​ប្រែ​សម្រួលៈ​បំណង​(​ស្រេ្តត​ថែមស៍​)៖ សហរដ្ឋ​អាម៉េរិក​កំពុង​ឆ្លើយតប​នឹង​អ្វី​ដែល​ខ្លួន​ហៅ​ថា​«​ឥរិយាបទ​បង្ករឿង​»​របស់​ចិន​លើ​តៃវ៉ាន់ ដោយ​កាលពី​ថ្ងៃ​សុក្រ​បានប្រកាស​ជំរុញ​ពាណិជ្ជកម្ម​ជាមួយ​កោះ​គ្រប់​​គ្រង​បែប​ប្រជាធិបតេយ្យ​មួយ​នេះ និង​នៅ​តែ​ចចេស​អះអាង​អំពី​សិទ្ធិ​បើក​យន្តហោះ​និង​នាវា​ឆ្លង​ច្រក​សមុទ្រ​តៃវ៉ាន់ ។​

​ផែនការ​ពាណិជ្ជកម្ម​ថ្មី​មួយ នឹង​ត្រូវ​បង្ហាញឡើង​នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត នៅពេល​កងកម្លាំង​អាម៉េរិក​នឹង​ធ្វើ​ប្រតិបត្តិការ​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់​នៅ​ប៉ុន្មាន​សប្តាហ៍​ខាងមុខ នេះ​បើ​តាម​លោក ឃឺត ខាំ​​បែ​ល​(Kurt Campbell)​អ្នកសម្របសម្រួល​សេត​វិមាន​ទទួលបន្ទុក​បញ្ហា​អាស៊ី​ប៉ាស៊ីហ្វិក និង​ជា​ទីប្រឹក្សា​របស់​ប្រធានាធិបតី ចូ បៃ​ដិន​។​

​លោក​ខាំ​បែ​ល​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា ចិន​កុំម្មុយនីស្តកំពុង​ប្រើប្រាស់​ដំណើរ​ទស្សនកិច្ច​កាលពី​ពេល​ថ្មីៗ​របស់​ប្រធាន​សភា​អាម៉េរិក​លោកស្រី ណាន់​ស៊ី ផេ​ឡូ​ស៊ី ទៅ​កាន់​កោះ​តៃវ៉ាន់​ដើម្បី​ព្យាយាម​​ផ្លាស់ប្តូរ​ស្ថានភាព​ជាក់ស្តែង​របស់​កោះ​នេះ​។​

​ដោយ​បញ្ជាក់​ថា ដំណើរ​ទស្សនកិច្ច​នេះ​ស្របតាម​គោលនយោបាយ​មាន​ស្រាប់​របស់​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន លោក​ខាំ​បែ​ល​បាន​និយាយថា​ចិន​«​ប្រតិកម្ម​ជ្រុល​ហើយ​ប្រើប្រាស់​ព្រឹត្តិការណ៍​នេះ​ដើម្បី​​បង្កើន​សម្ពាធ​លើ​តៃវ៉ាន់​ដើម្បី​ផ្លាស់ប្តូរ​ស្ថានភាព​ជាក់ស្តែង​របស់​វា ដោយ​ធ្វើអោយ​គ្រោះថ្នាក់​ដល់​សន្តិភាព​និង​ស្ថិរភាព​កាត់​ច្រក​សមុទ្រ​តៃវ៉ាន់ ព្រមទាំង​ក្នុង​តំបន់​»​។​

​ជា​ការឆ្លើយតប​នឹង​ប្រតិកម្ម​ជ្រុល​នេះ អាម៉េរិក​កំពុង​បញ្ជាក់​ឡើងវិញ​ការចូលរួម​ពាក់ព័ន្ធ​របស់​ខ្លួន​នៅក្នុង​តំបន់ នៅ​ពេល​ខ្លួន​ក៏​បញ្ជាក់​ឡើងវិញ​គោលនយោបាយ​ទទួលស្គាល់​ចិន​ប៉េកាំង​ខាង​ការទូត​​តែ​ក៏​គាំទ្រ​ការការពារ​ខ្លួន​របស់​កោះ​តៃវ៉ាន់​។​

​លោក​ខាំ​បែ​ល បាន​និយាយថា រដ្ឋាភិបាល​អាម៉េរិក​នឹង​បន្ត​ពង្រឹង​ទំនាក់ទំនង​ជាមួយ​កោះ​តៃវ៉ាន់ រួម​មាន​ការបន្ត​ជំរុញ​ទំនាក់ទំនង​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​។​អាម៉េរិក​សូមបញ្ជាក់​អះអាង​ឡើងវិញ​សិទ្ធិ​​របស់ខ្លួន​ក្នុង​ការប្រើប្រាស់​ដែនទឹក​និង​ដែនអាកាស​អន្តរជាតិ​រវាង​តៃវ៉ាន់​និង​ចិនដីគោក​៕

ឃឺត ខាំ​បែ​ល ៖ កងកម្លាំង​អាម៉េរិក​នឹង​បន្ត​បើក​យន្តហោះ បើក​នាវា​និង​ធ្វើ​ប្រតិបត្តិការ​នៅទីណា​ដែល​ច្បាប់​អន្តរជាតិ​អនុញ្ញាត