ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ ល្ងាច​ថ្ងៃទី​១២​ខែសីហា​ឆ្នាំ​២០២២​ម្សិល​ម៉ិ​ញ​នេះ​នាទី​ស្នាក់ការ​កណ្ដាល​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​អូឡាំពិក​កម្ពុជា លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ (CAMSOC) បាន​ជួប​ជាមួយ​សហព័ន្ធ​កីឡា​អេ​ឡិច​ត្រូ និក​វៀតណាម ដើម្បី​ពិភាក្សា​លម្អិត​លើ​អនុស្សារណៈ​យោគយល់ ដែល​ក្នុងនោះ​វៀតណាម​ជួយ​ផ្នែក​បច្ចេកទេស​ដល់​កម្ពុជា លើ​ការរៀបចំ​ការប្រកួត​កីឡា​អា​ឡិច​ត្រូ​និក នៅក្នុង​ព្រឹត្តិការណ៍​អាស៊ីអាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣​។

​លោក វ៉ា​ត់ ចំរើន បាន​មានប្រសាសន៍ថា ការមកដល់​របស់​វៀ​ត​ណា​ម គឺ​ដើម្បី​ពិភាក្សា​លម្អិត​លើ​អនុស្សារណៈ​យោគយល់ ដែលមាន​២​ចំណុច​សំខាន់ និង​ឈានទៅ​អនុវត្ត​លើ​ការងារ បន្ទាប់ពី​បាន​ព្រមព្រៀងគ្នា​កាលពី​ខែឧសភា នៅ​ប្រទេស​វៀតណាម​។​

​នៅក្នុង​កិច្ចពិភាក្សា​នេះ​ភាគី​ទាំង​២​ផ្ដោត​ការយកចិត្តទុកដាក់​ទៅលើ​២​ចំនុច​សំខាន់​ទី​១​វៀតណាម​គេ​នឹង​ជួយ​យើង​លើ​ការរៀបចំ​លក្ខណៈ​បច្ចេកទេស​ក្នុង​ការរៀបចំ​ការប្រកួត​កីឡា E-Sports ព្រោះ E-Sports គឺជា​រូបមន្ត​នៃ​ការប្រើប្រាស់​បច្ចេកវិទ្យា​មួយ​ខ្ពស់ ដែល​យើង​គិតថា យើង​នៅមានកម្រិត​នៅក្នុង​ការរៀប​ចំនេះ​។ កាល​ស៊ី​ហ្គេម​នៅ​វៀតណាម គឺ​គេ​បានអនុញ្ញាត​ឲ្យ​សហព័ន្ធ​កីឡា​អេ​ឡិ​ក​ត្រូ​និក​កម្ពុជា ជាមួយ​សហព័ន្ធ​កីឡា​អេ​ឡិ​ក​ត្រូ​និក​វៀតណាម ចុះ MOU ជាការ​ព្រមព្រៀងគ្នា​ជាបឋម នៅក្នុង​ពេលដែល​វៀតណាម​ធ្វើជា​ម្ចាស់ផ្ទះ​។​ពេលនេះ​ភាគី​វៀតណាម​មក​ដើម្បី​ពិភាក្សាគ្នា​លម្អិត ក្នុង​ការធ្វើ​អនុស្សារណៈ​យោគយល់ (MOU) លម្អិត​មួយ សម្រាប់​ការរៀប​ចំនេះ ហើយ​យើងទាំងអស់គ្នា​ជាមួយ CAMSOC និង​សហព័ន្ធ​កី​ឡាអេ​ឡិ​ក​ត្រូ​និក​កម្ពុជា នឹង​រៀបចំ MOU នេះ ឲ្យ​បាន​រួចរាល់ ហើយ​ដាក់ជូនទៅ​ថ្នាក់ដឹកនាំ​ដើម្បី​ផ្ដល់​សិទ្ធិ​ទៅដល់​សហព័ន្ធ ក៏ដូចជា​គណៈអចិន្ត្រៃយ៍​របស់ CAMSOC និង​អគ្គលេខាធិការ​រដ្ឋា​ន CAMSOC មានការ​ចុះ MOU អនុវត្ត​ទៅលើ​ការងារ​នេះ​។​

​មួយទៀត​គឺពាក់ព័ន្ធ​ជាមួយនឹង​ការដែល​វៀតណាម​ជួយ​បង្ហាត់បង្រៀន​អំពី​ជំនាញ​កីឡា E-Sports នេះ​បន្ថែមទៀត​ដល់​កម្ពុជា ព្រោះ​វៀតណាម​គេ​មាន​កម្រិត​ល្អប្រសើរ ហើយនឹង​យក​មេដាយមាស​បាន​ទៀតផង កាល​ស៊ី​ហ្គេម​កន្លងមក​។ អ៊ីចឹង កម្រិត​កីឡា E-Sports របស់​វៀតណាម អាច​ថា នៅ​កម្រិត​ខ្ពស់​មួយ ដែល​អាច​ផ្ទេរ​ចំណេះ​ជំនាញ ផ្ទេរ​របៀប​នៃ​ការលេង​មក​កម្ពុជា​ហើយ​វៀតណាម​បាន​សន្យា​ក្នុង​ការជួយ​ទាំង​ធ្វើ​ការរៀបចំ​ការប្រកួត ទាំង​ផ្ដល់នូវ​ការបណ្ដុះបណ្ដាល​ជំនាញ​ទៅ​កីឡាករ​-​កីឡាការិនី ផ្នែក E-Sports របស់​យើង​ដែរ​។​

​កីឡា​អេឡិចត្រូនិក គឺជា​កីឡា​១​ប្រភេទ ក្នុងចំណោម​កីឡា​ទាំង ៣៩​ប្រភេទ បូក​នឹង​កីឡា​សម្ដែង​១​ប្រភេទ​ដែល​នឹង​បង្ហាញខ្លួន​លើក​ទី​៣​ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា បន្ទាប់ពី​ជោគជ័យ​ក្នុងការ​ដាក់បញ្ចូល ២​លើក​រួចមកហើយ ក្នុង​ស៊ី​ហ្គេម​លើក​ទី​៣០ ឆ្នាំ​២០១៩ នៅ​ហ្វីលីពីន និង​ស៊ី​ហ្គេម លើក​ទី​៣១ ឆ្នាំ​២០២១ (​លើក​មក​ឆ្នាំ​២០២២) នៅ​ប្រទេស​វៀតណាម​៕​