ដោយ​៖ ម៉េង​ឆៃ / ភ្នំពេញ​៖ នៅក្នុង​សប្តាហ៍​នេះ មាន​ហេតុការណ៍​ជាច្រើន បានកើត​ឡើង ក្នុងនោះ រួមមាន ព្រះមហាក្សត្រ បាន​ឡាយព្រះហស្តលេខា ប្រកាស​ឱ្យប្រើ​វិសោធនកម្ម ច្បាប់រដ្ឋធម្មនុញ្ញ លើក​ទី​១០ និង​សម្តេច​តេ​ជោ ហ៊ុន សែន ថ្លែង​សារ​អបអរសាទរ​ខួប ៥៥​ឆ្នាំ ថ្ងៃកំណើត​អាស៊ាន ថ្ងៃ ៨ សីហា ជាដើម​។​

១- ព្រះមហាក្សត្រ ប្រកាស​ឱ្យប្រើ​វិសោធនកម្ម ច្បាប់រដ្ឋធម្មនុញ្ញ លើក​ទី​១០ បន្ទាប់ពី​រដ្ឋសភា និង​ព្រឹទ្ធសភា អនុម័ត​ទាំងស្រុង

​ក្នុង​ព្រះរាជក្រម​របស់ ព្រះមហាក្សត្រ សម្ដេចព្រះ​បរមនាថ នរោត្តម សីហមុនី ចុះ​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០២២ ព្រះអង្គ បាន​ឡាយព្រះហស្តលេខា ប្រកាស​ឱ្យប្រើ​វិសោធនកម្ម ច្បាប់រដ្ឋធម្មនុញ្ញ លើក​ទី​១០​។ ច្បាប់​ធម្មនុញ្ញ ស្តីពី​វិសោធនកម្ម​មាត្រា ១៩​ថ្មី (​មួយ​) មាត្រា ៨៩ មាត្រា ៩៨ ថ្មី មាត្រា ១០២ ថ្មី មាត្រា ១១៩ ថ្មី (​មួយ​) និង​មាត្រា ១២៥ ថ្មី នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មាត្រា ៣​ថ្មី និង​មាត្រា ៤​ថ្មី នៃ​ច្បាប់​ធម្មនុញ្ញ បន្ថែម សំដៅ​ធានា​នូវ​ដំណើរការ​ជា​ប្រក្រតី​នៃ​ស្ថាប័ន​ជាតិ ត្រូវបាន​រដ្ឋសភា អនុម័ត នា​ថ្ងៃទី​២៨ កក្កដា ឆ្នាំ​២០២២ ហើយ​ត្រូវបាន​ព្រឹទ្ធសភា បាន​ពិនិត្យ​ចប់សព្វគ្រប់​លើ​ទម្រង់ និង​គតិ​ច្បាប់​ទាំងស្រុង កាលពី​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០២២ នា​សម័យប្រជុំ​ពេញអង្គ លើក​ទី​៩ នីតិកាល​ទី​៤​។​

២- សម្តេច​តេ​ជោ ហ៊ុន សែន ថ្លែង​សារ​អបអរសាទរ​ខួប ៥៥​ឆ្នាំ ថ្ងៃកំណើត​អាស៊ាន នៅថ្ងៃនេះ ដោយ​បន្ត​ចាត់ទុក​ការឯកភាព​គ្នា រវាង​សមាជិក​អាស៊ាន​ទាំងអស់ ជា​រឿង​សំខាន់

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​ជា​ប្រធាន​ប្តូរ​វេន ឆ្នាំ​២០២២​នេះ បាន​អញ្ជើញ​ថ្លែង​សារ អបអរសាទរ​ខួប ៥៥​ឆ្នាំ ថ្ងៃកំណើត​អាស៊ាន នៅ​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០២២ ដោយ​បន្ត​ជំ​រុញឱ្យ​សមាជិក​អាស៊ាន​ទាំងអស់ រក្សា​នូវ​ការឯកភាព​គ្នា សម្រាប់​កិច្ចសហប្រតិបត្តិការ និង​ដើម្បី​ផលប្រយោជន៍ ទៅវិញទៅមក​។ សម្រាប់​សម្តេច​ប្រធាន​អាស៊ាន ការឯកភាព​គ្នា រវាង​សមាជិក និង​សមាជិក​ទាំងអស់ របស់​អាស៊ាន នៅតែ​ជា​រឿង​សំខាន់ សម្រាប់​អនាគត​តំបន់​អាស៊ាន​ទាំងមូល​។​

