​ដោយ​:​សុផល​/ភ្នំពេញ​:​ ក្រេ​ឌី​ត ប្យួ​រ៉ូ ខេ​ម​បូ​ឌា (CBC) និង​ សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា (CGCC) នៅ​ថ្ងៃទី​១១​ ខែសីហា បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ យោគយល់ ដើម្បី​លើកស្ទួយ​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ​សម្រាប់​សហគ្រិន​ស្ត្រី និង​សហគ្រាស​ខ្នាតតូច​និង​មធ្យម (SMEs) តាមរយៈ​យន្តការ​គាំទ្រ​នៃ​គម្រោង​ធានា​ឥណទាន​របស់ CGCC និង​ការអនុវត្ត​នៃ​ការវិភាគ​ទិន្នន័យ​ក្នុងការ​សម្រេចចិត្ត​លើ​ការផ្តល់​ឥណទាន​ពី​សំណាក់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ទូទាំងប្រទេស​កម្ពុជា​។

​កិច្ចសហប្រតិបត្តិការ​រវាង CBC​និង​CGCC នឹង​ពង្រីក​លទ្ធភាព ទទួលបាន​ឥណទាន ដោយ​ផ្តល់នូវ​ការវាយតម្លៃ​កម្ចី កាន់តែ​ប្រកបដោយ​តម្លាភាព ដល់​សហគ្រិន​ស្ត្រី និង SMEs​។

​ក្នុងនាម​ជា​ក្រុមហ៊ុន​ចែករំលែក​ពត៌មាន​ឥណទាន​តែមួយគត់​នៅក្នុង​ប្រទេស​កម្ពុជា CBC ផ្តល់នូវ​ព័ត៌មាន​ប្រវត្តិ​ឥណទាន​ដែល​ផ្សារភ្ជាប់​ព័ត៌មាន​អ​សមប្បមាណ​រវាង​អ្នក​ខ្ចី និង​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ដែល​កាត់​បន្ថយថ្លៃ​ចំណាយ​ប្រតិបត្តិការ​នៃ​ការផ្តល់​កម្ចី និង​ការលើកកម្ពស់​លទ្ធភាព​ទទួលបាន​ហិរញ្ញប្បទាន​។ ជាច្រើន​ឆ្នាំ​មកនេះ ការ ផ្តល់​របាយការណ៍​ឥណទាន​របស់ CBC និង​ដំណោះស្រាយ​វិភាគ​ទិន្នន័យ​ផលប​ត្រ បាន​បន្ធូរបន្ថយ​ឧបសគ្គ​លើ​ឥណទាន សម្រាប់​ប្រជាជន​កម្ពុជា​ជាច្រើន និង គ្រប់គ្រង​ហានិភ័យ​ឥណទាន​ទូទាំង​វិស័យ​ហិរញ្ញវត្ថុ​។ តួនាទី​របស់ CBC ដែលជា​ហេដ្ឋារចនាសម្ព័ន្ធ​ហិរញ្ញវត្ថុ​មាន​សារៈសំខាន់​ក្នុង​ការរក្សា​ស្ថិរភាព​ហិរញ្ញវត្ថុ​របស​ប្រទេស​កម្ពុជា​។​

CGCC ផ្តល់​ការធានា​ឥណទាន​លើក​ម្ចី​ដែល​ផ្តល់​ដោយ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ចូលរួម ដើម្បី​គាំទ្រ​ដល់​ក្រុមហ៊ុន ឬ​អាជីវកម្ម​ដែលមាន​លទ្ធភាព​សង​តែ​ខ្វះ​ទ្រព្យ​បញ្ចាំ​ពេល​ដាក់​ស្នើ​កម្ចី​។ ជាពិសេស​នៅក្នុង​បរិបទ​នៃ​ការប៉ះពាល់​ដល់​សេដ្ឋកិច្ច​ដោយសារ​វិបត្តិ​កូ​វីដ​១៩ ការគាំទ្រ​ពី CGCC​បាននិងកំពុង​បន្ត​ចូលរួមចំណែក​ដល់​ការ​ងើប ឡើង​វិញ​នៃ​កំណើនសេដ្ឋកិច្ច ជំរុញ​ការផ្តល់​ឱកាស​ការងារ និង​ស្ថិរភាព​សេដ្ឋកិច្ច​។

