ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ តំបន់​ជាច្រើន​ក្នុង​ប្រទេស​ចិន​រួមមាន​ទីក្រុង​ចុង​គី​ញ​(Chongqing )​កំពុង​ជួប​អាកាសធាតុ​ក្តៅ​ចង់​ឆេះ គឺ​ហួស​៤០​អង្សា​សេ​កាលពី​ថ្ងៃ​សៅរ៍​ទី​១៣​សីហា នៅពេល​ផ្នែក​​ឧតុនិយម​របស់​ប្រទេស​បន្ត​ព្រមាន​សីតុណ្ហភាព​ខ្ពស់​ក្នុងកំរិត​ក្រហម​​។​

​នៅ​ខេត្ត​ជេ​ជៀង​(Zhejiang) ដែល​ជា​ជម្រក​រោងចក្រ​និង​ក្រុមហ៊ុននាំចេញ​ដ៏​ច្រើន មន្ត្រី​ឧតុនិយម​ម្នាក់​បាន​និយាយថា ​ខេត្ត​ភាគ​ខាងកើត​មួយ​នេះ​ជួប​សីតុណ្ហភាព​ខ្ពស់​បំផុត​មិន​ដែល​ជួប​​ពីមុន គឺ​សីតុណ្ហភាព​៣៥​អង្សា​សេ​ចំនួន​៣១​ថ្ងៃ និង​៣៨​អង្សា​សេ​ចំនួន​១៦​ថ្ងៃ​។​

​រួម​ជាមួយ​ទីក្រុង​ចុង​គី​ញ ដែល​កំដៅ​ឡើងដល់​៤២,១​អង្សា​សេ​នៅ​ថ្ងៃ​សៅរ៍​ទី​១៣​សីហា ខេត្ត​ហ៊ូ​ប៉ី ហ៊ូ​ណាន សាន់​ទុង អាន​អ៊ូយ ស៊ីន​ជាំ​ង ជាំ​ង​ស៊ី​និង​ហ្វ៊ុយ​ជៀន រួម​ទាំង​តំបន់​ខ្លះ​ទៀត​សុទ្ធតែ​មាន​សីតុណ្ហភាព​៣៥​អង្សា​សេ​ឡើង​។​

​ភ្លៀង​ផ្គរ​ទំនង​ជា​ជួយ​មិន​អោយ​សីតុណ្ហភាព​នៅ​ទីក្រុង​សៀង​ហៃ​ឡើង​ហួស​កំរិត​ឯតទគ្គ​កម្ម​របស់​វា ៤០,៩​អង្សា​សេ​នៅ​ថ្ងៃ​សៅរ៍ តែ​អ្នក​ក្រុង​២២​លាន​នាក់​នាក់​របស់​វា​ហាក់​នៅ​ល្ហិតល្ហៃ​ពី​ការវាយប្រហារ​ដោយ​​រលក​កំដៅ​បច្ចុប្បន្ន​។​

​អ្នកក្រុង​អាយុ​៧០​ឆ្នាំ​ម្នាក់​បាន​និយាយថា​«​វា​ហាក់ដូចជា​នៅក្នុង​បន្ទប់​ស្ទីម វា​ពិតជា​ក្តៅ​។​សូម្បី​តែ​អ្នក​មិន​ចេញ​ដើរ​ទៅ​ខាងក្រៅ ក៏​អ្នក​នៅ​តែ​បែក​ញើស​»​។​

​កាលពី​សប្តាហ៍​មុន ការិយាល័យ​អាកាសធាតុ​របស់​ចិន​បាន​ព្រមាន​ថា សីតុណ្ហភាព​ដី​ជា​មធ្យម​ក្នុង​ប្រទេស​បាន​កើនឡើង​លឿន​ជាង​កំណើន​សីតុណ្ហភាព​ដីជា​មធ្យម​នៅ​ទូទាំង​ពិភពលោក​ហើយវា​នឹង​បន្ត​​កើន​ឡើង​នៅ​ពេល​អនាគត​៕

តំបន់​ជាច្រើន​ក្នុង​ប្រទេស​ចិន​រួមមាន​ទីក្រុង​ចុង​គី​ញ​កំពុង​ជួប​អាកាសធាតុ​ក្តៅ​ចង់​ឆេះ