​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ក្រុម​អ្នក​ប្រឆាំង​នឹង​បុព្វ​ជិត​និកាយ​ស៊ី​អ៊ី​ត​ដ៏​មាន​ប្រជាប្រិយភាព លោក ម៉ូក​តា​ដា សាដ (Moqtada Sadr)​បានចាប់ផ្តើម​អង្គុយ​តវ៉ា​នៅ​ទីក្រុង​បា​កដាដ​​កាលពី​ថ្ងៃ​សុក្រ​ទី​១២​សីហា ពោល​ជិត​ពីរ​សប្តាហ៍​បន្ទាប់ពី​អ្នកគាំទ្រ​របស់​លោក​បាន​សម្រុកចូល​សភា ហើយ​បាន​ចាប់ផ្តើម​ការតវ៉ា​បើកចំហ​ដំបូង​នៅ​ខាងក្នុង និង​បន្ទាប់មក​នៅ​ខាង​ក្រៅ​សភា​។​

​ការ​បោះជំរំ​ប្រឆាំង​នេះ​គឺជា​ការផ្លាស់ប្តូរ​របត់​ចុងក្រោយបង្អស់​នៅក្នុង​ការប្រឈមមុខ​ដាក់គ្នា​រវាង​ប្លុក​និកាយស៊ី​អ៊ីត​ដែល​ជា​គូ​ប្រជែង​នឹង​គ្នា​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​ដែល​រហូតមកទល់​ពេលនេះ​នៅតែមាន​​សុខ​សន្តិភាព​នឹង​គ្នា​នៅក្នុង​ប្រទេស​ហែកហួរ​ដោយ​សង្គ្រាម​នេះ​។​

​គណបក្ស​ក្របខណ្ឌ​សម្របសម្រួល ដែល​គាំទ្រ​អ៊ីរ៉ង់ បាន​និយាយថា ខ្លួន​នឹង​រៀបចំ “​ការ​អង្គុយ​តវ៉ា​គ្មាន​កាលកំណត់​” ដើម្បី​ជំរុញ​ឱ្យ​បង្កើត​រដ្ឋាភិបាល​ថ្មី​អោយ​ឆាប់រហ័ស ដើម្បី​បញ្ចប់​ភាពជាប់គាំង​ជា​​ច្រើន​ខែ​។​

​ការប្រកាស​នេះ​បាន​ធ្វើឡើង​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ ដែល​បាន​អាន​ទៅកាន់​អ្នកគាំទ្រ​របស់​ប្លុក​នេះ​រាប់ពាន់នាក់ ដែល​បាន​ប្រមូលផ្តុំ​គ្នា​នៅលើ​ផ្លូវ​ចូល​ទៅ​កាន់​តំបន់​បៃតង​នៃ​រដ្ឋធានី​ដែលជា​​ជម្រក​របស់​រដ្ឋាភិបាល​និង​អគារ​ការទូត​ព្រមទាំង​សភា​ផងដែរ​។​

​លោក អា​ប៊ូ ចា​បាល់ (Abu Jabal) អាយុ ៣២ ឆ្នាំ​ជា​កម្មករ​ស៊ីឈ្នួល​ប្រចាំថ្ងៃ បាន​និយាយថា “​យើង​មិនដឹង​ថា​យើង​នឹង​បន្ត​នៅចឹ​ងដល់​ពេល​ណា​ទេ​។ ប្រាំ​ខែ ១០​ខែ យើង​មិនដឹង​ទេ​។ អ្វីៗ​គឺ​រួចរាល់ គឺ​នឹង​មាន​អាហារ​បរិភោគ​”​។​

​អ្នកឆ្លើយឆ្លង​ព័ត៌មាន AFP បាន​ឃើញ​ក្រុម​បាតុករ​ដំឡើង​តង់​ធំៗ​ដើម្បី​ត្រៀម​បោះ​ជំរំ​។​

​អ្នក​ស្មោះស្ម័គ្រ​របស់លោក​សាដ ដែល​ជា​បព្វជិត​និកាយ​ស៊ី​អ៊ី​ត​ដ៏​គួរឱ្យ​គោរព ដែល​ធ្លាប់​ដឹកនាំ​កងជីវពល​ប្រឆាំង​នឹង​កងកម្លាំង​អាម៉េរិក​និង​រដ្ឋាភិបាល​អ៊ីរ៉ាក់​បាន​និង​កំពុង​ទាមទារ​ឱ្យ​មាន​ការបោះ​​ឆ្នោត​ជា​ថ្មី បន្ទាប់​ពី​គណបក្ស​ក្របខ័ណ្ឌ​សម្របសម្រួល​បានតែងតាំង​បេក្ខជន​សម្រាប់​តំណែង​នាយករដ្ឋមន្ត្រី​។​

​គណបក្ស​ក្របខណ្ឌ​ការសម្របសម្រួល ដែល​ជា​សម្ពន្ធភាព​មួយ​ជួយ​បង្រួម​បញ្ចូល​គ្នា​នូវ​គណបក្ស​របស់​អតីត​នាយករដ្ឋមន្ត្រី នូ​រី អាល់​ម៉ាលី​គី (Nuri al-Maliki)​ដែល​ជា​សត្រូវ​ចាស់វស្សា​របស់​​លោក​សាដ និង គណបក្ស​ហា​សេដ​អាល់​សា​អាប៊ី (Hashed al-Shaabi) ជា​បណ្តាញ​យោធា​គាំទ្រ​អ៊ីរ៉ង់​ដែល​ឥឡូវ​ត្រូវបាន​រួម​បញ្ចូល​នៅក្នុង​កងកម្លាំង​សន្តិសុខ​ចង់ឱ្យ​បង្កើត​រដ្ឋាភិបាល​ថ្មី​ឱ្យបាន​​លឿន​តាម​ដែល​អាច​ធ្វើទៅបាន​៕

​ក្រុម​អ្នកគាំទ្រ​គណបក្ស​ក្របខណ្ឌ​ការសម្របសម្រួល និង ក្រុម​អ្នកគាំទ្រ​បុព្វ​ជិត​និកាយ​ស៊ី​អ៊ី​ត លោក ម៉ូក​ថា​ដា សាដ អង្គុយ​តវ៉ា​នៅ​កណ្តាល​ទីក្រុង​បា​កដាដ