​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ ប្រភព​ជិតស្និទ្ធ​នឹង​ករណី​នេះ​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ ទី​១២ សីហា​ថា អតីត​ជំនួយការ​សេដ្ឋកិច្ច​សញ្ជាតិ​អូស្ត្រាលី​របស់​រដ្ឋាភិបាល​មុន ដែល​ត្រូវបាន​ចាប់ខ្លួន​​ដោយ​របប​យោធា​មី​យ៉ាន់​ម៉ា មិន​ព្រម​និយាយ​សារភាព​ទោស​ក្នុង​ការបំពាន​ច្បាប់​ស្តីពី​កា​រ​សម្ងាត់​រដ្ឋ​សម័យ​អាណានិគម​។​

​លោក ស៊ីន ធឺ​នែ​ល (Sean Turnell) បាន​កំពុងធ្វើការ​ជា​ទីប្រឹក្សា​មេដឹកនាំ​ស៊ីវិល​របស់​មី​យ៉ាន់​ម៉ា លោកស្រី អ៊ុង​សាន ស៊ូ​ជី​នៅ​ពេល​គាត់​ត្រូវបាន​ចាច់​ឃុំ​ខ្លួន​បន្ទាប់​ពី​រដ្ឋប្រហា​រ​ទម្លាក់​រដ្ឋាភិបាល​​លោកស្រី​កាលពី​ខែ​កុម្ភៈ​ឆ្នាំ​មុន​។​

​នៅក្នុង​ការកាត់ក្តី​នៅក្នុង​តុលាការយោធា​សម្ងាត់​មួយ ដែល​អ្នកសារព័ត៌មាន​មិន​អាច​ចូល​ទៅ​បាន គាត់​ប្រឈមមុខ​នឹង​ការដាក់ទោស​ជាប់ពន្ធនាគារ​អតិបរមា ១៤ ឆ្នាំ ប្រសិនបើ​រក​ឃើញ​ទោសកំហុស​។​

​ប្រភព ដែល​បន្ថែម​ថា​លោក​ធឺ​នែ​ល​មាន​សុខភាព​ល្អ​ធម្មតា បាន​និយាយថា “​លោក​ធឺ​នែ​ល​បាន​ផ្តល់​សក្ខីកម្ម​នៅ​តុលាការ​កាលពី​ម្សិលមិញ​…​គាត់​មិនបាន​សារភាព​ទោស​ទេ​”​។​

​សូមបញ្ជាក់​ថា​ចាប់តាំងពី​ការដណ្តើម​អំណាច​មក រដ្ឋាភិបាលយោធា​មី​យ៉ាន់​ម៉ា​បាន​ឃុំខ្លួន​ក្រុមបាតុករ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​រាប់ពាន់នាក់ ដោយ​ប្រឈម​មុខ​នឹង​ការចោទប្រកាន់​ជាច្រើន​ដែល​ក្រុម​​សិទ្ធិមនុស្ស​ចាត់ទុក​ថា​ក្រោម​ហេតុផល​នយោបាយ​។​

​ព័ត៌មាន​លម្អិត​ពិតប្រាកដ​នៃ​បទល្មើស​ដែល​ត្រូវបាន​ចោទប្រកាន់​មកលើ​លោក​ធឺ​នែ​ល​មិន​ត្រូវ​បាន​បង្ហាញ​ជា​សាធារណៈ​ទេ ទោះបីជា​ទូរទស្សន៍​រដ្ឋ​បាន​និយាយថា​គាត់​មាន​សិទ្ធិ​ចូល​ប្រើ​”​ព័ត៌មាន​ហិរញ្ញវត្ថុ​​រដ្ឋ​សម្ងាត់​” ហើយ​បាន​ព្យាយាម​រត់​ភៀសខ្លួន​ចេញពី​ប្រទេស​ក៏ដោយ​៕

​រូបភាព​បង្ហាញ​លោក​ធឺ​នែ​ល​ចាក់​វ៉ាក់សាំង​កូវី​ដ​ក្នុង​ខែកក្កដា ឆ្នាំ​២០២១​