​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ លោក ស្ទេ​វិន ស៊ី​ហ្គាល់ (Steven Seagal)​បាន​បង្ហាញ​ខ្លួន​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​រុស្ស៊ី​ដើម្បី​ការពារ​ដំណើរ​ទស្សនកិច្ច​របស់​គាត់​ទៅកាន់​ពន្ធនាគារ​​មួយ ដែល​ជា​កន្លែង​ដែល​ឈ្លើយសឹក​អ៊ុយ​ក្រែន​ត្រូវបានដុតទាំង​រស់​កាលពី​ខែ​មុន​។​

​អតីត​តារា​សម្តែង​បែប​វាយតប់ និង​ក្លាយ​ជា​ពលរដ្ឋ​រុស្ស៊ី​តាំងពី​ឆ្នាំ ២០១៦ រូបនេះ បាន​និយាយថា គាត់​ចុះទៅ​មើល “​ភស្តុតាង​” នៃ​អ្វីដែល​បាន​កើតឡើង​មុនពេល​និយាយ​ឡើងវិញ​នូវ​ការឃោសនា​របស់​​វិមាន​ក្រឹម​ឡាំង​ថា ទីក្រុង​គៀវ​គួរតែ​ត្រូវ​ស្តីបន្ទោស​ដោយសារ​តែ​ទាហាន​អ៊ុយ​ក្រែន​បាញ់ផ្លោង​ដាក់​កន្លែង​ឃុំឃាំង​នេះ​។​

​លោក​ស៊ី​ហ្គាល់​អាយុ ៧០ ឆ្នាំ ដែល​ធ្លាប់​មាន​អាជីព​ខ្លី​នៅក្នុង​ក្រុម​តន្ត្រី​មួយ បាន​បន្ត​ពណ៌នា​ខ្លួន​គាត់​ថា​ជា “​អ្នកការទូត​” ហើយ​និយាយ​ថា​គាត់​កំពុង​ផលិត​ភាពយន្ត​ឯកសារ “​មិន​លម្អៀង​”​អំពី​សង្គ្រាម​​អ៊ុ​យក្រែន បើទោះបីជា​គាត់​បង្ហាញ​ការស្រលាញ់​និង​ការកោតសរសើរ​ចំពោះ​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ក៏ដោយ​។​

​ពន្ធនាគារ​អូ​ឡេ​នីវ​កា (Olenivka) នៅក្នុង​តំបន់​ដុន​បា​ស ដែល​កាន់កាប់​ដោយ​កងកម្លាំង​គាំទ្រ​រុស្ស៊ី ត្រូវបាន​វាយប្រហារ​កាលពី​ថ្ងៃទី ២៩ ខែកក្កដា ជាមួយនឹង​ឈ្លើយសឹក​អ៊ុយ​ក្រែន​ប្រហែល ៥០ នាក់ ដែល​បាន​ស្លាប់​ទាំងអស់​។ ពួកគេ​ភាគច្រើន​គឺជា​វីរបុរស​ជើង​ចាស់​ក្នុង​សមរភូមិ​ការពារ​ទីក្រុង​ម៉ា​រី​វ​ប៉ូល​។​

​រុស្ស៊ី​និយាយថា អ៊ុយ​ក្រែន​បាន​បញ្ជា​ឱ្យ​ធ្វើ​ការវាយប្រហា​រលើ​ពន្ធនាគារ​នេះ ហើយ​បាន​អនុវត្ត​វា​ដោយ​ប្រើ​មី​ស៊ី​ល HIMARS ផ្គត់ផ្គង់​ដោយ​អាម៉េរិក​ដែល​បាន​បង្ក​ការបំផ្លិចបំផ្លាញ​នៅ​ពីក្រោយ​ខ្សែ​ត្រៀម​​ជួរមុខ​របស់​លោក​ពូ​ទីន​។​

