​ដោយៈ សៅ​វ៉ាន់ឌី / ព្រះវិហារ​៖ មាន​ករណី​ភ្ញាក់ផ្អើល​មួយ បានកើត​ឡើង នៅក្នុង​សង្កាត់រដ្ឋបាល​ព្រៃឈើ​រវៀង បន្ទាប់ពី​រថយន្ត​ម៉ាក​តូយ៉ូតា ហាយ​ឡិន​ឌឺ មួយគ្រឿង ត្រូវបាន​ចោ​លួច​យកចេញ ពី​ក្នុងបរិវេណសង្កាត់រដ្ឋបាល​ព្រៃឈើ​រវៀង ខណៈ​នៅក្នុង​សង្កាត់រដ្ឋបាល ព្រៃឈើ​រវៀង មានការ​យាមកាម​តឹងតែង​បំផុត ។​

​ហេតុការណ៍​បាត់​រថយន្ត​ដឹក​បទល្មើស​ព្រៃឈើ ខាងលើ បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២២ ដែលជា​វេន​របស់លោក យឹម វាសនា នាយរង​សង្កាត់រដ្ឋបាល ព្រៃឈើ​រវៀង ប្រចាំការ​នៅ​នឹង​ស្នាក់ការ​។ នេះ​ជា​លើក​ទី​១ ហើយ ដែល​វត្ថុតាង​ដឹក បទល្មើស ត្រូវបាន​ចោ​លួច​បាត់ ។​

​សូមបញ្ជាក់ថា រថយន្ត​ម៉ាក​តូយ៉ូតា ហាយ​ឡិន​ឌឺ ដឹកឈើ​ខាងលើ ត្រូវបាន​លោក ស៊ុ សុ​វុត្ថា នាយផ្នែក​រវៀង សហការ​ជាមួយ​អាវុធហត្ថ​ស្រុក នគរបាល​ស្រុក​រវៀង ដោយមាន​ការចូលរួម​ពី អ្នកសារព័ត៌មាន​ផង​នោះ បង្ក្រាបបាន​កាលពី​ល្ងាច ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២២ នៅ​ចំណុច​ភូមិ​ពោធិ ឃុំ​រុះ​រាន់ ស្រុក​រវៀង ខេត្តព្រះវិហារ វត្ថុតាងរ​ថយ​ន្ត​ម៉ាក​តូយ៉ូតា ហាយ​ឡិន​ឌឺ ពណ៌​ស មួយគ្រឿង និង​ឈើ​លេខ​១ មួយចំនួន ត្រូវបាន​រឹបអូស​យកមក​រក្សាទុក នៅ​សង្កាត់រដ្ឋបាល​ព្រៃឈើ​រវៀង ប៉ុន្តែ​ទុក​បានតែ​មួយថ្ងៃ រថយន្ត​ត្រូវបាន​ចោរ អាថ៌កំបាំង​លួច​បាត់ ។ លោក យឹម វាសនា យើង​មិនអាច​សុំ​ការ ពន្យល់​បានទេ ដោយ​ទូរស័ព្ទ​ចូល​ច្រើនដង តែ​មិន​លើក​ទទួល ។

​ពាក់ព័ន្ធ​ករណី​បាត់​រថយន្ត ជា​វត្ថុតាង​នេះ លោក ជ័យ ចេ​ត្ថា នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ រវៀង បានឱ្យដឹងថា លោក​មិនបាន​នៅ​កន្លែង​ទេ ដោយ​ជាប់រវល់​នៅឯ​ស្រុក ព្រោះ​ទៅ​មើល​បង​ឈឺ ទុកឱ្យ​លោក យឹម វាសនា នាយរង​សង្កាត់​នៅចាំ​កន្លែង​។ ចំណែក​រថយន្ត​ដឹក​បទល្មើស ត្រូវបាន​បាត់ លោក​មិនទាន់​ដឹង​មូលហេតុ​ពិតប្រាកដ​ទេ រង់ចាំ​ស្រាវជ្រាវ​មើល​សិន ។​

​លោក ស៊ុ សុ​វុត្ថា នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​រវៀង បានឱ្យដឹងថាៈ លោក​ហួសចិត្ត ដែល​ចោរ វា​ហ៊ាន​ចូលមក​លួច​រថយន្ត ដែលជា​វត្ថុតាង ដល់​ក្នុង​សង្កាត់រដ្ឋបាល​ព្រៃឈើ រវៀង យ៉ាងនេះ ប៉ុន្តែ​លោក​នឹង​បន្ត​តាម​បង្ក្រាប​ទៀត ឱ្យខាងតែបាន ៕/V​