៣- ពលរដ្ឋ​កម្ពុជា បង្ហាញ​ការគាំទ្រ និង​អរគុណ​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បានដាក់ ចេញ​វិធានការ​ទាន់ពេលវេលា សង្គ្រោះ​ព្រៃឈើ និង​សត្វព្រៃ នៅ​ភ្នំ​តា​ម៉ៅ

១​ថ្ងៃ ក្រោយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ប្រកាស​លុបចោល​គម្រោង អភិវឌ្ឍ​នានា នៅក្បែរ​ភ្នំ​តា​ម៉ៅ និង​បញ្ជា​ឲ្យ​ក្រុមហ៊ុន ដែល​បាន​ឈូសឆាយ បញ្ឈប់​សកម្មភាព​រប​ស់​ខ្លូន និង​ត្រូវ​ដាំ​ដើមឈើ​ឡើងវិញ ពលរដ្ឋ​កម្ពុជា ភាគច្រើនបំផុត បានបង្ហាញ​ការគាំទ្រ និង​អរគុណ សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បាន​ដាក់ចេញ​វិធានការ ទាន់ពេលវេលា​សង្គ្រោះ​ព្រៃឈើ និង​សត្វព្រៃ នៅ​តំបន់​នោះ​។ ក្រៅពី​ពលរដ្ឋ​ទូទៅ លោក​ឧកញ៉ា និង​អ្នកមាន​ទ្រព្យធន​មួយចំនួន ក៏បាន​ប្រកាស​ផ្តល់​កូនឈើ ដើម្បី​យកទៅ​ដាំ​ឡើងវិញ នៅ​តំបន់​ដែល​បាន​ឈូសឆាយ រួច​នោះ​ផងដែរ​។​

៤- រាជរដ្ឋាភិបាល កំពុង​រៀបចំ​សេចក្ដីព្រាង​ច្បាប់ ស្ដីពី ព្រៃឈើ ច្បាប់​ស្ដីពី​ជលផល និង​ច្បាប់​ស្ដីពី តំបន់ការពារធម្មជាតិ

​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ទី​៨ ខែសីហា នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង ស្ដីអំពី ការរៀបចំ​សេចក្ដីព្រាង​ច្បាប់ ស្ដីពី​ព្រៃឈើ ច្បាប់​ស្ដីពី​ជលផល និង​ច្បាប់​ស្ដីពី តំបន់ការពារធម្មជាតិ​។ ការរៀបចំ​សេចក្ដីព្រាង​ច្បាប់ ទាំង ៣​នេះ មាន​គោលដៅ ធ្វើឱ្យ​ស្របតាម​បន្ទាត់ កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ដើម្បី​ជំរុញ និង​លើកកម្ពស់ ការទទួលខុសត្រូវរ​បស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​ប្រជាពលរដ្ឋ ក្នុងការ​ការពារ ការអភិរក្ស និង​ការអភិវឌ្ឍ​ធនធានធម្មជាតិ ប្រកបដោយ​ប្រសិទ្ធភាព និង​និរន្តរភាព នៅ​កម្ពុជា​។​

៥- អភិបាល​រាជធានី​ភ្នំពេញ បញ្ជា​ឱ្យ​បិទ​ដេប៉ូ​ខ្សាច់ ៤​ទីតាំង ក្នុង​ខណ្ឌមានជ័យ ក្រោយពី​បង្ក​ផលប៉ះពាល់ ដល់​ផ្លូវ និង​អ្នកដំណើរ

​កាលពី​ថ្ងៃទី​៨ ខែសីហា អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង បាន​បញ្ជា​ឱ្យ បិទ​ដេប៉ូ​ខ្សាច់​ចំនួន ៤​ទីតាំង នៅតាម​កំណាត់​ផ្លូវជាតិ​លេខ​២ ក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម និង​សង្កាត់​ចាក់អង្រែលើ ក្នុង​ខណ្ឌមានជ័យ ក្រោយពី​បាន​បង្ក​ផលប៉ះពាល់​ដល់​ផ្លូវ និង​អ្នកដំណើរ​។ អាជ្ញាធរ​រាជធានី​ភ្នំពេញ ធ្លាប់បាន​ណែនាំ និង​ធ្វើ​កិច្ចសន្យា​ជាច្រើនលើក ច្រើនសា​រួចមកហើយ ដោយ​ឱ្យ​ម្ចាស់​ដេប៉ូ លាង​សម្អាត និង​កើប​ដី​លើផ្លូវ​ចេញ ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់ ដល់​បញ្ហា​សុខភាព និង​សុវត្ថិភាព​ពេលធ្វើ​ដំណើរ ប៉ុន្តែ​នៅតែ​អនុវត្ត​មិនបាន​ល្អ​។​