​តែ​រដ្ឋាភិបាល​ទីក្រុង​គៀវ​និយាយថា នោះ​គឺជា​ការ​កុហក ហើយ​ថា​ក្រុង​មូ​ស្គូជា​អ្នក​ដុត​បំផ្លាញ​ពន្ធនា​គារ ដោយ​ប្រដូច​ពន្ធនាគារ​នេះ​ទៅ​នឹង​ជំរំ​ប្រមូលផ្តុំ ដើម្បី​លាក់បាំង​ភស្តុតាង​នៃ​ការ​ធ្វើ​ទារុណកម្ម​នៅ​ទីនោះ​។​

​ក្រុម​អ្នកសង្កេតការណ៍​និង​អ្នកជំនាញ​លោកខាងលិច​យល់ស្រប​ជាមួយ​អ៊ុ​យក្រែន ដោយ​និយាយថា រូបភាព​នៃ​ឃ្លាំង​មួយ ដែល​អ្នក​ទោស​បាន​ស្លាប់ បង្ហាញថា​វា​នៅ​ស្អាត​ដដែល​បន្ទាប់​ពី​ភ្លើង​ឆេះ​ដែល​​នោះ​ជា​អ្វី​ដែល​ពួកគេ​និយាយ​ថា​នឹង​មិនមែន​ជា​ករណី​នោះទេ ប្រសិនបើ​វា​ត្រូវ​បាន​វាយប្រហារ​ដោយ​គ្រាប់​រ៉ុក្កែត HIMARS​។​

​គ្រែ​ខាងក្នុង​អគារ​ដែល​ឈ្លើយសឹក​អ៊ុយ​ក្រែន​ត្រូវ​បាន​ដុតស្លាប់​ក្នុង​ដំណេក​របស់​ពួកគេ​ក៏​មិន​មាន​ការរំខាន​ដែរ ហើយ​មិន​មាន​រណ្ដៅ​ផ្ទុះ​ដែល​អាច​មើលឃើញ​ច្បាស់ៗ​នឹង​ភ្នែក​នោះដែរ​។​

​ពួកគេ​បាន​បន្ថែមថា បំណែក​គ្រាប់​រ៉ុក្កែត HIMARS ដែល​បង្ហាញ​នៅ​លើ​ទូរទស្សន៍​រដ្ឋ​រុស្ស៊ី​ជា “​ភស្តុតាង​” នៃ​ការវាយប្រហារ គឺ​អាច​ប្រមូល​បាន​យ៉ាង​ងាយស្រួល​នៅ​កន្លែង​ផ្សេងទៀត​នៅ​លើ​សមរភូមិ ហើយ​នាំយកមក​កាន់​អគារ​ពន្ធនាគារ​នេះ​។​

​ទន្ទឹមនឹងនោះ អ្នកទោស​ផ្សេងទៀត​នៅក្នុង​ជំរំ ដែលមាន​ទំនាក់ទំនង​ជាមួយ​ក្រុម​គ្រួសារ​នៅ​ខាងក្រៅ​ជញ្ជាំង​គុក ក៏​មិន​បាន​រាយការណ៍​ថា​បាន​ឮ​សំឡេង​រ៉ុក្កែត ឬ​ការផ្ទុះ​នោះដែរ​។​

​ដើម្បី​ជំទាស់​នឹង​ការលើកឡើង​របស់​លោក​ខាងលិច​និង​អ៊ុ​យក្រែន រុស្ស៊ី​បាន​បញ្ជូន​លោក​ស៊ី​ហ្គាល់​ឱ្យ​ធ្វើការ​ត្រួតពិនិត្យដោ​យ​ខ្លួនឯង ដោយ “​អ្នកការទូត​” ប្រកាស​ដោយ​ខ្លួនឯង​រូបនេះ បាន​សន្និដ្ឋានថា “​មួយ​ពាន់​លាន​ភាគរយ​” គឺ​គ្រាប់​រ៉ុក្កែត HIMARS ត្រូវតែ​ស្តីបន្ទោស​៕

លោក​ស៊ី​ហ្គាល់​និយាយ​ការពារ​ថា​ពន្ធនាគារ​នៅ​ដុន​បាស​មិនមែន​រុស្ស៊ី​ជា​អ្នក​ដុត​នោះទេ​