​លោក អឿ សុធា​រ័ត្ន ប្រធាន​នាយក​ប្រតិបត្តិ CBC មានប្រសាសន៍​ឱ្យដឹងថា​៖“​កិច្ចសហការ​នេះ​គឺជា​សមិទ្ធផល​ដ៏​សំខាន់​មួយ​ក្នុងការ​លើកកម្ពស់​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ​សម្រាប់​សហគ្រិន​ស្ត្រី និង​ម្ចាស់​សហគ្រាស​ខ្នាតតូច និង​មធ្យម ក៏ដូចជា​ការធានា​នូវ​វិធីសាស្ត្រ​ប្រកបដោយ​តម្លាភាព ទំនុកចិត្ត និង​ការបញ្ចូល​ទិន្នន័យ​សម្រាប់​បង្កើត​នូវ​លទ្ធភាព​ទទួលបាន​ហិរញ្ញប្បទាន​សម្រាប់​ពួកគាត់​។ កិច្ចសហការ​រវាង CBC និង CGCC នឹង​អាច​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ហិរញ្ញវត្ថុ​របស់​យើង​និង​សម្រួល​ដល់​តម្រូវការ​នៃ​ការគាំទ្រ​បន្ថែម​ជាច្រើន​ដល់ SMEs”​។​

​លោក Wong Keet Loong អគ្គនាយក CGCC ក៏បាន​គូសបញ្ជាក់​ឱ្យដឹង​ផងដែរ​ថា ៖ “​ជាមួយនឹង​អនុស្សរណៈ​នៃ​ការយោគយល់​នេះ CGCC​នឹង​អាចបង្កើត​ទម្រង់​ឥណ ទាន​នៃ​កម្ចី​ដែលមាន​ការធានា​ដោយ​ប្រើ ពិន្ទុ ខេ ស្ករ (K-Score) របស់ CBC ជា​ឯកសារយោង​សម្រាប់​ការវាយតម្លៃ​ឥណទាន​របស់​អ្នក​ខ្ចី​ដែលមាន​ការធានា​របស់​យើង​។ នៅពេលដែល​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចូលរួម (PFIs)រាយការណ៍​ពី​ការផ្តល់​កម្ចី​ដែលមាន​ការធានា​នៅក្នុង​របាយការណ៍​ប្រចាំខែ​របស់​ពួកគេ​ទៅកាន់ CBC ទិន្នន័យ​នេះ​នឹង មាន​ប្រយោជន៍​ក្នុងការ​ចាប់យក​ទម្រង់​របស់​អ្នក​ខ្ចី​ដែលជា SMEs នៅ​កម្ពុជា ដែល​ទទួលបាន​កម្ចី​មានការ​ធានា​។ វា​នេះ​នឹង​ជួយ​សម្រួល​បន្ថែមទៀត​ដល់​លទ្ធភាព​ទទួល បាន​ហិរញ្ញប្បទាន​សម្រាប់ SMEs”​។

​ខណៈដែល​វា​ជា​កាតព្វកិច្ច​ចាំបាច់​របស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដែលជា​អ្នកផ្តល់​កម្ចី ក្នុងការ​ត្រួតពិនិត្យរ​បាយ​ការណ៍​ឥណទាន​របស់​អ្នក​ខ្ចី​ពី​ប្រព័ន្ធ​ចែករំលែក​ពត៌មាន​ឥណទាន CBC សម្រាប់​ការវាយតម្លៃ​កម្ចី ដូច្នេះ CGCC និង CBC នឹង​សហការគ្នា​ដើម្បីឱ្យ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល ការរាយការណ៍​កម្រិត​ខ្ពស់ និង​ឧបករណ៍​វិភាគ​ទិន្នន័យ​ពី CBC ដើម្បី​ធ្វើការ​វាយតម្លៃ​អំពី​ហានិភ័យ​ជាក់លាក់​របស់​អ្នក​ខ្ចី និង​តាមដាន​អំពី​ការប្រើប្រាស់​កម្ចី​របស់​ពួកគេ​ផងដែរ​។ តាមរយៈ​កិច្ចសហប្រតិ បត្តិការ​នេះ​ផងដែរ CGCC និង CBC ប្តេជ្ញា​សហការគ្នា​កសាង​នូវ​សកម្មភាព​បង្កើន​ការយល់ដឹងនិង​លើកកម្ពស់​ចំណេះដឹង​ហិរញ្ញវត្ថុនិង​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ នៅក្នុង​ប្រទេស​កម្ពុជា​៕ Ph