ដោយៈ ទេព មង្គល / ភ្នំពេញ​៖ លោក អគ្គលេខាធិការ គណៈ​ចលនា​មហាជន នៃ​គណៈកម្មាធិការ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែង​ក្រើនរំលឹក ប្រកបដោយ សុ​ដ្ឋិ​និយម ថាៈ ” ធម្មជាតិ​នៃ​សតិអារម្មណ៍​មហាជន គឺមាន​លក្ខណៈ​ស្រួចស្រាល់ និង​ងាយ​ប្រែប្រួល ឆាប់រហ័ស ទៅតាម​មជ្ឈដ្ឋាន​ជុំវិញខ្លួន ដែល​យើង​ត្រូវ​បន្ត​យកចិត្ត​ទុក ដាក់ និង​មិនអាច​ធ្វេសប្រហែស ស្រប​ពេលដែល​មជ្ឈដ្ឋាន​ប្រឆាំង ក៏​នៅតែ​ចិញ្ចឹមចិត្ត ប៉ុនប៉ង​ផ្តួលរំលំ​យើង ដោយ​គេ​កំពុង​រង់ចាំ​ឱកាស និង​បាន​បន្តសកម្មភាព ឥតឈប់ឈរ វាយប្រហារ​គណបក្ស​យើង​ជាប្រចាំ តាម​វិធីសាស្ត្រ និង​យន្តការ​ផ្សេង ” ។​

​លោក ហ៊ុន ម៉ា​នី អគ្គលេខាធិការ គណៈ​ចលនា​មហាជន នៃ​គណៈកម្មាធិការ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែង​បែបនេះ នៅក្នុង​សិក្ខាសាលា​ស្តីពី ” ការចែករំលែក និង​ផ្លាស់ប្តូរ​បទពិសោធន៍ លើ​ការងារ​ព័ត៌មាន និង​ការផ្សព្វផ្សាយ​មហាជន ក្នុង​បរិបទ​ឌីជីថល ” នៅ​វិមាន ៧ មករា នា​ព្រឹក​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០២២ នេះ ។​

​ទាក់ទិន​នឹង​សិក្ខាសាលា​នោះ លោក ហ៊ុន ម៉ា​នី បាន​មានប្រសាសន៍ថាៈ សិក្ខាសាលា​នេះ រៀបចំឡើង​ដើម្បី ជាការ​ចែករំលែក និង​ការផ្លាស់ប្តូរ​បទពិសោធ​ន៍ លើ​ការងារ​ព័ត៌មាន និង​ការផ្សព្វផ្សាយ​មហាជន ស្របតាម​ស្មារតី នៃ​សន្និបាត​គណៈកម្មាធិការ​កណ្តាល កាលពី​ថ្ងៃទី​១៦ និង​១៧ ខែកក្កដា ដែល​បាន​ដាក់ចេញ​ទិសដៅ​ការងារ ឱ្យ​បន្ត​ខិតខំ ” ជំរុញ​ការងារ​ចលនា​មហាជន ចូល​ជ្រៅ​ក្នុង​ស្រទាប់ គ្រប់​ម​ជ្ឍ​ដ្ឋា​ន ជាពិសេស ចលនា​យុវជន ស្ត្រី និង​កម្មករ ព្រមទាំង​ជំរុញ​ការងារ​ព័ត៌មាន និង​សាធារណៈមតិ ឱ្យបាន​កាន់តែ​ទូលំទូលាយ មាន​លក្ខណៈ​លឿន​រហ័ស ” ។​

​សិក្ខាសាលា​រយៈពេល ១​ថ្ងៃ​កន្លះ ស្តីពី “​ការចែករំលែក​ព័ត៌មាន នៅក្នុង​បរិបទ​ឌីជីថល និង​ការផ្លាស់ប្តូរ​បទពិសោធ​ន៍ លើ​ការងារ​ផ្សព្វផ្សាយ​មហាជន ” នេះ មានការ​ចូលរួម​ជា សិក្ខាកាម​ពី​សំណាក់​រចនាសម្ព័ន្ធ​គណៈ​ចលនា​មហាជន​រាជធានី​-​ខេត្ត ក្រុង ស្រុក ខណ្ឌ ជន​បង្គោល​ទទួលបន្ទុក​ការងារ​ចលនា​មហាជន ពី​បណ្តា​គណបក្ស ក្រសួង​-​ស្ថាប័ន រចនាសម្ព័ន្ធ​ផ្សព្វផ្សាយ របស់​រាជរដ្ឋាភិបាល និង​គណបក្ស ប្រមាណ​ជាង ៧០០ នាក់​។​

​អង្គសិក្ខាសាលា បាន​ប្រព្រឹត្ត​ទៅជា​កិច្ចប្រជុំពេញអង្គ ជាមួយនឹង​ការចាប់ផ្តើម ដោយ​បទ​បង្ហាញ លើ​ប្រធានបទ​សំខាន់ ចំនួន​៣ ដោយ​វាគ្មិន​ជំនាញ និង​ពោរពេញ ដោយ​បទពិសោធន៍​។ ទន្ទឹមនេះ ក៏​នឹងមាន​ជាការ​បែង​ចែកជា​ក្រុម​ពិភាក្សា ដែល​អនុញ្ញាត ឱ្យ​អ្នកចូលរួម អាច​ចែករំលែក​បទពិសោធន៍ ដោយផ្ទាល់ ពី​មូលដ្ឋាន និង​ការងារ​របស់ខ្លួន លើ​ការងារ​សាធារណមតិ និង​ផ្សព្វផ្សាយ​មហាជន ជាពិសេស​ក្នុង​បរិបទ​ឌីជីថល​។​

​គោលបំណង​នៃ​ការរៀបចំ​សិក្ខាសាលា នាពេលនេះ គឺៈ (១) ដើម្បី​ធ្វើ​បច្ចុប្បន្នភាព ស្ថានភាព​នយោបាយ សេដ្ឋកិច្ច សង្គម និង​ស្វែងយល់ អំពី​តួនាទី​របស់​ការងារ​ផ្សព្វផ្សាយ និង​សាធារណៈមតិ (២) ចែករំលែក​អំពី​វិធីសាស្ត្រ​នៃ ការផ្សព្វផ្សាយ​មហាជន ក្នុង​បរិបទ​ឌីជីថល (៣) បង្កើត​ឱកាស​ជួបជុំ និង​ពង្រីក​ការទំនាក់ទំនង ជាមួយ​អង្គការ ចាត់តាំង និង​យន្តការ​ផ្សព្វផ្សាយ​នានា របស់​គណបក្ស ជាពិសេស​ដើម្បី​ពង្រឹង​ប្រសិទ្ធភាព ភាព​ប្រទាក់ក្រឡា​គ្នា ទាំង​យន្តការ​នានា នៅ​ថ្នាក់កណ្តាល និង​រវាង​ទំនាក់ទំនង រវាង​យន្តការ​ថ្នាក់កណ្តាល ជាមួយ​ថ្នាក់មូលដ្ឋាន និង (៤) បង្កើត​ឱកាស​បាន​រៀនសូត្រ ពីគ្នា​ទៅវិញទៅមក ដកស្រង់​ទស្សនៈ​ចែករំលែក​បទពិសោធន៍ និង​ស្វែងយល់​ពី ការផ្សព្វផ្សាយ នៅតាម​មូលដ្ឋាន​នីមួយៗ និង​ពី​តម្រូវការ ៕/V​