​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ អ្នកនាំពាក្យ​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​១២​សីហា​ថា តារា​សម្តែង​ហូលីវូដ អេ​ន ហេស (Anne Heche) ត្រូវបាន​ប្រកាស​ស្លាប់​ដោយ​ស្របច្បាប់ ពោលគឺ​មួយ​សប្តាហ៍​បន្ទាប់ពី​តារា​រូប​នេះ​បាន​បើក​ឡាន​បុក​អគារ​មួយ​ក្នុង​ទីក្រុង​ឡូ​ស​អ៊ែន​ជេ​ឡេស​។

​ហេស អាយុ ៥៣ ឆ្នាំ​បាន​សន្លប់​បាត់ស្មារតី​នៅ​ក្នុង​មន្ទីរពេទ្យ​ជា​មួយ​របួស​ខួរក្បាល​ធ្ងន់ធ្ងរ​ចាប់តាំងពី​ពេល​ជួប​គ្រោះថ្នាក់​ដ៏​សាហាវ​នេះ​កាលពី​ថ្ងៃទី ៥ ខែ​សីហា​។​

​អ្នកនាំពាក្យ​ឈ្មោះ ហូ​លី បែរ​ដ៍ (Holly Baird) បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AFP​ថា ដោយ​បាត់បង់​មុខងារ​ខួរក្បាល​ទាំងស្រុង លោកស្រី​បាន “​ស្លាប់​ដោយ​ស្របច្បាប់​តាម​ច្បាប់​រដ្ឋ​កាលីហ្វ័​រញ៉ា​” ទោះបីជា​បេះដូង​របស់​គាត់​នៅតែ​លោត​ធម្មតា ខណៈ​គ្រួសារ​បាន​រក្សា​រាងកាយ​របស់​គាត់​ក្រោម​ម៉ាស៊ីន​ទ្រទ្រង់​ជីវិត ខណៈ​កំពុង​ស្វែងរក​ការបរិច្ចាគ​សរីរាង្គ​មកជួយ​។

​ក្រុមគ្រួសារ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​រួម​ថា “​ថ្ងៃនេះ យើង​បាន​បាត់បង់​ពន្លឺ​ដ៏​ភ្លឺស្វាង ដួងព្រលឹង​ដ៏​សប្បុរស​និង​ដ៏​រីករាយ​បំផុត ម្តាយ​ជា​ទីស្រឡាញ់ និង​មិត្តភក្តិ​ដ៏​ស្មោះត្រង់​។​អេ​ននឹង​ត្រូវ​នឹក​​រលឹក​យ៉ាងខ្លាំង ប៉ុន្តែ​គាត់​នៅតែ​រស់​រវើក​តាមរយៈ​កូនប្រុស​ដ៏​ស្រស់​ស្អាត​របស់គាត់ តំណាង​នៃ​ស្នាដៃ​របស់​គាត់ និង​ការតស៊ូ​មតិ​ដ៏​បរិសុទ្ធ​ចេញពី​ចិត្ត​របស់​គាត់​”​។​

“​ភាពក្លាហាន​របស់គាត់ ដែល​តែងតែ​ឈរ​លើ​ការ​ពិត ការផ្សព្វផ្សាយ​សារ​នៃ​សេចក្តីស្រឡាញ់​និង​ការទទួល​យកគ្នា​ក្នុងសង្គម នឹង​បន្ត​មាន​ឥទ្ធិពល​យូរអង្វែង​”​។​

​លោកស្រី​ហេស ដែល​ល្បីល្បាញ​សម្រាប់​ខ្សែភាពយន្ត​ទសវត្សរ៍​ឆ្នាំ​១៩៩០ ដូចជា រឿង Donnie Brasco និង រឿង Six Days, Seven Nights​ក៏​ដូចជា​ទំនាក់ទំនង​ស្នេហា​ដ៏​ល្បី​កក្រើក​ជាមួយ​​ពិធីករ​កម្មវិធី​ជជែក​កម្សាន្ត អេ​ឡិន ដេជេណេ​រ៉េស (Ellen DeGeneres) បាន​បើក​ឡាន​បុក​ផ្ទះ​ពីរ​ជាន់​ក្នុង​សង្កាត់​ម៉ា​វី​ស្តា (Mar Vista) នៃ​ទីក្រុង​ឡូ​ស​អ៊ែន​ជេ​ឡេស​។​

​យោង​តាម​នាយកដ្ឋាន​ពន្លត់អគ្គិភ័យ​ក្រុង​បាន​ឱ្យដឹងថា ការបុក​ទង្គិច​យ៉ាង​សាហាវ​នេះ​បាន​បណ្តាលឱ្យ “​ខូចខាត​អគារ និង​… ភ្លើង​ឆេះ​យ៉ាង​សន្ធោសន្ធៅ​” នៅ​កន្លែងកើតហេតុ​។​

​នាយកដ្ឋាន​បាន​និយាយថា អ្នក​ពន្លត់​អគ្គិភ័យ​ចំនួន ៥៩ នាក់​បាន​ប្រើ​ពេល​ជាង​មួយ​ម៉ោង​ទើប​អាច​ពន្លត់ភ្លើង​បាន​ទាំងស្រុង​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​រាយការណ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ការ​ធ្វើតេស្តិ៍​បឋម​លើ​ឈាម​របស់​លោកស្រី​ហេស​គឺ​ចេញ​លទ្ធផល​វិជ្ជមាន​សារធាតុ​ញៀន​ទោះយ៉ាងណា​ការ​ធ្វើតេស្តិ៍​បន្ថែមទៀត​ត្រូវធ្វើ​​ជា​ចាំបាច់​ដើម្បី​ធានា​ថា សារធាតុ​ញៀន​ទាំងនោះ​មិន​ត្រូវបាន​ចាក់​ឱ្យ​គាត់​ក្នុងអំឡុងពេល​ព្យាបាល​របួស​៕

​លោកស្រី​ហេស​ស្លាប់​នៅ​អាយុ​៥៣​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​