​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ នាវា​កម្សាន្ត​តម្លៃ ២០ លាន​ផោន (​ជាង​២៤​លាន​ដុល្លារ​) ដែល​ជា​កម្មសិទ្ធិ​របស់​ថៅកែ​ក្រុមហ៊ុន​មួយ ដែល​មាន​ទ្រព្យសម្បត្តិ​ជាង ៤០០ លាន​ផោន (​ប្រហែល ៥០០ លាន​ដុល្លារ​) បាន​ឆាបឆេះ​នៅ​ឆ្នេរសមុទ្រ​ក្បែរ​កោះ​មួយ​របស់អេ​ស្ប៉ាញ​។​

​នាវា Aria SF ប្រវែង ៤៦ ម៉ែត្រ បាន​ឆាបឆេះ​កាលពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ទី​១១​សីហា​នៅ​ឆ្នេរ​កាឡា​សៅ​ណា (Cala Saona) នៅ​ភាគ​ខាងលិច​នៃ​កោះហ្វ័​រមិន​ថេ​រ៉ា (Formentera)​ជាប់​សមុទ្រ​​មេ​ឌី​ទែ​រ៉ាណេ ពោល​ទើប​តែ​មួយ​ខែ​ប៉ុណ្ណោះ​បន្ទាប់ពី​នាវា​នេះ​ត្រូវបាន​ដឹក​ឱ្យ​ម្ចាស់​វា ឈ្មោះ ប៉ាវ​ឡូ ស្គូឌី​អេ​រី (Paolo Scudieri) ។​

​អ្នកដំណើរ​ប្រាំបួន​នាក់​និង​នាវិក​ប្រាំពីរ​នាក់​បាន​ជិះ​នៅលើ​នោះ​នៅ​ពេល​ភ្លើង​ឆេះ ហើយ​ក៏​ត្រូវ​បាន​ជួយ​សង្គ្រោះ​ដោយ​គ្មាន​គ្រោះថ្នាក់​ដោយ​នាវា​ឆ្មាំ​សមុទ្រ​អេ​ស្ប៉ាញ​ពីរ​គ្រឿង​។​គេ​មិន​ច្បាស់​ទេ​ថា​តើ​លោក​​ស្គូឌី​អេ​រី​គឺជា​មនុស្ស​ម្នាក់​ក្នុងចំណោម​អ្នក​ដែល​បាន​សង្គ្រោះ​ឬ​យ៉ាងណា​។​

​ផ្សែងខ្មៅ ដែល​បង្កឡើង​ដោយ​ភ្លើង អាច​មើលឃើញ​ឆ្ងាយ​រហូត​ដល់​កោះ​ជិតខាង អ៊ី​ប៊ី​ហ្សា (Ibiza)​។​

​លោក​ស្គូឌី​អេ​រី ដែលជា​អ្នក​ឧស្សាហកម្ម​កើត​នៅ​ទីក្រុង​ណេ​ផល (Naples) គឺជា​ប្រធាន​ក្រុមហ៊ុន​ផលិត​គ្រឿងបន្លាស់​រថយន្ត Gruppo Addler ដែល​បង្កើតឡើង​ដោយ​ឪពុក​របស់​គាត់​ឈ្មោះ អាឈី​ល (Achille) ក្នុង​ឆ្នាំ ១៩៥៦​។​

​ក្រុមហ៊ុន​នេះ​រចនា​និង​ផលិត​គ្រឿងបន្លាស់​សម្រាប់​ឧបករណ៍​ចម្រោះ​និង​ទប់​កម្តៅ​សម្រាប់​ឧស្សាហកម្ម​រថយន្ត​។ ក្រុមហ៊ុន​មាន​បុគ្គលិក​ជាង ១៥.០០០ នាក់​នៅ​ទូទាំង ២៣ ប្រទេស​ដែល​មាន​ប្រាក់ចំណូល​​ប្រហែល​១​ពាន់​លាន​ផោន​៕

នាវា Aria SF ឆេះ​នៅក្បែរកោះ​អេ​ស្ប៉ាញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដោយ​គ្មាន​នរណាម្នាក់​ជួប​គ្រោះថ្នាក់​ទេ