ដោយ​: សម្បត្តិ / ភ្នំពេញ​: រាជធានី​ភ្នំពេញ​មិនទាន់​កើតមាន​បញ្ហា​ប្រឈម​រងគ្រោះ​ដោយ​ទឹកជំនន់​នៅឡើយ​នោះទេ ប៉ុន្តែ​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ​ជិត​៩០០​នាក់ បាន​ប្រមូលផ្តុំ​ប្រជុំជួរ​ទទួល​ផែនការ ដើម្បី​ត្រៀមកម្លាំង​ឱ្យ​រួចជាស្រេច សម្រាប់​ចេញ​អន្តរាគមន៍​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ ក្នុងករណី​កើតឡើង​នូវ​គ្រោះទឹកជំនន់​រឺ​គ្រោះមហន្តរាយធម្មជាតិ​ផ្សេងៗ នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ នៅ​គ្រា​ដែល​គេ​មើលឃើញថា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ សេចក្តីរាយការណ៍​ឱ្យដឹងថា ស្ថានភាព​ទឹកជំនន់​បានកើត​ឡើងជា​បន្តបន្ទាប់​នោះ​ហើយ នៅ​ភូមិសាស្ត្រ​ក្នុង​ខេត្ត​ខ្លះ​នា​ភាគ​ឥ​សាន្ត នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​ការប្រជុំ​ជួរ​រប​ស់ក​ង​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ​បានធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២២ នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដឹកនាំ​ប្រជុំជួរ​ផ្ទាល់​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគ​បាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ក្នុងនោះ​ក៏មាន​វត្តមាន​លោក​លោកស្រី​ស្នងការរង​ផងដែរ​។​

​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត បាន​លើកឡើងថា​៖ ការ​ជួ​ប្រជុំជួរ​នាពេលនេះ គឺជា​ការត្រួតពិនិត្យ​កម្លាំង​ជាក់ស្តែង ដើម្បី​ត្រៀម​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ ហើយ​ក្នុងនាម​ជា​កងកម្លាំង​នគរបាល​ក្រៅពី​បំពេញភារកិច្ច​ការពារ​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សុវត្ថិភាព​សង្គម​នោះ​ហើយ ពោល​បើ​ក្នុងករណី​ប្រជាពលរដ្ឋ​បាន​ជួប​នូវ​គ្រោះមហន្តរាយធម្មជាតិ​ផ្សេងៗ គឺ​កម្លាំង​នគរបាល​ចាំបាច់​ត្រូវ​ចេញ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ឱ្យទាន់​ពេលវេលា ដើម្បី​បញ្ចៀស​បញ្ហា​គ្រោះថ្នាក់​ដោយ​ប្រការ​ផ្សេងៗ​។​ជាក់ស្តែង​ធ្លាប់​បទពិសោធន៍​រួចមកហើយ​នៅក្នុង​រាជធានី​ភ្នំពេញ គឺ​កើតមាន​គ្រោះទឹកជំនន់​ពីរ​ឆ្នាំ​ជាប់​គ្នា​នៅក្នុង​ខណ្ឌដង្កោ​កាលបី​កន្លងទៅនេះ ក៏ដូចជា​ការឆ្លើយតប​ចេញ​ជួយ​អន្តរាគមន៍​បង្ការ​ទប់​ស្កាត់​បញ្ហា​ជំងឺឆ្លង​រាតត្បាត​កូ​វីដ​១៩ ក្នុង​សហគមន៍​កន្លងមកនេះ​ផងដែរ​។​

​អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ក៏បាន​ណែនាំ​ដល់​លោកស្រី​ស្នងការរង និង​លោក​លោកស្រី​នាយការិយាល័យ​ជំនាញ​ទាំងអស់ ត្រូវ​គ្រប់គ្រង​ត្រួតពិនិត្យ​កម្លាំង​នៅក្រោម​ឱវាទ​របស់ខ្លួន​ឱ្យបាន​ម៉ត់ចត់ បើ​ក្នុងករណី​ដែល​ចាំបាច់​ត្រូវ​ប្រមូល​កម្លាំង​ចេញ​ជួយ​អន្តរាគមន៍​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ កម្លាំង​ត្រូវ​មានមុខ​គ្រប់​ចំនួន​ជាដាច់ខាត​ដោយ​មិន​គិត​ពេលវេលា​នោះទេ ធ្វើបែបនេះ​ដើម្បី​ឆ្លើយតប​ទាន់ពេលវេលា ក្នុងការ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​។​

​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត បានលើកឡើង​ណែនាំ​ដល់​កម្លាំង​នគរបាល​ក្រោមបង្គាប់​ត្រូវគោរព​អនុវត្ត​ឱ្យបាន​នូវ​បទបញ្ជា និង​វិន័យ​នគរបាលជាតិ​ឱ្យបាន​ខ្ជាប់ខ្ជួន ក្នុងករណី​បុគ្គល​នគរបាល​ណា មិន​អនុវត្តតាម​បញ្ជា និង​វិន័យ​នគរបាលជាតិ​នោះទេ នឹងត្រូវ​ទទួលរង​វិន័យ​៕​