៦-​ក្រសួង​ធនធានទឹក ប្រាប់​ឱ្យ​ពលរដ្ឋ ប្រុងប្រយ័ត្ន​ខ្ពស់ ខណៈ​ទឹកទន្លេ នឹង​ហក់​ឡើង​ខ្លាំង ដែល​អាច​ប្រឈម​នឹង​ទឹកជំនន់​

​កាលពី​ថ្ងៃទី​៩ ខែសីហា ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ជូនដំណឹង​ស្តីពី ស្ថានភាព​ទឹកទន្លេ​មេគង្គ ជាពិសេស តាម​ដង​ទន្លេសេកុង ទន្លេសេសាន និង​ទន្លេស្រែពក នៅ​ភូមិភាគ​ឦសាន ដែល​ទឹកទន្លេ កំពុង​ហក់​ឡើង ហើយ​អាច​ប្រឈម​នឹង​ទឹកជំនន់​។ ក្រសួង ក៏បាន​ជូនដំណឹង​មួយ​ទៀតថា ផ្នែក​ខ្លះ ក្នុងភូមិ​សាស្ត្រ​ខេត្តកោះកុង និង​ខេត្ត​ព្រះសីហនុ អាច​ប្រឈម​នឹង​ទឹកជំនន់​ទឹកភ្លៀង ក្នុង​សប្តាហ៍​នេះ​។ ការ​ព្យាករ​នេះ បានធ្វើ​ឡើង ខណៈដែល​ប្រទេស​កម្ពុជា​យើង ទទួលរង​ឥទ្ធិពល​ពី​ជ្រលង​នៃ ប្រព័ន្ធ​សម្ពាធ​ទាប និង​ឥទ្ធិពល​ព្យុះ​ទី​៧ ឈ្មោះ មូ​ឡេ​ន (MULAN) បង្កឱ្យមាន​ព្យុះភ្លៀង នៅក្នុង​សប្តាហ៍​នេះ​។​

៧-​មេការ​សំណង់​ម្នាក់ ស្លាប់ និង​កម្មករ​ម្នាក់ទៀត រងរបួស​ធ្ងន់ ក្នុង​ឧបទ្ទវហេតុ បាក់​យ៉ ផ្ទះ​វីឡា​មួយកន្លែង ក្នុង​ខណ្ឌ​សែន​សុខ

​មេការ​សំណង់​ម្នាក់ បាន​ស្លាប់ និង​កម្មករ​ម្នាក់ទៀត រងរបួស​ធ្ងន់ ក្នុង​ឧបទ្ទវហេតុ បាក់​យ៉​ផ្ទះ​វីឡា​មួយកន្លែង ដែល​កំពុងដំណើរការ​សាងសង់​។ ហេតុការណ៍​នេះ បានកើត​ឡើង នៅ​ភូមិ​រោង​ទាវ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​ប្រមាណ​ជាង ៩​ព្រឹក ថ្ងៃទី​១០ ខែសីហា​។

៨-​សម្តេច​តេ​ជោ ហ៊ុន សែន សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត និង​សាច់ញាតិ អញ្ជើញ​ប្រារព្ធ​ពិធី បុណ្យខួប ១០០​ថ្ងៃ បងប្រុស

