​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស,បំណង (​ដេល្លី​ម៉េល​) ៖ អ្នកនិពន្ធ​ជនជាតិ​អង់គ្លេស លោក សាល់​ម៉ាន់ រុស​ឌី (Salman Rushdie)​ដែល​ការសរសេរ​របស់​គាត់​បាន​ធ្វើឱ្យ​គាត់​ក្លាយ​ជា​គោលដៅ​នៃ​ការ​គំរាម​​សម្លាប់​ពី​អ៊ីរ៉ង់ កំពុង​ស្ថិត​ក្នុង​បន្ទះ​វះកាត់​សង្គ្រោះបន្ទាន់​កាលពី​ថ្ងៃ​សុក្រ​ទី​១២​សីហា បន្ទាប់ពី​ត្រូវ​គេ​ចាក់​ម្តង​ហើយ​ម្តងទៀត​នៅក្នុង​ព្រឹត្តិការណ៍​អក្សរសាស្ត្រ​ក្នុង​រដ្ឋ​ញូវយ៉ក​។​

​វរសេនីយ៍ត្រី យូ​ជីន ស្តា​នី​ស្វេ​ស្គី (Eugene Staniszewski) ប៉ូលិស​រដ្ឋ​ញូវយ៉ក​បាន​ប្រាប់​អ្នកកាសែត​ថា លោក​រុស​ឌី​ត្រូវបាន​ដឹក​តាម​ឧទ្ធម្ភាគចក្រ​ទៅកាន់​មន្ទីរពេទ្យ​បន្ទាប់ពី​ការវាយប្រហារ​ដែល​​បាន​កើត​ឡើង​មុន​ម៉ោង ១១៖០០ ព្រឹក ម៉ោង​ក្នុងស្រុក​។​

​ប៉ូលិស​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​អំពី​ស្ថានភាព​របស់​អ្នកនិពន្ធ​លេចធ្លោ​រូប​នេះ​ទេ ក្រៅពី​ថា​គាត់​កំពុង​ស្ថិត​ក្នុង​ការវះកាត់​នៅឡើយ​។​

​ពួកគេ​បាន​កំណត់​អត្តសញ្ញាណ​ជនសង្ស័យ​កំពុង​ត្រូវបាន​ឃុំខ្លួន​នោះ​ឈ្មោះថា ហា​ឌី ម៉ា​តា (Hadi Matar) អាយុ ២៤ ឆ្នាំ​មក​ពី​ទីក្រុង​ហ្វែរ​ហ្វៀល (Fairfield) រដ្ឋ​ញូ​វ​ជើ​ស៊ី (New Jersey)​។ ចេតនា​នៃ​ការចាក់​នេះ​នៅ​មិនទាន់​ដឹង​ច្បាស់​ទេ​។​

​ប៉ូលិស​បាន​និយាយថា លោក រុស​ឌី​ត្រូវ​បាន​ចាក់​ចំក​ក៏ដូចជា​ពោះ​។ មនុស្ស​មួយចំនួន​បាន​ប្រញាប់ប្រញាល់​ឡើង​លើ​ឆាក ហើយ​ចាប់​បោក​ជនសង្ស័យ​ទៅ​នឹង​ដី​មុនពេល​ទាហាន​ដែល​មាន​វត្តមាន​នៅ​​ក្នុង​ព្រឹត្តិការណ៍​នោះ​ចាប់​ខ្លួន​រូបគេ​។​

​វេជ្ជបណ្ឌិត​ម្នាក់​នៅក្នុង​ចំណោម​ទស្សនិកជន​បាន​ជួយ​ពិនិត្យ​សុខភាព​គាត់​រហូតដល់​អ្នក​សង្គ្រោះ​បន្ទាន់​មកដល់​។ ប៉ូលិស​បាន​និយាយថា អ្នក​សម្ភាសន៍​នៅលើ​ឆាក​ឈ្មោះ រ៉ាល់ ហង់​រី រី​ស (Ralph Henry Reese) អាយុ ៧៣ ឆ្នាំ​បាន​រងរបួស​ផ្ទៃមុខ ប៉ុន្តែ​បាន​ចេញពី​មន្ទីរពេទ្យ​ហើយ​។​

