​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ កងទ័ពអាកាស​ចិន​កំពុង​បញ្ជូន​យន្តហោះ​ចម្បាំង​និង​យន្តហោះ​ទម្លាក់​គ្រាប់បែក​មក​កាន់​ប្រទេស​ថៃ​សម្រាប់​សមយុទ្ធ​រួមគ្នា​ជាមួយ​យោធា​ថៃ​នៅ​ថ្ងៃអាទិត្យ​​ទី​១៤​សីហា​។​

​ក្រសួង​ការពារ​ជាតិចិន​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​បាន​បង្ហោះ​នៅលើ​វេបសាយ​របស់​ខ្លួន​ថា ការហ្វឹកហ្វឺន​នឹង​រួមបញ្ចូល​ការគាំទ្រ​ផ្លូវអាកាស ការវាយប្រហារ​លើ​គោលដៅ​ដី​គោក និង​ការ​ដាក់​ពង្រាយ​កងទ័ព​ទាំង​ទ្រង់ទ្រាយ​តូច​និង​ធំ​។​

​ការពង្រីក​សកម្មភាព​យោធា​របស់​ចិន​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​បាន​ធ្វើឱ្យ​សហរដ្ឋ​អាម៉េរិក​និង​សម្ពន្ធមិត្ត​មាន​ការព្រួយបារម្ភ​ហើយ​បង្កើតបានជា​ផ្នែក​មួយ​នៃ​ការ​ប្រជែង​ផ្នែក​យុទ្ធសាស្ត្រ​និង​សេដ្ឋកិច្ច​​ខ្លាំង​ឡើង ដែល​ធ្វើឱ្យ​មាន​ភាព​តានតឹង​រវាង​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​ជាង​គេ​ទាំង​ពីរ​។​

​រដ្ឋមន្ត្រី​ការពារជាតិ​អាម៉េរិក​លោក ឡយ អូ​ស្ទីន បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ថៃ​កាលពី​ខែមិថុនា ជា​ផ្នែក​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ពង្រឹង​នូវ​អ្វី​ដែល​លោក​ហៅថា​”​បណ្តាញ​សម្ពន្ធភាព​និង​​ភាព​ជា​ដៃគូ​មិន​អាច​ប្រៀបផ្ទឹម​បាន​” របស់​អាម៉េរិក​នៅក្នុង​តំបន់​។​

​សមយុទ្ធ Falcon Strike នឹង​ធ្វើឡើង​នៅ​មូលដ្ឋាន​ទ័ពអាកាស​អ៊ូ​ដន​ភូមិន្ទ​ថៃ​នៅ​ភាគ​ខាងជើង​ប្រទេស​ថៃ​ក្បែរ​ព្រំដែន​ជាមួយ​ឡាវ​។ យន្តហោះ​ចម្បាំង​និង​យន្តហោះ​ផ្តល់​សញ្ញា​ព្រមាន​ពី​អាកាស​ជា​មុន​មក​ពី​ប្រទេស​ទាំង​ពីរ​ក៏​នឹង​ចូលរួម​ផង​ដែរ​។​

​ការហ្វឹកហ្វឺន​នេះ​ធ្វើឡើង​នៅពេល​ដែល​សហរដ្ឋ​អាម៉េរិក​កំពុង​ហ្វឹកហាត់​ប្រយុទ្ធ​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​ជាមួយ​ឥណ្ឌូនេស៊ី អូស្ត្រាលី ជប៉ុន និង​សិង្ហ​បុរី​ក្នុងការ​ធ្វើ​សមយុទ្ធ Super Garuda Shield ដ៏​ធំ​បំផុត ចាប់តាំងពី​សមយុទ្ធ​នេះ​បាន​ចាប់ផ្តើម​ក្នុង​ឆ្នាំ ២០០៩​។​

​វា​ក៏​ធ្វើ​ឡើង​ផង​ដែរ​បន្ទាប់​ពី​ចិន​បាន​បញ្ជូន​នាវាចម្បាំង កាំជ្រួច​និង​យន្តហោះ​ចូលទៅ​ក្នុង​ដែនទឹក​និង​ដែនអាកាស​ជុំវិញ​កោះ​តៃវ៉ាន់​ក្នុង​ការឆ្លើយតប​យ៉ាង​គំរាមកំហែង​ចំពោះ​ដំណើរ​ទស្សនកិច្ច​​របស់​ប្រធាន​សភា​អាម៉េរិក ណាន់​ស៊ី ផេ​ឡូ​ស៊ី ទៅ​កាន់​កោះ​ដែល​ចិន​អះអាងថា​ជា​ទឹកដី​របស់​ខ្លួន​៕

យន្តហោះ​ចម្បាំង​ចិន​នឹង​ចូលរួម​សមយុទ្ធ Falcon Strike នៅ​ថៃ​នៅ​ថ្ងៃអាទិត្យ