ដោយៈ ប​.​ខុន / ភ្នំពេញៈ គម្រោង​សាងសង់​ផ្លូវ​បេតុង លើ​ខ្នង​ទំនប់​អាង​ត្រពាំងថ្ម ដោយ​ប្តូរ​ពី​គម្រោង​ចាក់​កៅស៊ូ មកចាក់​បេតុង​កម្រាស់ ០,២ ម៉ែត្រ ជំនួស​វិញ កំពុង​ដំណើរការបាន​ជាង ១.០០០ ម៉ែត្រ ទទឹង ៣ ម៉ែត្រ (​មួយ​ចំហៀង​ផ្លូវ​) នៃ​ប្រវែង​ផ្លូវ ត្រូវធ្វើ​ប្រមាណ​ជា ២១ គីឡូម៉ែត្រ និង​ត្រូវ​ប្រើពេល​យូរ ជាង​ការចាក់​កៅស៊ូ​។​

​លោក ជា សុខ​នី នាយរងខុទ្ទកាល័យរ​ប​ស់លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង នៅ​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០២២​ថាៈ ការងារ​ស្ថាបនា​ផ្លូវ លើ​ខ្នង​ទំនប់​អាងទឹក​ត្រពាំងថ្ម ដែល​ដំបូង​ឡើយ គ្រោង​ចាក់​ក្រាល​កៅស៊ូ ឱ្យ​ហើយ ក្នុង​រយៈពេល​ជាង​ខែ​នោះ ពេលនេះ បាន​ប្តូរ​មកចាក់ បេតុង​ជំនួស​វិញ ហើយ​អាច​ត្រូវ​ប្រើ រយៈពេល​សាងសង់ យូរ​ជាង​ការចាក់​ក្រាល​កៅស៊ូ លើ​ប្រវែង​ផ្លូវ​ប្រមាណ​ជា ២១ គីឡូម៉ែត្រ​។​

​នាយករង​ខុទ្ទកាល័យ​ខាងលើ បាន​និយាយ​ឱ្យដឹង​ទៀ​ថាៈ ការងារ​សាងសង់​ផ្លូវ​លើ​ខ្នង​ទំនប់ ជាបន្ទាន់​នេះ ត្រូវបាន​បែងចែក​ជា ៥ ក្រុម ដោយ​ក្រុមទី​១ ជា​ក្រុម​គ្រឿងចក្រ បង្កើន ការ​កៀរ​កិន​បង្ហាប់ដី សំអាត​ខ្នង​អាង កិន​បង្ហាប់​ថ្ម​គ្រឹះ កម្រាស់​ពី ០,១៥ ទៅ ០,២ ម៉ែត្រ​។ ក្រុមទី​២ បង្កើន​ការដឹកជញ្ជូន​សម្ភារៈ ចូល​ការដ្ឋាន​ជា​បន្តបន្ទាប់ រួមមាន ដូចជា ដែក ខ្សាច់ ថ្ម ក្តារ​ពុ​ម្ភ ស៊ីម៉ង់ត៍​។ ក្រុមទី​៣ មាន​កម្លាំង ៤០ នាក់ បាន​នឹង​កំពុង​សម្រុក​ចង​សរសៃដែក និង​រៀប​បន្ទៈ​ពុ​ម្ភ​។ ក្រុមទី​៤ ជា​ក្រុម​លាយ​បេ​តុ និង​ចាក់​បេតុង នៅ​កំរាស់ ០,២០ ម៉ែត្រ ជា​​បណ្តើរៗ​ដែល​រហូតមកដល់​ថ្ងៃ​១១​សីហា​ចាក់​បាន​ផ្លូវ​ប្រវែង​១.៤៤០​ម៉ែត្រ​កម្រាស់​០.២​ម៉ែត្រ និង​ទទឹង ៣ ម៉ែត្រ (​មួយ​ចំហៀង​ទំនប់​អាង​) និង ក្រុមទី​៥ កំពុង​បន្ត​ជួសជុល​ពង្រីក​សំ ណង់​ទ្វារ​ទឹកធំ​ទី​២ លើ​ខ្នង​អាង​ត្រពាំងថ្ម និង​រៀប​ក្តារ​ពុ​ម្ភ ចាក់​កំរាល​ស្ពាន​។​

​លោក ជា សុខ​នី បាន​និយាយ​ឱ្យដឹងទៀតថាៈ ផ្លូវ​លើ​ខ្នង​ទំនប់​អាង​ត្រពាំងថ្ម មាន​ប្រវែង ជាង ២១ គីឡូម៉ែត្រ​នេះ មាន​ទទឹង ៦ ម៉ែត្រ នៅក្នុង​គម្រោង​ដំបូង ចាក់​កៅស៊ូ គ្រោង ធ្វើឱ្យ​រួច ក្នុង​រយៈពេល​មួយខែ បន្ទាប់​ពីថ្ងៃ​បើក​ការដ្ឋាន​។ តែ​នៅពេល​ប្តូរ​មកចាក់ ជា​ចាក់​បេតុង​ឆ្អឹង​ដែក កម្រាស់ ០,២ ម៉ែត្រ​វិញ​នេះ អាច​នឹងត្រូវ​ប្រើ​រយៈពេល​យូរ​ជាង​នេះ​។​

​ការសាងសង់​ផ្លូវ​ខាងលើ​ជាបន្ទាន់ ដោយ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​នេះ បន្ទាប់ពី​ប្រជាពលរដ្ឋ នៅក្នុង​ខេត្តបន្ទាយមានជ័យ ជាពិសេស អ្នករស់នៅ និង​ប្រើប្រាស់ ផ្លូវ​នេះ​ផ្ទាល់ បាន​ស្នើសុំ​សម្តេច​តេ​ជោ នៅក្នុង​ឱកាស​សម្តេច អញ្ជើញ​ចូលរួម ក្នុង​កម្មវិធី ទិវា​មច្ឆា​ជាតិ នៅ​អាង​ត្រពាំងថ្ម កាលពី​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០២២ កន្លងទៅនេះ​៕/V​