ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត​បង្ហាញ​ក្តី​ព្រួយបារម្ភ​នឹង​ទឹកភ្លៀង​ធ្លាក់​រណ្តំ ថា​វា​នឹងត្រូវ​ចាល់​ច្រាល​ហៀរហូរ ស្ទះ ហើយ​បង្ក​លិចលង់ ហេតុនេះ​ក៏​បើក​យុទ្ធនាការ​សម្រុក​ស្តារលូ កាយ​សម្រាម​និង​សំណល់​រឹង ។​

​ពោលគឺ​មកទល់​ថ្ងៃទី​១២​ខែសីហា​ឆ្នាំ​២០២២​នេះ បាន​បន្ត​សម្រុក​កាយ​សំរាម​ឬ​សំណល់​រឹង​ចេញពី​ក្នុង​មាត់​លូ និង​តាម​ប្រឡាយ​រំដោះ​ទឹក​សម្អុយ ឬ​ទឹកភ្លៀង​ដើម្បី​ឲ្យ​វា​ហូរ បន្ធូរ​ទឹក​ស្រក​បាន​រហ័ស បង្ការ​ជំនន់​ទឹកភ្លៀង គឺ​បន្ត​កាយ​បើកមុខ​ទឹក​តាម​លូ​ប្រអប់​ចំនួន​៤​ខ្សែ​ឆ្លងកាត់​ពីក្រោម​ផ្លូវជាតិ​លេខ​៥​និង​ផ្លូវ​រថភ្លើង​ដែលជា​លូ​មេ​រំដោះ​ទឹក​ពី​ផ្នែក​ខ្ពង់រាប​ខាងជើង​ក្រុង​ទៅ​ទំនាប់​ខាងត្បូង​ក្រុង​ក្នុងភូមិ​សាស្ត្រ​សង្កាត់​អូរជ្រៅ​(​ដែល​បង្កើត​ថ្មី​)​សង្កាត់​ប៉ោយប៉ែត សង្កាត់​ផ្សារកណ្តាល ដែល​ក៏​ជា​ប្រជុំជន​និង​មាន​ពលរដ្ឋ​រស់នៅ​កកកុញ ហើយ​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម សេវាកម្ម ឃ្លាំង ផែស្ងួត រោងចក្រ​ជាដើម​។​

​មន្ត្រី​អាជ្ញាធរ​សង្កាត់​ប៉ោយប៉ែត​បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​១២​ខែសីហា ឆ្នាំ​២០២២ ថា​៖ ក្រោយពី​មាន​ភ្លៀង​ធ្លាក់​៤-៥​ថ្ងៃ​ជាប់ៗ​គ្នា សង្កាត់​ប៉ោយប៉ែត​និង​អូរជ្រៅ​បាន​ប្រឈម​នឹង​ជន់​លិច​ដោយ​ទឹកភ្លៀង​ជាមិនខាន ព្រះ​មកទល់ពេលនេះ​ចំណុច​ខ្លះ​ទឹកភ្លៀង​នៅ​ស្ទះ​ឬ​ហូរ​មិនទាន់​ពី​២​ទៅ​៣​ម៉ោង ទើប​ស្រក​។ ចំណុច​ខ្លះទៀត ទាល់តែ​១​យប់​ទើប​ស្រក​អស់​។

​មន្ត្រី​បន្តថា យោង​ការណែនាំ​ពី​លោក គាត ហ៊ុល អភិបាលក្រុង​ប៉ោយប៉ែត គឺ​ភ្នាក់ងារ​ភូមិ អាជ្ញាធរ​សង្កាត់ បាននិងកំពុង​ប្រើ​គ្រឿងចក្រ​ចុះ​កាយ​សំរាម ឬ​សំណល់​រឹង​រាវ​ពី​ក្នុង​ប្រឡាយ​រំដោះ​ទឹក​សម្អុយ ប្រឡាយ​រំដោះ​ទឹកភ្លៀង និង​ស្តារលូ​។​
​កន្លែង​ខ្លះ​ត្រូវ​បន្ថែ​មលូ​ថ្មី​។​

​គោលដៅ​ដែល​ត្រូវ​កាយ​មាននៅ​ក្នុងភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​អូរជ្រៅ​. ភូមិ​បា​លិ​លេ​យ្យ​២ ភូមិ​មិត្តភាព​សង្កាត់​ប៉ោយ​ប៉​ឬត ភូមិ​ប្រជា​ធម្ម​លិច​សង្កាត់​ផ្សារកណ្តាល ដែល​ត្រូវ​រំដោះ​ឲ្យ​ទឹកធ្លាក់​ចូល​លូ​ប្រអប់​ចំនួន​៤ ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥ និង​ផ្លូវដែក​ដែលជា​លូ​មេ​រំដោះ​ទឹក​ពី​ទីប្រជុំជន​ទៅ​អូរ​ព្រំដែន​កម្ពុជា​.​ថៃ​។

​ជាមួយគ្នានេះ មន្ត្រី​អាជ្ញាធរ​បាន​អំពាវនាវ ឲ្យ​ប្រជាពលរដ្ឋ​មេត្តា​ចូលរួម​ទុកដាក់​សំរាម​ឲ្យ​ត្រឹមត្រូវ ចៀសវាង​ចោល​ពាសវាល​ពាសកាល អាណាធិបតេយ្យ​បង្ក​ឲ្យ​មាន​បញ្ហា​កកស្ទះ​ប្រព័ន្ធ​លូ និង​ប្រឡាយ​ទឹកស្អុយ ប្រឡាយ​រំដោះ​ទឹក​។​

​ចំណែក​លោក យ៉​ត សុផាត មន្ត្រី​សាលាក្រុង​ប៉ោយប៉ែត​បាន​រិះគន់​ពី​ការ​ទុកដាក់​សំរាម​និង​ការសាងសង់​រំលោភ​ចំណីផ្លូវ រំលោភ​ប្រឡាយ​រំដោះ​ទឹក​និង​លូទឹក​សម្អុយ​ក្នុង​ក្រុង​នេះ​ថា “​អ្នក​ចោល​ខ្ញុំ​រើស ចង់បាន​ទីក្រុង​ស្អាត តែ​អ្នក​មិន​ចូលរួម​។ ចង់បាន​សង្គម​ល្អ តែ​អ្នក​មិន​ធ្វើ​ល្អ ចង់បាន​ផ្លូវធំ តែ​សាងសង់​រំលោភ​។ គ្រប់យ៉ាង​កើតចេញពី​ការរួបរួម​គ្នា​ដោះស្រាយ​៕​