​ការវាយប្រហារ​នេះ​បាន​កើត​ឡើង​នៅ​វិទ្យាស្ថាន​ឆូ​ថូ​ក្វា (Chautauqua) ដែល​កំពុង​រៀបចំ​កម្ម​វិធី​សិល្បៈ​នៅ​ក្នុង​សហគមន៍​មាត់បឹង​ដ៏​ស្ងប់ស្ងាត់​មួយ​ស្ថិតនៅ​ចម្ងាយ ១១០​គីឡូម៉ែត្រ​ពី​ភាគខាងត្បូង​​ទីក្រុង​បា​ហ្វ​ហ្វេ​ឡូ (Buffalo)​។​

​លោក កាល់ ឡេ​វ៉ាន់ (Carl LeVan) សាស្ត្រាចារ្យ​ផ្នែក​នយោបាយ​នៃ​សាកលវិទ្យាល័យ​អាម៉េរិក​មួយ ដែល​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នោះ បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AFP ថា​គាត់​បានឃើញ​​ជនសង្ស័យ​រត់​ឡើង​លើ​ឆាក កន្លែង​ដែល​លោក​រ៉ាស់​ឌី​កំពុង​អង្គុយ ហើយ “​បាន​ចាក់​គាត់​ម្តង​ហើយ​ម្តងទៀត​យ៉ាង​សាហាវ​”។

លោក រុស​ឌី​ត្រូវបាន​ដឹក​តាម​ឧទ្ធម្ភាគចក្រ​សង្គ្រោះបន្ទាន់ បន្ទាប់ពី​ត្រូវ​គេ​ចាក់​យ៉ាង​សាហាវ

​រុស​ឌី អាយុ​៧៥​ឆ្នាំ ត្រូវ​បាន​លេច​មុខមាត់​ដោយសារ​តែ​សៀវភៅ​ប្រលោមលោក​ឈ្មោះថា Midnight’s Children​នៅ​ឆ្នាំ​១៩៨១ ដែល​ទទួលបាន​ការសរសើ​រ​ជា​អន្តរជាតិ និង​ពានរង្វាន់​ដ៏​មាន​កិ​ត្យា​​នុ​ភាព Booker Prize​របស់​អង់គ្លេស​ដោយសារតែ​ការពណ៌នា​របស់​វា​អំពី​ប្រទេស​ឥណ្ឌា​ក្រោយ​ទទួលបាន​ឯករាជ្យ​។​

​តែ​សៀវភៅ​ប្រលោក​លោក​«​កំណាព្យ​បិសាច​-The Satanic Verses»​នៅ​ឆ្នាំ​១៩៨៨​បាន​ទាក់ទាញ​ការចាប់អារម្មណ៍​ហួស​ក្តី​ស្រម៉ៃ​របស់​លោក​នៅ​ពេល​វា​បង្កកំហឹង​ក្នុងចំណោម​អ្នក​កាន់​សាសនា​អ៊ី​​ស្លាម​និង​នាំ​ដល់​ការចេញ​ក្រិត​សាសនា​ហៅថា​«​ហ្វា​តវ៉ា​»​ដោយ​មេដឹកនាំ​សាសនា​អ៊ីរ៉ង់​លោក​អាយ៉ា​តុឡា រូហុ​លឡា ខូ​មេនី (Ayatollah Ruhollah Khomeini)​អំពាវនាវ​អោយ​មាន​ការ​តាម​​សម្លាប់​លោក​។​

​ប្រលោក​លោក​នេះ​ត្រូវបាន​អ្នក​កាន់​សាសនា​អ៊ីស្លាម​ភាគច្រើន​ចាត់ទុកថា​ជា​ការ​ម​ងាយ​ព្យាកា​រី ម៉ូ​ហា​ម៉េដ​៕

​រុស​ឌី​ដែល​កើត​នៅ​ឥណ្ឌា ក្នុង​គ្រួសារ​មិន​កាន់​សាសនា​អ៊ីស្លាម ត្រូវ​បង្ខំ​អោយ​សម្ងំ​លាក់ខ្លួន នៅពេល​មានការ​ប្រកាស​ជូន​រង្វាន់​សំរាប់​ក្បាល​របស់​លោក​។​លោក​រស់នៅ​រដ្ឋ​ញូវយ៉ក​និង​គាំទ្រ​សេរីភាព​នៃ​ការ​​បញ្ចេញមតិ​

ពួកអ៊ីស្លាមនិយមតាមគម្ពីរដុតរូបលោករុសឌីដោយសារតែប្រលោកលោកកំណាព្យបិសាចនៅឆ្នាំ១៩៨៩