ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ នៃ​កងយោធពល​ខេមរភូមិន្ទ ទៅ​បំពេញ ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ចាប់ពី​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០២២ តប​តាម​ការអញ្ជើញ​របស់​នា​យ​ឧ​ត្ត​ម​សេនីយ៍ WEI FENG HE សមាជិក​ក្រុមប្រឹក្សារដ្ឋ និង​ជា​រដ្ឋមន្ត្រីក្រសួង​ការពារ​ប្រទេស នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។ នេះ​បេ​ី​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការពារជាតិ កាលពី​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២២​។

​ក្រសួងការពារជាតិ​បាន​បន្តថា នៅក្នុង​អំឡុង​ដំណើរ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នេះ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ និង​នាយ​ឧត្ដមសេនីយ៍ XU QI LIANG អនុប្រធាន​គណៈកម្មាធិកា​រ​យោធា​មជ្ឈិម នឹង​អញ្ជើញ​ធ្វើជា​សហប្រធាន​ក្នុង​កិច្ចប្រជុំ​លើកដំបូង​របស់​គណៈកម្មកា​រ​ចម្រុះ​កិច្ចសហប្រតិបត្តិការ​យោធា និង​បច្ចេកទេស​កងទ័ព​ប្រទេស​ទាំងពីរ កម្ពុជា​-​ចិន នៅ​ទីក្រុង​ក្វាង​ចូ​វ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​

​ប្រភព​ដដែល​បាន​បញ្ជាក់ថា សម្តេច​ពិជ័យ​សេនា ទៀ បាញ់ នឹង​ជួបពិភាក្សា​ផ្លាស់ប្តូរ​ទស្សនៈ​គ្នា អំពី​បញ្ហា​តំបន់ និង​អន្តរជាតិ​ជាមួយ​នាយ​ឧ​ត្ត​ម​សេនីយ៍ XU QI LIANG និង​អញ្ជើញ​ជា​អធិបតី​នៅក្នុង​ពិធី​ចុះហត្ថលេខា​លើ​ពិធីសារ​ចំនួន​ពីរ ១.​កិច្ចសហប្រតិបត្តិការ​យោធា និង ២.​កិច្ចសហប្រតិបត្តិការ​បច្ចេកទេស​យោធា សំដៅ​លើកកម្ពស់​សមត្ថ​ភាព​កងទ័ព និង​ធ្វើ​ទំនើបកម្ម​ហេ​ដ្ឋ រចនាសម្ព័ន្ធ​ផ្នែក​ទន់​-​រឹង ដើម្បីឱ្យ​វិស័យ​ការពារជាតិ​កាន់តែ​រីកចំរើន​មួយកម្រិត​ថែមទៀត​។​

​ជាមួយគ្នានេះ គណៈប្រតិភូ​នៃ​កងយោធពល​ខេមរភូមិន្ទ នឹង​អញ្ជើញ​ចូលរួម​កម្មវិធី​អាហារ​ថ្ងៃត្រង់ ដែល​រៀបចំ​ដោយ​នាយ​ឧ​ត្ត​ម​សេនីយ៍ XU QI LIANG ដើម្បី​ពង្រឹង​ចំណង​សាមគ្គីភាព មិត្តភាព និង​កិច្ច សហប្រតិបត្តិការ​កង​ទ័ព​ប្រទេស​ទាំងពីរ​កម្ពុជា​-​ចិន ឱ្យ​កាន់តែ​រឹងមាំ និង​រីកចំរើន​ថែមទៀត ក្រោយ​វិបត្តិ​នៃ​ការ រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ជាស​កល​៕​