពី​ការមកដល់​របស់​កីឡាករ Charles de Ketelaere, Yacine Adli និង Divock Origi ។​

​ពួក​គេ​លេង​ល្អ​អស្ចារ្យ​ណាស់​ក្នុង​ការប្រកួត​មិត្តភាព​មុន​បើក​រដូវ​កាល ដោយ​កត់ត្រា​ជ័យជម្នះ​ងាយៗ​ទាំង​បី​នៅក្នុង​ការប្រកួត​កម្តៅ​សាច់ដុំ​។​

AC Milan រកបាន ១៣ គ្រាប់​ក្នុង​ការ​ឈ្នះ ៥-០ លើ Wolfsberger (​ក្រុម​មក​ពី Austrian Bundesliga), Marseille (០-២) និង L.R. Vicenza (​ឈ្នះ ១-៦)​។​

​យើង​រំពឹង​មាន​ទម្រង់​លេង​ដ៏​រឹងមាំ​ពី​ក្រុម​ម្ចាស់​ជើងឯក​នៅ​ដើមរដូវ​កាល​ថ្មី​ជាមួយនឹង​ក្រុម Udinese ដែល​គ្មាន​អី​គួរឱ្យ​ចាប់អារម្មណ៍​នៅក្នុង​កាលវិភាគ​មុន​បើក​រដូវ​កាល​របស់​ពួកគេ​។​

​លទ្ធផល​ព្យាករណ៍ AC ឈ្នះ ៣-០​។​

– Barcelona vs Rayo Vallecano

​បន្ទាប់​ពី​យុទ្ធនាការ​ដ៏​អន់​នៅ​គ្រប់​ផ្នែក​ទាំងអស់​កាលពី​រដូវ​កាល​មុន Barcelona បាន​សម្រេចចិត្ត​ធ្វើ​សកម្មភាព​នៅក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ​នៅ​រដូវក្តៅ​នេះ​។​

​ហើយ​ពួកគេ​ពិតជា​ធ្វើ​សកម្មភាព​យ៉ាង​រស់​រវើក​។ ក្រុម​អ្នក​មាន​បុណ្យ​គឺជា​ក្រុម​ដែល​សកម្ម​បំផុត​នៅលើ​ទីផ្សារ​ក្នុង​ទ្វីបអឺរ៉ុប​ទាំងមូល (​ពេល​និយាយ​ពី​ប្រាក់​ដែល​បាន​ចំណាយ​) ដោយ​បាន​ចុះហត្ថលេខា​ទិញ​កីឡាករ​ដែល​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ជា​ច្រើន​រូប​។​

Robert Lewandowski គឺជា​ឈ្មោះ​ដ៏​ធំ​បំផុត​ដែល​បាន​មក​ដល់​កីឡដ្ឋាន Camp Nou ក្នុង​រដូវ​កាល​នេះ ប៉ុន្តែ​យើង​ក៏​ត្រូវ​និយាយ​ផងដែរ​អំពី​កីឡាករ​ដូចជា Raphinha, Franck Kessie, Andreas Christensen, Jules Kounde និង Marcos Alonso ក្នុងចំណោម​អ្នក​ផ្សេង​ទៀត​។​

​នៅពេល​ដែល​អ្នក​បន្ថែម​កីឡាករ​ឡើង​ជើង​ពេញលេញ Ousmane Dembele, កីឡាករ Ansu Fati ដែល​ជា​សះស្បើយ​ឡើងវិញ​, កីឡាករ Pierre-Emerick Aubameyang និង Memphis Depay នៅ​ជួរ​មុខ ក៏ដូចជា Frenkie de Jong នៅ​តំបន់​កណ្តាល អ្នក​នឹង​ទទួលបាន​ក្រុម​ដែល​មាន​សមត្ថភាព​ប្រកួតប្រជែង​ជាមួយ Real Madrid ក្នុង​ការដណ្តើម​យកពាន​រង្វាន់​នានា​។​

Barcelona បង្ក​ការចាប់អារម្មណ៍​ខ្លាំង​ក្នុង​ការប្រកួត​មិត្តភាព​មុន​បើក​រដូវ​កាល ដោយ​បាន​ផ្តួល​ក្រុម Inter Miami, Real Madrid និង New York Red Bulls និង​ស្មើ​ជាមួយ​ក្រុម Juventus ក្នុង​ការប្រកួត​ទី​បួន​នៅលើ​ទឹកដី​សហរដ្ឋ​អាម៉េរិក​។​

​ពួកគេ​បាន​ត្រឡប់​ទៅ​ទឹកដី Spotify Camp Nou កាលពី​ចុង​សប្តាហ៍​មុន ដើម្បី​លេង​ក្នុង​ការប្រកួត​ឈ្មោះ Trofeo Joan Gamper ទល់​នឹង​ក្រុមម៉ិក​ស៊ិក U.N.A.M. Pumas​។ ក្រុមម៉ិក​ស៊ិក​បាន​ចាកចេញ​ពីកីឡដ្ឋាន​ជាមួយនឹង​គ្រាប់​បាល់ ៦ គ្រាប់​នៅ​ក្នុង​សំណាញ់​របស់​ពួកគេ​កាល​ពី​ប្រាំមួយ​ថ្ងៃមុន​។​

​ដូច្នេះហើយ Barcelona នឹង​ក្លាយជា​ក្រុម​រំពឹង​ឈ្នះ​ខ្ពស់​បំផុត​នៅ​ថ្ងៃ​សៅរ៍​នេះ នៅ​ពេល​ពួកគេ​ស្វាគមន៍ Rayo Vallecano មកកាន់​កីឡដ្ឋាន Spotify Camp Nou ក្នុង​ការប្រកួត​ដំបូង​នៃ​រដូវ​កាល La Liga ២០២២/២៣​។​

​ជួប​គ្នា​កន្លង​ទៅ ១៤ លើក គឺ Barcelona ឈ្នះ ១១ ស្មើ ១ Vallecano ឈ្នះ ២ ដូច្នេះ​ថ្ងៃនេះ​ក្រុម​អ្នក​មាន​បុណ្យ​នៅតែ​មាន​ប្រៀបខ្ពស់​ជាង​ដដែល​។​

​លទ្ធផល​ព្យាករណ៍ Barcelona ឈ្នះ ៣-០៕

Man City រំពឹង​ឈ្នះ​ងាយៗ​លើ Bournemouth នៅ​សប្តាហ៍​ទី​ពីរ