​កាលពី​ថ្ងៃទី​១១ ខែសីហា សម្តេច​តេ​ជោ ហ៊ុន សែន សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ភរិយា លោកជំទាវ លាង វួ​ច​ឆេង ហ៊ុន​ណេង កូនចៅ និង​ញា​ត្តិ​មិត្ត បាន​អញ្ជើញ​ប្រារព្ធ​ពិធី បុណ្យ​គម្រប់​ខួប ១០០​ថ្ងៃ​សម្តេច ហ៊ុន ណេង តាម​ប្រពៃណី ព្រះពុទ្ធសាសនា​។ កម្មវិធី​បុណ្យ​នេះ រៀបចំ​ធ្វើ​នៅ​ភូមិ​គ្រិះ​សម្តេច ហ៊ុន ណេង នៅ​ក្រុង​កំពង់ចាម ខេត្តកំពង់ចាម​។ នៅមុន​ពិធីបុណ្យ​ទក្ខិណានុប្បទាន សម្តេច​តេ​ជោ ហ៊ុន សែន សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ភរិយា និង​សាច់ញាតិ​នៃ​សព​សម្តេច ហ៊ុន ណេង ក៏បាន​រៀបចំ​ពិធី តាមបែប​សាសនា​ដាច់ដោយឡែក​មួយទៀត នៅ​ទីសក្ការៈ​ចេតិយ​តម្កល់សព​សម្តេច ហ៊ុន ណេង ដែលមាន​ទីតាំង​ស្ថិតនៅ​រមណីយដ្ឋាន​ភ្នំ​ប្រុស ក្នុងភូមិ​អណ្តូងច្រុះ ឃុំ​អំពិល ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ។​

៩-​សម្តេច​តេ​ជោ ហ៊ុន សែន អំពាវនាវ កុំអោយ​ពលរដ្ឋ ចាញ់បោក​ជនខិលខូច ដែល​យក​រូបថត​សម្តេច និង​ភរិយា បង្កើត​តេ​លេ​ក្រាម​ក្លែងក្លាយ​

​កាលពី​ថ្ងៃទី​១២ ខែសីហា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានធ្វើការ​អំពាវនាវ កុំឱ្យ​ពលរដ្ឋ​កម្ពុជា ចាញ់បោក​ជនខិលខូច ដែល​បាន​យក​រូបថត​សម្តេច និង​ភរិយា បង្កើតជា​តេ​លេ​ក្រាម​ក្លែងក្លាយ​។ សម្តេច​តេ​ជោ បាន​បន្តថាៈ តេ​លេ​ក្រាម​ក្លែងក្លាយ​នោះ ប្រើ​ឈ្មោះថា «HUN SEN» ដោយមាន​រូបថត​សម្តេច​ថត selfie ជាមួយ​សម្តេច​ភរិយា នៅ​ថ្ងៃ​ខួបកំណើត ថ្មីៗ​នេះ​។ សម្តេចនាយក​រដ្ឋមន្ត្រី តាមរយៈ​សំណេរ នៅលើ​ហ្វេ​ស​ប៊ុ​ក​ដដែល ក៏បាន​ដាស់តឿន និង​ព្រមាន​ឱ្យ ជនអនាមិក​នោះ ប្រញាប់​លុបចោល​តេ​ឡេ​ក្រាម​ក្លែងក្លាយ​នោះ​ចេញ បើ​មិន​ដូច្នោះ​ទេ នឹង​ប្រឈមមុខ​នឹង​ការទទួលខុសត្រូវ ចំពោះ​ច្បាប់​។​

១០- កម្ពុជា ធ្វើ​សន្និសីទកាសែត ឆ្លើយតប​របាយការណ៍ សហរដ្ឋអាមេរិក ជុំវិញ​ស្ថានភាព នៃ​ការជួញដូរ​មនុស្ស នៅ​កម្ពុជា​

​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ទីស្តីការគណៈរដ្ឋមន្ត្រី កាលពី​ព្រឹក​ថ្ងៃទី​១២ ខែសីហា បានរៀបចំ​ធ្វើ​សន្និសីទកាសែត ស្តីពី​ស្ថានភាព​នៃ ការជួញដូរ​មនុស្ស​នៅ​កម្ពុជា​។ សន្និសីទកាសែត​នេះ ដើម្បី​ឆ្លើយតប​អោយទាន់​សភាពការណ៍ ដែល​សហរដ្ឋអាមេរិក បាន​សរសេរ ក្នុង​របាយកាណ៍​ប្រចាំឆ្នាំ ដែល​បាន​ទម្លាក់​កម្ពុជា ឱ្យ​ស្ថិតក្នុង​ចំណាត់ថ្នាក់ លេខ​៣ ដែល​មានន័យ​ស្មើនឹង​កម្ពុជា មិនបាន​ធ្វើ​អ្វី​សោះ ជុំវិញ​ការជួញដូរ​មនុស្ស​៕/V​