បន្ទាប់ពី​ផ្ទុះ​ការតវ៉ា​! ក្រុមហ៊ុន ហេង អភិវឌ្ឍន៍ ស្នើ​បើក​វេទិកាសាធារណៈ​ដើម្បី​ដោះស្រាយ​ទំនាស់​ដីធ្លី​ជាមួយ​ប្រជាពលរដ្ឋ​

1306
ចែករម្លែក

ដោយ : មុនី​រ័ត្ន / ភ្នំពេញ ៖ លោកស្រី សៀង ចាន់​ហេង ប្រធាន​ក្រុមហ៊ុន ហេង អភិវឌ្ឍន៍ បានដាក់​លិខិត​ទៅ​លោក​ទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ កាលពី​រសៀល​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៨ ស្នើសុំ​បើក​វេទិកាសាធារណៈ​ដើម្បី​ដោះស្រាយ​ទំនាស់​ដីធ្លី​ជាមួយ​ប្រជាពលរដ្ឋ​ចំនួន​២៩២​គ្រួសារ ដែល​បាន​ប្តឹង​ចោទប្រកាន់​ក្រុមហ៊ុន ហេង អភិវឌ្ឍន៍​រំលោភ​យក​ដី​។

​លោកស្រី សៀង ចាន់​ហេង បានបញ្ជាក់​ប្រាប់​រស្មី​កម្ពុជា នៅ​រសៀល​ថ្ងៃទី​២៥ ខែមិថុនា ថា លោកស្រី​បានដាក់​លិខិត​នេះ ជូន​លោក​ទេសរដ្ឋមន្ត្រី ជា សុផារ៉ា រួចហើយ​នៅ​រសៀល​នេះ ប៉ុន្តែ​នៅ​មិនទាន់​មានការ​ឆ្ល​យ​តប​នៅឡើយ​ទេ​។​

​ការដាក់​លិខិត​ស្នើសុំ​បើក​វេទិកាសាធារណៈ​ ដើម្បី​ដោះស្រាយ​ទំនាស់​ដីធ្លី​ជាមួយ​ប្រជាពលរដ្ឋ គឺ​បន្ទាប់ពី​ប្រជាពលរដ្ឋ​ប្រមាណ​ជា​៥០​នាក់ តំណាង​ប្រជាពលរដ្ឋ​ចំនួន​២៩២​គ្រួសារ រស់នៅ​សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ និង​ឃុំ​ក​ណ្តោ​ក ឃុំ​ជើង​កើប ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែមិថុនា បានដាក់​ញ្ញត្តិ​ជូន​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ធ្វើ​អន្តរាគមន៍​ករណី​ទំនាស់​ដីធ្លី​៤៥០​ហិកតា និង​សុំ​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​បញ្ចប់​ជា​ស្ថាពរ​ដល់​ប្រជាពលរដ្ឋ​ចំនួន​២៩២​គ្រួសារ​។ ពីព្រោះ​អាជ្ញាធរ​បាន​ផ្អាក​ការផ្តល់​ប័ណ្ណកម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ ព្រោះតែ​ក្រុមហ៊ុន ហេង អភិវឌ្ឍន៍ បាន​តំ​លោភ​លើដី​នេះ​។​

​នៅក្នុង​លិខិត លោកស្រី សៀង ចាន់​ហេង បាន​ជម្រាបជូន​លោក​ទេសរដ្ឋមន្ត្រី ជា សុផារ៉ា ថា​កាលពី​ថ្ងៃទី​២១ និង​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៨ មាន​ប្រជាពលរដ្ឋ​មួយចំនួន​តំណាង​ឲ្យ​២៩២​គ្រួសារ បានដាក់​បណ្តឹង​នៅ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ដាក់​ញ្ញត្តិ​ទៅ​សម្តេចនាយក​រដ្ឋមន្ត្រី ដោយបាន​ចោទប្រកាន់​ក្រុមហ៊ុន ហេង អភិវឌ្ឍន៍​រំលោភ​យក​ដី​របស់​ពួកគាត់​។ ក្នុង​រឿងនេះ​ដើម្បី​ផ្តល់នូវ​យុត្តិធម៌​ជូន​ដល់​ប្រជាពលរដ្ឋ​ទាំង​២៩២​គ្រួសារ ក៏ដូចជា​ផ្តល់​យុត្តិធម៌​ដល់​ក្រុមហ៊ុន លោកស្រី​សុំ​ការអនុញ្ញាត​ពី​លោក​ទេសរដ្ឋមន្ត្រី ជា សុផារ៉ា មេត្តាជួយ​បើក​វេទិកាសាធារណៈ ដើម្បី​រក​ឲ្យ​ឃើញ និង​បញ្ជាក់​ការពិត​ថា ក្រុមហ៊ុន​របស់លោក​ស្រី ពិតជា​បាន​រំលោភ​យក​ដី​ប្រជាពលរដ្ឋ​ដូចខាងលើ​មែន​ឬទេ ហើយ​ប្រសិនបើ​ការពិត​បញ្ជាក់ថា មានការ​រំលោភ​យក​ដី​មែន​នេះ លោកស្រី​សុខចិត្ត​ប្រគល់​ដី​ជូនទៅ​ប្រជាពលរដ្ឋ​ទាំងអស់​វិញ ព្រមទាំង​ហ៊ាន​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់ ប៉ុន្តែ​បើ​រកឃើញថា ករណី​ខាងលើ​មិនមែនជា​ការពិត ហើយ​ជា​ករណី​ប្តឹង​មួក​បង្កាច់​កេរ្តិ៍ ទម្លាក់កំហុស​ដោយ​អសុចិ​ត្ត ដែល​ក្រុមហ៊ុន​មិនបាន​រំលោភ​យក​ដី​របស់​ពួកគាត់​ទេនោះ សូម​លោក​ទេសរដ្ឋមន្ត្រី​ផ្តល់នូវ​កិត្តិយស​សេចក្តីថ្លៃថ្នូរ​ចំពោះ​លោកស្រី​វិញ និង​សូម​ឲ្យ​ចាត់វិធានការ​ផ្លូវច្បាប់​។​

​ទាក់ទង​ការស្នើ​នេះ លោក​ទេសរដ្ឋមន្ត្រី ជា សុផារ៉ា មិនអាច​សុំ​ការទំនាក់ទំនង​បានទេ ដោយ​អ្នក​លើក​ទូរស័ព្ទ​ថា លោក​រដ្ឋមន្ត្រី​ជាប់​ប្រជុំ​។ ចំណែក​លោក​សេង ឡូត អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ក៏​មិនអាច​សុំ​ការអត្ថាធិប្បាយ​បានដែរ ដោយ​ហៅ​ទូរស័ព្ទ​ចូល​ជា​ច្រើនដង​មិនមាន​អ្នកទទួល​៕​B

ទីតាំងផ្សាយពាណិជ្ជកម្ម